ទូតកូរ៉េ ទទួលស្គាល់ភាពយឺតយ៉ាវនៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ ២២

  • 2020-05-27 02:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុងជំនួប​ពិភាក្សា​ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២០ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បាន​ថ្លែង​ទទួលស្គាល់​នូវភាពយឺតយ៉ាវ​នៃការសាងសង់​ផ្លូវជាតិលេខ២ និងលេខ២២ ហើយ​លោកបាន​ប្តេជ្ញាថា នឹង​ជួយជ្រោមជ្រែង​ធ្វើឱ្យគម្រោងនេះ​បាន​អនុវត្ត​ទាន់ពេលវេលាតាម​ការគ្រោងទុកប្រកបដោយ​គុណភាព​រឹងមាំ និង​អាចប្រើប្រាស់​ជាប់បាន​យូរអង្វែង។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
គួររំលឹក​ថា កាលពី​ដើមខែឧសភាកន្លងទៅ លោក ស៊ុន ចាន់ថុល បាន​ផ្ញើលិខិតព្រមានក្រុមហ៊ុន Hanshin ដែល​ទទួលខុសត្រូវក្នុងការ​សាងសង់​ផ្លូវជាតិលេខ២ និងលេខ២២ ដោយសារគ្រឿងចក្រ​មិនទាន់ដល់ និង​ការសាងសង់​ខុសលក្ខណៈបច្ចេកទេស។ ការព្រមាននេះ បន្ទាប់ពីលោកបានចុះត្រួតពិនិត្យ​ផ្លូវនេះ ដោយមិនជូនដំណឹងជាមុន។

សូមជម្រាប​ថា គម្រោង​ធ្វើឱ្យប្រសើរឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ការសាងសង់ផ្លូវនេះ គ្រោងចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕

អត្ថបទថ្មី
;