បេក្ខជន-នារី ខ្មែរ ជាប់អាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ២០២០

  • 2020-05-21 05:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ គឺជាកម្មវិធីអភិវឌ្ឍន៍អាជីពការងារសម្រាប់សិល្បករ និងអ្នកគ្រប់គ្រងសិល្បៈ ដែលត្រូវបានបង្កើតឡើងដោយ អង្គការ សិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) និងគាំទ្រដោយ មូលនិធិ Andrew W. Mellon។ អង្គការសិល្បៈខ្មែរអមតៈ ជ្រើសរើសបុគ្គលដែលមានគំនិតច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ដែលជាអ្នកដឹកនាំនៅក្នុងវិស័យពួកគាត់ និងជួយពួកគាត់ទទួលបានជោគជ័យក្នុងចក្ខុវិស័យនិងគុណតម្លៃរបស់ខ្លួន។

ក្នុងរយៈពេលពេញ1ឆ្នាំ សិស្សអាហារូបករណ៍របស់ អង្គការសិល្បៈខ្មែរអមតៈ នឹងបានជួបជាមួយសិល្បករ និងអ្នកដឹកនាំវប្បធម៌ មកពីជុំវិញ តំបន់ដោយបង្កើតបណ្តាញជាមួយបុគ្គលដែលមានការច្នៃប្រឌិតថ្មីៗធ្វើការក្នុងវិស័យសិល្បៈនិងវប្បធម៌សព្វថ្ងៃ។ ពួកគាត់បានស្វែងយល់ពីប្រធានបទទាក់ទងនឹងការងាររបស់ខ្លួនក្នុងវិស័យសិល្បៈ និងអភិវឌ្ឍន៍ទស្សនៈផ្ទាល់ខ្លួន ទស្សនៈអាជីពការងារ និងទស្សនៈវប្បធម៌របស់ខ្លួន។

បេក្ខជន បេក្ខនារី ដែលទទួលអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ២០២០

អ្នកដឹកនាំជាន់ខ្ពស់ក្នុងសហគមន៍សិល្បៈ បានជួយយើងក្នុងការអភិវឌ្ឍកម្មវិធីនេះ។ កម្មវិធីនេះផ្តោតសំខាន់លើ ការស្រាវជ្រាវ និងការវិភាគនានា ដែលផ្តល់ឱកាសឲ្យសិស្សានុសិស្សបានយល់ពីការអនុវត្តន៍ជាសកល និងការសិក្សាករណីផ្សេងៗ ហើយលើកទឹកចិត្តឲ្យមានវេទិកតស៊ូមតិ ដែលបង្ហាញពីគំនិតនិងមតិផ្ទុយគ្នា។

ខាងក្រោមនេះជាបេក្ខជន បេក្ខនារី ដែលទទួលអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ២០២០៖

ប៊ននឹម មីលីយ៉ា

មីលីយ៉ា ជាអ្នករៀបចំកម្មវិធីសិល្បៈ នៃការិយាល័យទំនាក់ទំនងនៃ មជ្ឈមណ្ឌលអាស៊ីនៃមូល និធិជប៉ុននៅក្រុងភ្នំពេញ។ នាងធ្វើការងារភាគច្រើនទៅលើកម្មវិធីផ្លាស់ប្ដូរសិល្បៈវប្បធម៌ ក្នុងទម្រង់ជាច្រើនដូចជា សិល្បៈទស្សនីយភាព សិល្បៈសហសម័យ ពិព័រណ៍រូបភាព ភាពយន្ត តន្ត្រី កីឡា សិល្បៈតាមសហគមន៍ និងកម្មវិធីផ្លាស់ប្ដូរបែបស៊ីជំរៅ ដែលធ្វើឲ្យនាងស្គាល់សិល្បករខុសៗគ្នា។ មីលីយ៉ា ក៏ជាអ្នកតំណាងឲ្យកម្ពុជាសម្រាប់មជ្ឈមណ្ឌល វប្បធម៌ មេគង្គ (Mekong Cultural Hub) ជាបណ្ដាញមួយរបស់សិល្បៈខ្មែរអមតៈ ហើយជាឱកាសមួយដែលនាងកសាងបណ្ដាញទំនាក់ទំនងជាមួយសិល្បករ និងសហគមន៍សិល្បៈ។ នាងជឿជាក់ថា សិល្បៈមានឥទ្ធិពលផ្លាស់ប្ដូរពិភពលោក។

ម៉ង់ វ៉ាលី

វ៉ាលី ជាប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ។ ពីឆ្នាំ២០១៥ ដល់២០១៧ គាត់បានចូលរួមគម្រោងអភិរក្សសំបូរព្រៃគុក ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យ វ៉ាសេដា ប្រទេសជប៉ុន។ ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន គាត់តែងទទួលបានការអញ្ជើញចូលរួមជាវាគ្មិនក្នុង កម្មវិធី «វប្បធម៌ និងបេតិកភណ្ឌ» ក្នុងគម្រោងអប់រំបេតិកភណ្ឌ។ គាត់បានធ្វើការជាមួយអតីតអនុប្រធាន និងប្រធានមន្ទីរវប្បធម៌ក្នុងការបង្កើតក្រុមសិល្បៈចំនួន ៨ ដែលក្នុងនោះ ២មកពីសហគមន៍ជនជាតិដើមភាគតិច ដើម្បីផ្សព្វផ្សាយវប្បធម៌ និងការអប់រំសីលធម៌តាមរយៈរបាំ និងល្ខោន។ ក្រៅពីនេះ គាត់ជាទីប្រឹក្សាមូលនិធិនៃស្នាមញញឹម ទទួលបន្ទុកសកម្មភាពសិល្បៈវប្បធម៌ផងដែរ។ ម៉ង់ វ៉ាលី បញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ជុំវណ្ណ សូដាជីវី (ប៊ែល)

ជុំវណ្ណ សូដាជីវី (ប៊ែល) ជានាដការបាំសហសម័យ និងជាគ្រូបង្រៀនផ្នែកដឹកនាំរឿង ទម្រង់របាំបុរាណ និងរបាំសហសម័យនៅមហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ប៊ែល ធ្លាប់ជាអ្នករាំលេចធ្លោនៅក្នុងការងារដែលដឹកនាំដោយលោកស្រី ភូនម៉ានូ, ភីថី ឈីន, អាកូ រ៉េនស៍, ភីធឺ ហ្សែល័រ និង អ្នកដំឡើងសិល្បៈ ល្បីៗជាច្រើនទៀត។ ប៊ែលក៏បានចូលរួមជាជំនួយការគ្រប់គ្រងឆាក និងជាអ្នកសម្ដែងក្នុងគម្រោងស្នាដៃ «បង្សុកូល៖ ការរំឭកដល់កម្ពុជា» ដែលធ្លាប់សម្ដែងនៅ មែលប៊ន ញូវយ៉ក និងបូស្តុនផងដែរ។ ក្រៅពីនេះ នាងសម្ដែងក្នុងស្នាដៃសហសម័យ លាយសៀកកំប្លែង របាំ និង ទម្រង់សិល្បៈជាច្រើនទៀតឈ្មោះ “ជួបគ្នាក្នុងអតីតកាល” ត្រូវបាន បង្កើតឡើងដោយអង្គការ គ្លូប៊ល អាត ខបស៍ ដែលជាអង្គការក្រៅ រដ្ឋាភិបាលតស៊ូមតិ ផ្នែកសិល្បៈ ដើម្បីព្យាបាលរបួសផ្លូវចិត្តនៃសង្គ្រាមនៅទូទាំងពិភពលោក បានរួមសហការជាមួយអង្គការហ្វារពន្លឺ សិល្បៈខ្មែរ។ ប៊ែល ក៏ជាស្ថាបនិកក្រុមសិល្បករ Silver Belle មួយរូបដែរ។ នាងទទួលសញ្ញាប័ត្រសិល្បៈ នៅឆ្នាំ ២០០៣ ពីសាលាមធ្យមវិចិត្រសិល្បៈ និងបរិញ្ញាបត្រសិល្បៈ នៅឆ្នាំ ២០០៧ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ប៉ូ សាគុណ

សាគុណ អ្នកដឹកនាំវគ្គសិល្បៈរួមបញ្ចូលគ្នានៅអង្គការអេពិកអាត ដែលជាអង្គការធ្វើការលើការរាប់ បញ្ចូលដ៏ធំជាងគេមួយ អស់រយៈពេល ៨ឆ្នាំមកហើយ។ គាត់ជឿជាក់ថា សិល្បៈមាន អំណាចក្នុងការកែ ប្រែការយល់ឃើញរបស់មនុស្ស និងមានឥទ្ធិពលលើជោគវាសនាមនុស្សម្នាក់។ គាត់បានបង្ហាញជំនឿ នេះតាមរយៈការបង្ហាញអំពីអត្ថប្រយោជន៍នៃសិល្បៈរួមបញ្ចូល ការបង្កើតឱកាសថ្មី សម្រាប់ការច្នៃបង្កើត និងការសហការគ្នាក្នុងរបាំ និងល្ខោន។ សាគុណ ធ្លាប់ជាអ្នករបាំ និងអ្នកតស៊ូមតិដើម្បីសិល្បៈរួមបញ្ចូល និងធ្លាប់បានធ្វើការសម្ដែង បង្រៀន និងបង្ហាញពីសក្ដានុពលជាអតិបរមា របស់មនុស្សម្នាក់ៗ ដែល មានសមត្ថភាពភាពខុសៗគ្នា ជាច្រើនលើកទាំងក្នុង និងក្រៅប្រទេស។ គាត់ជាមន្ត្រីគម្រោង និងជា អ្នកបកប្រែភាសាសញ្ញាសម្រាប់ផលិតកម្មអន្តរជាតិមួយដែលមានចំណងជើងថា «ក្មេងឃ្វាលក្របី» ក្នុង ឆ្នាំ២០១៨ រៀបចំសិក្ខាសាលារបាំ និងការសម្ដែង ក្នុងកម្មវិធី “Art for All” នៅប្រទេសថៃ។ នៅឆ្នាំ២០១៩ គាត់បានទទួលការបណ្ដុះបណ្ដាលស្ដីពី «សង្គមដែលមានការរាប់បញ្ចូល» នៅប្រទេសស៊ុយអែតផងដែរ។

កែវ ស្រីភ័ក្រ្ត

ស្រីភ័ក្រ្ត មានជំនាញផ្នែកគំនូរសហសម័យ និងជាសិល្បករឯករាជ្យ ព្រមទាំងជាអ្នកគ្រប់គ្រង វិចិត្រសាល និងរៀបចំកម្មវិធីមហោស្រពសិល្បៈ។ នៅឆ្នាំ២០១៨ ស្រីភ័ក្ត្រ បានក្លាយជាអ្នកគ្រប់គ្រងសិល្បៈ នៅវិចិត្រសាស សង្កែ ជាវិចិត្រសាលសិល្បៈតែមួយគត់នៅក្នុងខេត្តបាត់ដំបង ដែលជួយជ្រោមជ្រែង សិល្បករឲ្យមានទីតាំងសម្រាប់ពិព័រណ៍សេរី និងបង្កើតកម្មវិធីមហោស្រពសិល្បៈជាច្រើនផ្សេងទៀត។ ទស្សនៈវិស័យរបស់នាង គឺចង់ឲ្យខេត្តបាត់ដំបងក្លាយជាទីក្រុងសិល្បៈមួយនៅកម្ពុជា។ ក្នុងពេល ឆាប់ៗនេះ នាងនឹងបន្តកម្មសិក្សា ផ្នែកគ្រប់គ្រង់ដំណើរការគម្រោងសិល្បៈ នឹងការអភិវឌ្ឍ សិល្បករ ជំនាន់ថ្មី នៅ ស ស គំរោង សិល្បៈ (Sa Sa Art Projects)។ ក្រៅពីនេះ ភ័ក្រ្ត ក៏ជាអ្នកស្រាវជ្រាវ និង ចែក រំលែក ចំណេះដឹង ស្តីអំពីបញ្ហាបរិស្ថាន ជាពិសេសការកែច្នៃប្លាស្ទិក។ នាងបានបង្កើត និង ដឹកនាំសិក្ខាសាលាជាច្រើន នៅតាមសាលារៀន និងអង្គការនានា ដោយផ្តោតលើសិល្បៈ និងបរិស្ថាន។

ឃុត សុខឿន

សុខឿន ជាអ្នកនិពន្ធ និងជាអ្នកបោះពុម្ព។ រឿងខ្លីរបស់គាត់ «ក្រោមមេឃតែមួយ» ទទួលបានរង្វាន់ពីវិទ្យាស្ថានស្លឹករិត។ គាត់តែងតែចូលរួមដោយស្ម័គ្រចិត្តដើម្បីរួម ចំណែកលើកកម្ពស់ការអាន និងការតែងនិពន្ធនៅកម្ពុជា។ គាត់ជាសហស្ថាបនិកសមូហកម្មមន្តទឹក ខ្មៅ និងបានជាប្រធានសមូហកម្មនេះ ក្នុងអាណត្តិឆ្នាំ ២០១៨ ដល់ ២០១៩។ រហូតមកដល់បច្ចុប្បន្ន គាត់ជាសហស្ថាបនិក Creator Book ផ្ដោត សំខាន់លើការលក់ និងចែកចាយសៀវភៅ សម្របសម្រួល ផ្នែកបោះពុម្ព និងប្រឹក្សាយោបល់លើការតែងនិពន្ធ។ សុខឿន បញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក “សិក្សាការអភិវឌ្ឍ” នៅសកល វិទ្យាល័យ ភូមិន្ទភ្នំពេញឆ្នាំ២០១១ បរិញ្ញា បត្រអប់រំ ផ្នែកបង្រៀនភាសាអង់គ្លេស ពីសាកលវិទ្យាល័យ បៀលប្រាយឆ្នាំ ២០០៥ និងបញ្ចប់ការ សិក្សាផ្នែកគុរកោសល្យ ពីមជ្ឈមណ្ឌលគុរកោសល្យភូមិភាគខេត្ត ព្រៃវែង នៅឆ្នាំ ២០០០។

អត្ថបទ និងរូបថត៖ សិល្បៈខ្មែរអមតៈ

;