Xu Jiao តួ​ក្មេង​ប្រុស​រឿង "CJ7" មាន​បំណង​ប្រាថ្នា​មួយ​ដូច ទិនហ្វី ដែរ!

  • 2020-05-25 08:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"CJ7" ជា​ខ្សែ​ភាពយន្ត​ដ៏​ល្បី​នៅ​អំឡុង​ឆ្នាំ​២០០៨ ដែល​បាន​លើក​ស្ទួយ​ពន្លក​តារា​សម្ដែង​ថ្មី Xu Jiao ឲ្យ​មាន​គេ​ទទួល​ស្គាល់​រហូត​​ដល់​សព្វ​ថ្ងៃ។ កាល​សម្ដែង​គ្រា​នោះ ស្រី​ស្អាត Xu Jiao បាន​ដើរ​តួ​ជា​កូន​ប្រុស​របស់​តារា​សម្ដែង Stephen Chow (ទិនហ្វី) ដែល​មាន​លក្ខណៈ​បែប​កំប្លុក​កំប្លែង។ គ្រប់​គ្នា​បាន​កោត​សរសើរ​ជា​ខ្លាំង​ចំពោះ​ទេព​កោសល្យ​ក្មេង​ស្រី Xu ដែល​អាច​ដើរ​ជា​តួ​​ផ្ទុយ​ភេទ​បាន​យ៉ាង​រលូន​ល្អ។

ត្បិត​អី​ជោគជ័យ​ជាមួយ​អាជីព​សម្ដែង​តាំង​ពី​វ័យ​កុមារ តែ​តារា​ស្រី​វ័យ​២២​ឆ្នាំ​រូប​នេះ​មាន​គោល​បំណង​​ធំ​ផ្សេង​ទៀត ដែល​ស្រដៀង​ទៅ​នឹង​លោក Stephen Chow អ៊ីចឹង​ដែរ​គឺ​​​ ការ​ចាប់​អាជីព​ជា​អ្នក​ដឹក​នាំ​រឿង។ ដោយ​សារ​​មូលហេតុ​នេះ​ហើយ​ទើប​ Xu សម្រេច​បន្ត​ការ​សិក្សា​របស់​នាង​នៅ​​លើ​ទឹក​ដី​អាមេរិក​​ផ្នែក​ដឹក​នាំ​​ការ​សម្ដែង​នៅ​ឯ​សាលា Art Centre College of Design។ Xu និយាយ​ថា៖ "ខ្ញុំ​ចង់​បង្កើត​ភាពយន្ត​បែប​ជីវប្រវត្តិ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ និង​ការ​រៀបចំ​ពេល​វេលា​ច្រើន។ ខ្ញុំ​ក៏​ចង់​ធ្វើ​ភាពយន្ត​បែប​តថភាព​សង្គម​ផង​ដែរ​ដូចជា​រឿង "Dying to Survive" ដែល​ផ្អែក​ទៅ​​ព្រឹត្តិការណ៍​​​​​​​ពិតៗ ហើយ​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​សង្គម​ជាក់ស្ដែង"។

និយាយ​ពី​ការ​សម្ដែង​វិញ Xu Jiao បាន​រៀបរាប់​ថា "CJ7" គឺ​ជា​​រឿង​ពិបាក​បំផុត​សម្រាប់​នាង ជា​ពិសេស​ការ​ដើរ​តួ​ជា​ក្មេង​ប្រុស ហើយ​ណាមួយ​នាង​មិន​ធ្លាប់​មាន​បទពិសោធន៍ ឬ​ការ​ហ្វឹកហាត់​អ្វី​សោះ​ឡើយ​។ យ៉ាង​ណា​មិញ ព្រោះ​តែ​ការ​បង្ហាត់​បង្ហាញ​ផ្លូវ​ពី​ Stephen Chow ទើប​នាង​អាច​​ធ្វើ​បាន​ល្អ​យ៉ាង​ដូច្នេះ រហូត​ដល់​ទទួល​បាន​​ទាំង​​ពាន​រង្វាន់​សម្ដែង​ល្អ​បំផុត​លើក​ទី​២៨ របស់​ហុងកុង​ថែម​ទៀត​ផង។ "នៅ​ពេល​កំពុង​ផលិត​រឿង CJ7 លោក Chow យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​មក​លើ​ខ្ញុំ។ គាត់​ទាម​ទារ​​ការ​ថត​ប្លង់​នីមួយៗ​ឲ្យ​ល្អ​បំផុត។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​គាត់​ណាស់ ដែល​រើស​​យក​ខ្ញុំ​សម្រាប់​តួ​សម្ដែង​មួយ​នេះ ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​កាន់​អាជីព​សម្ដែង"៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;