ប្ដីប្រពន្ធត្រចៀកកាំ បំបាត់ព័ត៌មានលែងលះ ដោយទិញផ្ទះតម្លៃ ២០លានដុល្លាររួមគ្នា
- 2020-05-19 08:10:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធត្រចៀកកាំ បំបាត់ព័ត៌មានលែងលះ ដោយទិញផ្ទះតម្លៃ ២០លានដុល្លាររួមគ្នា
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងស្រីចិន Zhao Wei និងស្វាមីមហាសេដ្ឋីទើបតែទិញផ្ទះដ៏លំដាប់មួយរួមគ្នានៅប្រទេសសិង្ហបុរី ក្រោយមានព័ត៌មាន ប្ដីប្រពន្ធមួយគូនេះមានភាពរកាំរកូសឈានដល់លែងលះ។
បណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា តារាសម្ដែងស្រីជើងចាស់ចិន Zhao Wei រួមទាំងស្វាមី Huang You Long ទើបតែទិញផ្ទះប្រភេទ penhouse មួយខ្នងនៅសិង្ហបុរីក្នុងតម្លៃក្បែរ ២០លានដុល្លារ។ អចលនទ្រព្យដែលតួរឿង ព្រះនាងយេយេទិញ គឺស្ថិតនៅលើវិថីដ៏ល្បីឈ្មោះ Orchard ដែលជាទីប្រជុំនៃម៉ាកយីហោល្បីឈ្មោះទូទាំងពិភពលោក។
គេហដ្ឋានមានទំហំ ៨០០ម៉ែត្រការ៉េ ស្ថិតនៅជាន់ទី ២៩ និង ៣០ នៃអគារ Ardmore Park ដែលជាអគារថ្លៃលំដាប់ទី ៦ នៃប្រទេសនេះ ហើយបានសាងសង់ឡើងនៅឆ្នាំ ២០០១។ មុនពេលប្ដីប្រពន្ធខាងលើទិញ ម្ចាស់របស់ផ្ទះនេះ គឺអគ្គនាយកក្រុមហ៊ុន RB Capital លោក Kishin RK។
ក្រៅពីគេហដ្ឋានខាងលើ ត្រចៀកកាំ ក៏មានផ្ទះមួយទៀតដែលមានបន្ទប់គេង ស្ថិតនៅអគារ Ardmore Park មួយទៀតផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីវ័យ៤៤ឆ្នាំ បានទិញផ្ទះខាងលើដោយដាក់ឈរឈ្មោះរួមគ្នា និងឈ្មោះកូនស្រីពៅជាអ្នកស្នងមរតក។ សកម្មភាពនេះត្រូវបានធ្វើឡើងក្រោយពេលជីវិតគូររបស់អ្នកទាំង២កំពុងមានបញ្ហាក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ ទោះបីមិនដែលចេញមុខបដិសេធរឿងលែងលះក៏ដោយ តែការទិញផ្ទះរួមគ្នាបែបនេះបានបង្ហាញឲ្យឃើញថា ចំណងមនោសញ្ចេតនារបស់អ្នកទាំង២ហាក់គ្មានបញ្ហាឡើយ៕