ខេត្តកំពត​ នឹងមាន​សារមន្ទីរថាមពល​កើតឡើងវិញ និង​ឧទ្យានជាតិសម្តេច ហ៊ុន សែន​កំពត

  • 2020-05-22 02:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដី​ពី​កិច្ចសហការ និង សិក្សា​ផលបះពាល់ ក្នុងការអនុវត្ត​គម្រោង​សាងសង់ សារមន្ទីរ​ថាមពល​កើតឡើងវិញ និងឧទ្យាជាតិ សម្ដេច​ហ៊ុន​សែនកំពត កាលពីព្រឹកថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០។

កិច្ច​ប្រជុំ​នេះស្ថិតក្រោមអធិបតីភាព លោក កែវ រតនៈ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី និងជាអគ្គនាយក​អគ្គិសនី​កម្ពុជា លោក ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ត្រី ដែលជាតំណាងក្រសួង មន្ទីរ អង្គភាព​ និងអាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​សរុប២៨នាក់។

គោលបំណងកិច្ចប្រជុំ​នេះផ្ដោតសំខាន់លើការចូលរួមពិគ្រោះយោបល់ពីអ្នក​ពាក់ព័ន្ធ​ សិក្សាពីផលបះពាល់ និងជំរុញអោយមានកិច្ចសហការគាំទ្របន្ថែមពីអាជ្ញាធរដែនដី ដើម្បីឈានដល់ការបើកផ្លូវអោយគម្រោងជាតិមួយនេះអាចអនុវត្តការសាងសង់ សម្រាប់ជាវិភាគទាននៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពត។

គម្រោង​សាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពតនេះ គឺជាគម្រោងមួយអនុវត្ត ផ្អែកតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូន អគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ដែលមានទីតាំងស្ថិតនៅ តំបន់សហគមន៍ នៃឧទ្យានជាតិព្រះមន្នីវង្ស"បូកគោ" លើផ្ទៃដីកោះទំហំ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។

ទោះបីយ៉ាងណាគម្រោងនេះ គេមិនទាន់​ដឹងពីទំហំនៃការប្រើប្រាស់​ថវិកានៅឡើយ ប៉ុន្តែ​ទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានច្រើនគួរសមបម្រើឱ្យទាំងការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា និងបំរើឲ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានសម្តែង​ការគាំទ្រ​ដល់ការ​អនុវត្តនូវគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបានជាសមិទ្ធផលរបស់ប្រទេសជាតិជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។

លោក កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹងបទពិសោធន៍នៅនឹងកន្លែងដូចស្រុកគេ ដើម្បីជាការស្រាវជ្រាវរៀនសូត្រស្វែងយល់ជាសាធារណជនទូទៅ នៅពុំទាន់មាននៅឡើយទេ។ ដូច្នេះគោលដៅនៃគម្រោងនេះដែរ គឺផ្តោតសំខាន់លើបញ្ហាពីរ៖

-ទី១សំដៅការបង្កើតឲ្យមានជាបណ្ដុំវ៉ារីអគ្គិសនីនៅ តាមបណ្ដាខេត្តទាំងឡាយមួយចំនួនដែលមានក្នុងប្រទេសកម្ពុជាសម្រាប់ ផ្ដល់ការចង់ដឹងរបស់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ ទាំងអស់មកកំសាន្តនៅទីនេះ ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ អំពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។

-ទី២ ការដាក់ឧទ្យានជាតិនេះ គឺសំដៅ ចង់ឲ្យមានការទាក់ទាញទេសចរណ៍ជាតិអន្តរជាតិឬក៏ឲ្យប្រជាពលរដ្ឋមកកំសាន្តនៅតំបន់នេះកាន់តែច្រើននិងក៏ជាសមិទ្ធផលថ្មីរបស់ជាតិក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ។

លោក កែវ រតនៈ ក៏បាន​បញ្ជាក់ឲ្យដឹងពីឈ្មោះគម្រោងសារមន្ទីរថាមពលកើតឡើងវិញនិងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត ដែលបានដាក់បង្ហាញក្នុងកិច្ចប្រជុំពេលនេះ ថាគឺជាឈ្មោះគម្រោងបណ្ដោះអាសន្នមួយប៉ុណ្ណោះ បើថ្ងៃក្រោយយើងមានថាមពលខ្យល់ឬព្រះអាទិត្យបន្ថែមទៀត នឹងអាចកែប្រែឡើងវិញ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តកំពត

អត្ថបទថ្មី
;