បុរសនៅពីក្រោយមុខងារខ្លាំងៗលើកាមេរ៉ា Google Pixel ចាកចេញពីក្រុមហ៊ុនដោយស្ងាត់ៗ
- 2020-05-14 03:08:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសនៅពីក្រោយមុខងារខ្លាំងៗលើកាមេរ៉ា Google Pixel ចាកចេញពីក្រុមហ៊ុនដោយស្ងាត់ៗ
ចន្លោះមិនឃើញ
របាយការណ៍ថ្មីមួយពី The Information បានឲ្យដឹងអំពីរឿងរ៉ាវក្រោយឆាកដ៏កម្រដែលកំពុងកើតមាននៅសាខាផលិតផលស្មាតហ្វូន Pixel របស់ Google។
របាយការណ៍បានឲ្យដឹងថាជើងខ្លាំងរបស់ Google ដូចជា Rick Osterloh មានការខកចិត្តខ្លាំងនឹងស្មាតហ្វូនជំនាន់ចុងក្រោយ Google Pixel 4។ មុនការប្រកាសចេញស្មាតហ្វូននេះ ក្ដីរំភើបរបស់ក្រុមការងារមានចំពោះវាគឺទាបខ្លាំង។
Osterloh មានការខកចិត្តខ្លាំងចំពោះថ្មដែលមានទំហំតូច ក្នុងចំណោមការឌីហ្សាញដទៃទៀត និងការសម្រេចចិត្តលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន។ លោកបានសម្ដែងការខកចិត្តនេះអំឡុងកិច្ចប្រជុំរួមគ្នាធំមួយមុនការប្រកាសចេញ Pixel 4 នាខែតុលា ឆ្នាំមុន។
មិនតែប៉ុណ្ណោះមានជើងខ្លាំងពីររូបផ្សេងទៀតរបស់ Google Pixel បានចាកចេញពីក្រុមទៀតផង។ អ្នកចាកចេញដំបូងគេគឺ Mario Queiroz អ្នកចាត់ការទូទៅនៅ Google Pixel ដែលបានបម្រើការងារនៅ Google តាំងពីឆ្នាំ ២០០៥។ លោកបានដឹកនាំក្រុម Google Pixel តាំងពីដើមទី ហើយបានរួមចំណែកក្នុងការប្រកាសចេញស្មាតហ្វូន Android ដំបូងរបស់ Google គឺ Nexus One កាលពីឆ្នាំ ២០១០។
អ្នកចាកចេញបន្ទាប់គឺ Marc Levoy ដែលជាអ្នកទទួលខុសត្រូវខ្ពស់សម្រាប់កាមេរ៉ាលើស្មាតហ្វូន Pixel។ ជាអ្នកជំនាញខាងផ្នែក Computational Photography ម្នាក់ លោក Levoy គឺជាហេតុផលចម្បងដែលកាមេរ៉ា Pixel អាចទទួលបានការកោតសរសើរខ្លាំងពីអ្នកប្រើប្រាស់។ លោក Levoy បានដឹកនាំការអភិវឌ្ឍមុខងារសំខាន់ៗដូចជា HDR+, Portrait Mode និង Night Sight។ លោកបានចាកចេញពី Google ក្នុងខែមីនា ដោយគ្មានការប្រកាសនោះឡើយ។
គួរដឹងថាចំនួនលក់ Pixel 4 គឺទាបជាង Pixel ជំនាន់មុនច្រើន។ បើផ្អែកតាមទិន្នន័យរបស់ IDC បានបង្ហាញថា Google អាចលក់ Pixel 4 បានត្រឹម ២លានគ្រឿងប៉ុណ្ណោះ អំឡុងពេលលក់ពីរត្រីមាសដំបូង។ ក្នុងរយៈពេលដូចគ្នានេះ Pixel 3 អាចលក់បាន ៣,៥លានគ្រឿង ហើយ Pixel 3a ក៏អាចលក់បានយ៉ាងតិច ៣លានគ្រឿងដែរ។
ពេលនេះ Google ត្រូវត្រៀមខ្លួនប្រកាសចេញ Pixel 4a និង Pixel 5 ដោយមិនមានវត្តមានជើងខ្លាំងខាងផ្នែកកាមេរ៉ា៕