ម៉េចបាន ដួង ម៉ានិច ហ៊ានហៅ ទេព រិនដារ៉ូ ថាលោកប្ដីពេញៗមាត់?
- 2020-04-28 02:35:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉េចបាន ដួង ម៉ានិច ហ៊ានហៅ ទេព រិនដារ៉ូ ថាលោកប្ដីពេញៗមាត់?
ចន្លោះមិនឃើញ
កញ្ញា ដួង ម៉ានិច បានហៅតារាសម្ដែងជើងចាស់ លោក ទេព រិនដារ៉ូ ថាលោកប្ដីពេញៗមាត់ ដែលធ្វើឲ្យប្រិយមិត្តខ្លះងឿងឆ្ងល់ ថាតើនេះគឺជាពាក្យស្នេហាពិតក្រៅឆាករបស់តារាសម្ដែងទាំងពីរ ឬយ៉ាងណា?
ក្នុងថ្ងៃខួបកំណើតរបស់លោក ទេព រិនដារ៉ូ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កញ្ញា ដួង ម៉ានិច ក៏បានបង្ហោះសារជូនពរលោក ទេព រិនដារ៉ូ តាមហ្វេសប៊ុកផ្ទាល់ខ្លួនដោយប្រើពាក្យលោកប្ដីនេះដែរ ហើយមានភ្ជាប់នូវរូបថតកៀកកើយចំនួនបីសន្លឹកទៀតផង។
ពាក្យ "លោកប្ដី" ដែលតារាសម្ដែងល្បីឈ្មោះ ដួង ម៉ានិច ប្រើជាមួយលោក ទេព រិនដារ៉ូ នៅពេលនេះ ត្រូវបានម្ចាស់ខ្លួនបកស្រាយថា លោក ទេព រិនដារ៉ូ បានក្លាយជាប្ដីរបស់នាងបីដងរួចមកហើយ ប៉ុន្តែប្ដី-ប្រពន្ធនោះ គឺនៅក្នុងរឿងតែប៉ុណ្ណោះ ហើយកញ្ញាតែងតែឲ្យតម្លៃ និងគោរពស្រឡាញ់លោកដូចបងប្រុសក្នុងនាមរៀមច្បងសិល្បៈ។
ដួង ម៉ានិច៖ "ទើប ៤ឆ្នាំចុងក្រោយនេះ ខ្ញុំមានឱកាសបានថតរឿងជាមួយបងរ៉ូ ខ្ញុំសប្បាយចិត្តខ្លាំង ព្រោះខ្ញុំទទួលបានបទពិសោធន៍ថ្មីៗពីគាត់។ គាត់ជាប្ដីខ្ញុំក្នុងរឿងច្រើនហើយ ហើយខ្ញុំក៏ហៅគាត់ថាលោកប្ដីទៅ"។
សូមរំលឹកថា តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ មានវ័យជិត៦០ឆ្នាំហើយ រីឯកញ្ញា ដួង ម៉ានិច មានវ័យ២៩ឆ្នាំ។ តារាសម្ដែងដែលមានភាពល្បីល្បាញទាំងពីរដួងនេះ មិនទាន់មើលឃើញដៃគូជីវិតពិតនៅឡើយទេ។
បើនិយាយទៅ កញ្ញា ដួង ម៉ានិច បានសម្ដែងជាតួអង្គឯកប្ដី-ប្រពន្ធជាមួយលោក ទេព រិនដារ៉ូ បីរឿងហើយ។ រឿងទី១ គឺរឿង"ពស់កេងកង"ក្នុងឆ្នាំ២០១៦ រឿងទី២ គឺរឿង"ភ្លើង"ក្នុងឆ្នាំ២០១៨ និងរឿងទី៣ ដែលកញ្ញា ដួង ម៉ានិច មិនទាន់អាចប្រាប់ចំណងជើងបាននៅឡើយ នឹងបញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN ក្នុងឆ្នាំ២០២០ នេះ៕