រមណីយដ្ឋានធម្មជាតិរលុះធំ ត្រូវបានរៀបចំឡើងឱ្យទៅជាតំបន់ទេសចរនៅលើជួរភ្នំដងរែក

  • 2020-04-29 03:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បាន​បង្ហាញ​ពី​ទីតាំងរមណីយដ្ឋានធម្មជាតិរលុះធំ ត្រូវ​បានរៀបចំឡើងឱ្យទៅជាតំបន់ទេសចរស្ថិតនៅលើជួរភ្នំ ដងរែកត្រង់ចំណុចភ្នំបាក់ (ចំណុច​លេខ ៣៣៦) មានចម្ងាយ១៨គ.ម ពីទីរួមខេត្ត និងស្ថិតនៅក្នុង ភូមិត្រពាំងទូង ឃុំកូលក្រៀល សង្កាត់សំរោង ខេត្តឧត្តរមានជ័យ និងខាងជើងឈៀងខាងលិច នៃឃុំក្បាលសចាស់ចម្ងាយប្រហែល៦គ.ម។

ដីរលុះ ឬដីច្រោះនេះ មានសណ្ឋានភាពដីដែលផុសចេញព្រោះផ្ទៃដីកន្លែងនោះផុសចេញជាដំបូកធំ តូចព្រោងព្រាតមានស្នាមទឹកហូរច្រោះជាចង្អូរៗពីលើរហូត ដល់ក្រោមផ្ទាំងខ្លះដូចជាជញ្ជាំង។ ដំបូកខ្លះមានកម្ពស់៦ ទៅ៧ម៉ែត្រ ខ្លះទាប ខ្លះស្រួច ដូចកំពូលចេតិយ នៅលើដំបូលខ្លះខាងលើមានផ្ទៃធំអាចមានស្មៅដុះនៅ រដូវវស្សា។ ដំបូកទាំងធំ ទាំងតូច ខ្ពស់ទាប ទាំងអស់មានពណ៌ស ប្រផេះ ប្រៀបដូចជាឥដ្ឋដុតមិនឆ្អិន។ ផ្ទៃរាប ឬជើងដំបូក ជាវាលតូចធំក្រាលដោយថ្មតូច ធំ ពណ៌ប្លែកៗពីគ្នា យ៉ាងច្រើន មានពន្លឺដែលចាំងនឹងចំនាំងថ្ងៃ ហើយថ្មចំណុចខ្លះ ប្រៀបបានទៅនឹងកាកសំណល់ដែលដុតរលាយរួច ឬជាកំអែលភ្នំភ្លើង។

ដីរលុះ ឬដីច្រោះនេះមានច្រើនកន្លែងទៀត ប៉ុន្តែមិនសូវច្រោះខ្លាំងដូចចំណុចរលុះធំនេះទេ។ រលុះដែលទាបៗមានច្រើន ដូចជារលុះក្រសាំង រលុះត្រកួនជាដើម។ រលុះទាំងនេះមិនមែនទើបតែមានសម័យនេះទេ តាមការស្រាវជ្រាវពីចាស់ព្រឹទ្ធាចារ្យមួយចំនួនដូចជា លោកតា នេត យ៉ៃ គាត់មានអាយុ៨៧ឆ្នាំ គាត់បាន ស្លាប់ក្នុងឆ្នាំ២០០០ មានដើមកំណើតនៅភូមិខ្ទុំ លោកតា ហ្វាត់ គឹមហូ សុទ្ធតែមានអាយុច្រើនបានដឹង និងឃើញដីរលុះនេះ ព្រះគ្រូធម្មសារសីមា ឃង់ តិក ព្រះមេគណខេត្តឧត្តរមានជ័យ គង់នៅវត្តប្រាសាទ រាជាសំរោង(បច្ចុប្បន្នសុគតហើយ) ព្រះអង្គមានដើមកំណើតនៅភូមិក្បាលសចាស់ជិតដីរលុះនេះ ចម្ងាយប្រហែលជិត៦គ.ម កាលព្រះអង្គនៅកុមារធ្លាប់បានទៅកន្លែងរលុះនេះច្រើនដង ឧស្សាហ៍ចេញចូលកន្លែងរលុះនេះញឹកញាប់។

សព្វថ្ងៃនេះព្រះអង្គមានព្រះជន្ម ៨៨ព្រះវស្សា លោកមានថេរដីកាថាៈ ដីរលុះនេះមិនប្រែប្រួលច្រើនទេ តែប្រែប្រួលដើមឈើ ដោយកាលពីមុនសំបូរទៅដោយដើមឈើធំៗ និងដើមដៃខ្លាជាច្រើន សព្វថ្ងៃនៅសល់តែដើមឈើតូចៗ ហើយតិច ឯវាលប៉ែកខាងលើមិនដុះស្មៅតាំងពីដើម ប៉ែកខាងក្រោម (ត្បូង) មានស្មៅដុះ ចំណែកឯតាមប្រឡាយទឹកហូរមានខ្សាច់តិចតួចហូរចាក់ពីជើងភ្នំ។ នៅរដូវវស្សាចំណុចដែលមានខ្សាច់ យើងដើរជាន់ដូចភក់ ឯចំណុចភាគច្រើនក្រាលដុំថ្ម យើងជាន់នៅរឹងដដែល៕

អត្ថបទ និង​រូបភាព៖ មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;