ចាំទិញ​ប្រើ​ទេ? បង្គន់​ឆ្លាត​វៃ អាច​សម្គាល់ដឹង​​ក្រយៅ​គូទ និង​វិភាគ​រក​ជំងឺ

  • 2020-05-12 06:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​ខុស​ពី​ទូរសព្ទ​ឆ្លាតវៃ បង្គន់​​ទំនើប​ពិសេស​មួយ ដែល​ជា​​ការ​បង្កើត​ឡើង​ដោយ​សកល​វិទ្យាល័យ Stanford អាច​សម្គាល់​ដឹង​ពី​ក្រយៅ​គូទ​របស់​អ្នក​ប្រើប្រាស់ ហើយ​កាន់​តែ​អស្ចារ្យ​ជាង​នេះ​គឺ​អាច​​​ធ្វើ​រោគវិនិច្ឆ័យ​បាន​​ថែម​​ទៀត​ផង។ គំនិត​ច្នៃ​ប្រឌិត​ថ្មី​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​សិក្សា​មួយ​ឈ្មោះ​ថា Nature Biomedical Engineering កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២០ ដែល​មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ចូលរួម​ស្រាវជ្រាវ​ចំនួន ២១​​​នាក់។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បង្កើត​បង្គន់​ឆ្លាត​វៃ​នេះ​ឡើង ក្នុង​គោល​បំណង​ចង់​វិភាគ​ទៅ​លើ​លាមក និង​ទឹក​នោម​របស់​អ្នក​ប្រើប្រាស់ ដើម្បី​រក​មើល​ប្រភេទ​ជំងឺ​ផ្សេងៗ​គ្នា ដោយ​ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ជំងឺ​មហារីក​ផង​ដែរ។ លោក Sanjiv Gambhir ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា "បង្គន់​ឆ្លាត​វៃ​​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​ដឹង​ពី​ប្រភព​នៃ​ទិន្នន័យ ដែល​​​គ្រប់​គ្នា​​មិន​សូវ​ចាប់​អារម្មណ៍ ហើយ​អ្នក​ប្រើប្រាស់​គឺ​មិន​ចាំបាច់​ធ្វើ​អី​ច្រើន​ប្លែក​ៗ​ពី​រាល់​ដង​ឡើយ"។

នៅ​ក្នុង​បង្គន់​មាន​បង្កប់​នូវ​កាមេរ៉ា​ពិសេស រួម​ទាំង Sensor។ ពួក​វា​មាន​តួ​នាទី​ចាប់​យក​រូបភាព​នៃ​ទឹក​នោម ក៏​ដូច​ជា​​លាមក ក្នុង​ការ​ពិនិត្យ​មើល​លំហូរ សំឡេង រយៈពេល កម្រិត​ប្រូតេអ៊ីន និង​ចំនួន​កោសិកា​ឈាម​ស ជា​ដើម។

មុខងារ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទៀត​គឺ​ការ​សម្គាល់​ដឹង​ពី​អ្នក​ប្រើប្រាស់ ដោយ​ប្រើ​ក្រយៅ​​ម្រាម​ដៃ និង​ក្រយៅ​គូទ។ "គំនិត​ចម្បង​គឺ​ដើម្បី​ផ្ដល់​នូវ​​​មតិ​យោបល់​អំពី​សុខភាព​បុគ្គល​ឲ្យ​បាន​ច្បាស់​លាស់ ដូច្នេះ​ហើយ​ទើប​យើង​​ត្រូវ​ប្រាកដប្រជា​ថា បង្គន់​នេះ​អាច​បែង​ចែក​ដឹង​ពី​អ្នក​​ប្រើប្រាស់​នីមួយៗ។ យើង​ដឹង​ថា​វា​ប្លែក តែ​ក្រយៅ​គូទ​របស់​អ្នក​ពិត​ជា​មាន​លក្ខណៈ​​ពិសេស​ណាស់"នេះ​ជា​ការ​លើក​ឡើង​របស់​លោក Gambhir៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ ឈាង.

;