អូស្ត្រាលី កំពុងសិក្សាគម្រោង​ថ្មីមួយ​ផ្តោតលើសេដ្ឋកិច្ច និង​វិនិយោគ នៅ​កម្ពុជា

  • 2020-05-12 08:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បាន​ឱ្យដឹង​ថាអូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២១នេះ នូវគម្រោងថ្មីមួយដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគ និងពិពិធកម្មពាណិជ្ជកម្មផងដែរ។ ការ​លើកឡើង​ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០។

លោកឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបជូនពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពសង្គមដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមានការផ្ទេរប្រាក់ជូនទៅក្រុមគ្រួសារក្រីក្រ ក៏ដូចជាការផ្ដល់ជូននូវរថយន្តសង្គ្រោះបន្ទាប់ចំនួន ២០ គ្រឿងជូនចំពោះក្រសួងសុខាភិបាលកម្ពុជា។ ក្រៅពីនេះផងដែរ រដ្ឋាភិបាលអូស្ត្រាលី ក៏បានរៀបចំ និងកំពុងអនុវត្តគម្រោងដទៃទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគ និងពាណិជ្ជកម្មផងដែរ។

ទាក់ទងនឹងក្រសួងពាណិជ្ជកម្ម ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបអំពីសកម្មភាពដែលរដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្ម រួមមាន ការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេសដល់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។

លោក​រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មានជូនដោយឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី ក៏ដូចជាចំពោះជំនួយនានាដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជូនប្រទេស និងប្រជាជនកម្ពុជា។ កម្ពុជា និងអូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ) ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នាដើម្បីជំរុញការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក ប៉ាន សូរស័ក្ដិ ក៏បានស្នើសុំឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀតក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្តនូវអនុសាសន៍នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

ក្រៅពីនេះផងដែរ កម្ពុជា និងអូស្ត្រាលី ក៏នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី ដោយក្នុងនោះឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនដែរថា ក្រុមហ៊ុនអូស្ត្រាលីមួយក៏កំពុងតែសិក្សាលទ្ធភាពវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី៕

អត្ថបទ និងរូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;