ចេញដំណឹងអំពី Apple Glass រំពឹងថាមានតម្លៃចាប់ពី ៤៩៩ដុល្លារ

  • 2020-05-20 02:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jon Prosser អ្នក​ចែក​ចាយ​ដំណឹង​លេច​ធ្លាយ​របស់ Apple ដ៏​ល្បី​ឈ្មោះ​ម្នាក់ បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ពិភាក្សា​អំពី​វ៉ែនតា AR ​វៃ​ឆ្លាត​របស់​ Apple ដែល​បាន​លេច​ឮ​ដំណឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

Jon បាន​​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​​ការ​​​ដំណើរ​នៃ​ទិន្នន័យ​ទាំង​អស់​នឹង​កើត​មាន​លើ​ iPhone ដែល​ត​ភ្ជាប់​ជា​មួយ​វ៉ែនតា​នេះ​ដោយ​មិន​ប្រើ​ខ្សែ (Wireless) ដែល​នេះ​ស្រដៀង​នឹង​ការ​ទំនាក់ទំនង​គ្នា​រវាង​ Apple Watch និង iPhone ដែរ។

Apple បាន​ហៅ​វ៉ែនតា​នេះ​ថា Apple Glass ដែល​រំពឹង​ថា​មាន​តម្លៃ​លក់​រាយ ៤៩៩ដុល្លារ​នៅ​សហរដ្ឋអាមេរិក ដោយ​កាល​បរិច្ឆេទ​​នៃ​ការ​ប្រកាស​ចេញ​ដើម​ឡើយ​គ្រោង​ធ្វើ​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ ឬ​ត្រីមាស​ទី ១ ឆ្នាំ ២០២១ ប៉ុន្តែ​ការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ​១៩ ប្រហែល​ជា​ប៉ះពាល់​ដល់​កាល​បរិច្ឆេទ​ប្រកាស​ចេញ។

Jon បាន​អះអាង​ថា​បាន​ឃើញ​នូវ​ផលិតផល​គំរូ​នៃ Apple Glass ដែល​វា​មាន​តួ​ខ្លួន​ធ្វើ​ពី​ប្លាស្ទិក។ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​វ៉ែនតា​គឺ​មាន​បង្កប់​នូវ​ Sensor LiDAR ដែល​មាន​ប្រើ​លើ iPad Pro ស៊េរី​ថ្មី ហើយ​លើ​ផលិតផល​គំរូ​គេ​មិន​ឃើញ​មាន​​បំពាក់​កាមេរ៉ា​នោះ​ទេ។

ចំពោះ​ User Interface របស់​វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Starboard។ ព័ត៌មាន​នឹង​មាន​បង្ហាញ​នៅ​លើ​​កញ្ចក់​វ៉ែនតា​ទាំង​ពីរ ហើយ​ UI អាច​បញ្ជា​បាន​​ដោយ​ចុច​លើ​កញ្ចក់​វ៉ែនតា ឬ​បញ្ហា​ដោយ​កាយ​វិការ​​​បាន​ផង​ដែរ។

ចចាមអារ៉ាម​អំពី Apple Glass នេះ​គឺ​​លេច​​ឮ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​​ជា​មួយ​គ្នា​នោះ​ក៏​មាន​លេច​ឮ​ដំណឹង​អំពី​ការ​បង្កើត​ឧបករណ៍​ពាក់​ក្បាល​​ (Headset) ប្រើ​បច្ចេកវិទ្យា ​AR និង VR ​ផង​ដែរ។ អ្នក​វិភាគ​ជា​ច្រើន​បាន​ព្យាករណ៍​អំពី​ការ​ប្រកាស​ចេញ Apple Glass ឆាប់​បំផុត​គឺ​នៅ​ឆ្នាំ ២០២០ ហើយ​មាន​មួយ​ចំនួន​ព្យាករណ៍​ថា​​ប្រកាស​ចេញ​នៅ​ឆ្នាំ ២០២១ និង ២០២២៕​​​​

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;