ក្រសួង​សុខាភិបាល បញ្ជាក់​រឿង​ជនជាតិ​វៀតណាម​ឆ្លងកូវីដ១៩ ក្រោយត្រឡប់​មកពី​កម្ពុជា

  • 2020-05-18 01:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​តាមបណ្តាញ Telegram កាលពីម្សិលមិញ​ជុំវិញរឿង​ជនជាតិវៀតណាមរកឃើញឆ្លងកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីកម្ពុជា ថា រហូតមកដល់ពេលនេះ ក្រសួង​មិនទាន់ទទួលបាន​ព័ត៌មាន​ផ្លូវការណាមួយ​ពីភាគីវៀតណាម​ចំពោះ​ករណីនេះនៅឡើយទេ។

លោកស្រី​បន្តថា ក្រុមការងាររបស់ក្រសួងសុខាភិបាល​ ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។

អ្នកនាំពាក្យ​បាន​ពន្យល់យ៉ាងដូច្នេះថា៖

តាមការ​ចុះផ្សាយនោះទៀត​ គឺយើងក៏មិនអាចដឹងបានដែរថា​ តើការដែលចម្លងនេះ​ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ​? ដោយសារការចម្លងវីរុសនេះ​ វាអាចកើតមានឡេីងគ្រប់ទីកន្លែង​ គ្រប់កាលៈទេសៈ​ និងគ្រប់ពេលវេលា​ទាំងអស់​ ជាពិសេសទៅទៀតនោះ​ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័ត​តែម្តង។ គ្រប់ព័ត៌មាន​ដែលទទួលបាន យើងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង​ ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ​ ខ្ញុំសូមជម្រាបជូនថា​ យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនេះ។ អ៊ីចឹង ខ្ញុំគ្រាន់តែសូមជម្រាបជូនថា​ ករណីនេះមិនមានភាពជាក់លាក់​ ហើយក៏មិនអាចនឹងវាយតម្លៃថា​ការចម្លងនេះ​ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ​ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម​ បេីគិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថារកឃេីញវិជ្ជមាននោះ​។ ក្រសួងសុខាភិបាល​នៅតែប្រកាន់ជំហរសហប្រតិបត្តិការ​ល្អ​ មានតម្លាភាព​ជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត​ ហើយប្រសិនបើយើងមានព័ត៌មាន​ ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ​ ក្រសួងសុខាភិបាល​ នឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡេីយ។ សូមបញ្ជាក់ជូនសារជាថ្មីថា​ មកទល់ថ្ងៃនេះ​ ក្រសួងសុខាភិបាលកម្ពុជា​ មិនទាន់រកឃេីញមានករណីចម្លងវីរុសកូវីដ-១៩​ ថ្មី​ នោះទេ​។ អាស្រ័យហេតុនេះ​ សូមសាធារណជនទាំងអស់​ មេត្តាជ្រាបជាព័ត៌មាន​ ហេីយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ​ ប្រសិនបេីមានព័ត៌មាន​ ឫមានបញ្ហាសុខភាព​ សូមទាក់ទងទៅលេខ​ ១១៥​ ឫទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក៕

អត្ថបទ៖ សំភី

;