ក្រសួងពាណិជ្ជកម្ម ចុះ MoU ជាមួយក្រុមហ៊ុនជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច នៅកម្ពុជា

  • 2020-05-27 01:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះ​ហត្ថ​លេ​ខា លើអនុស្សារណៈយោគយល់គ្នា រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី (K.C.C.V PLANTATION CO., LTD) ស្តីពីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព។ ពិធីចុះ​ហត្ថ​លេ​ខានេះ ធ្វើឡើងកាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

រូបភាព៖ ក្រសួងពាណិជ្ជកម្ម
លោក ប៉ាវ ហេងតារា មានប្រសាសន៍ថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបន្លែ ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានបង្កើតចង្កោមកសិករផលិតបន្លែសុវត្ថិភាព តាមខេត្តគោលដៅចំនួន១៨ ដើម្បីតភ្ជាប់ទីផ្សារ និងសម្របសម្រួលភាពជាដៃគូវិស័យសាធារណៈ-ឯកជន ដើម្បីលើកកម្ពស់ផលិតភាព និងផលចំណេញលើវិស័យបន្លែ។

លោករដ្ឋលេខាធិការបន្តថា អនុស្សារណៈយោគយល់គ្នា នឹងបង្កើនកិច្ចសហការគ្នាកាន់តែស៊ីជម្រៅរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងផ្សារទំនើប និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព ជាពិសេសជួយសម្របសម្រួលដល់ក្រុមផលិតបន្លែសុវត្ថិភាពដោយគាំទ្រផែនការផលិតបន្លែ និងតភ្ជាប់ទីផ្សារ។

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ហើយត្រូវបានដឹកនាំប្រតិបត្តិដោយក្រសួងពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ គម្រោងប្រតិបត្តិការនៅ ១៨ខេត្ត និងអន្តរាគមលើខ្សែច្រវាក់តម្លៃទំនិញពាណិជ្ជចំនួន៥ ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។

លើសពីនេះ គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវាក់តម្លៃបន្លែ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ ដូចជា បច្ចេកទេសដាំដុះ ការធ្វើផែនការហិរញ្ញវត្ថុនិងអាជីវកម្ម ប្រព័ន្ធស្រោចស្រព ឥណទាន និងទីផ្សារ។ ថ្មីៗនេះ គម្រោងបានសហការជាមួយក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន ខូអិលធីឌី ដែលបង្កើតផ្សារទំនើបនៅរាជធានីដើម្បីភ្ជាប់ ក្រុមកសិករផលិតបន្លែសុវត្ថិភាពពីសហគមន៍ផលិតផ្ទាល់មកដល់រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា គោលដៅសំខាន់ៗនៃអនុស្សារណៈយោគយល់គ្នានេះ រួមមាន កំណត់រកឱកាសសម្រាប់សកម្មភាពរួមគ្នា និងធ្វើជាដៃគូរយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្ម និងបញ្ហាទីផ្សារ និងលើកកម្ពស់មុខទំនិញ / ផលិតផលកសិ-ពាណិជ្ជកម្មនៅមូលដ្ឋានតាមរយៈប្រព័ន្ធទីផ្សារទំនើប និងការតភ្ជាប់ទីផ្សារ ដើម្បីគាំទ្រដល់កសិករផលិតនៅមូលដ្ឋាន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;