តាមដំណឹង មានក្រុមផលិតករបរទេសប៉ុន្មានក្រុម បានឲ្យតម្រុយហើយ!
- 2020-05-27 04:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដំណឹង មានក្រុមផលិតករបរទេសប៉ុន្មានក្រុម បានឲ្យតម្រុយហើយ!
ចន្លោះមិនឃើញ
តាមព័ត៌មាន មានក្រុមផលិតភាពយន្តបរទេសចំនួន ៣-៤ ក្រុម បានឲ្យតម្រុយថានឹងមកបោះទីតាំងថតភាពយន្តនៅលើទឹកដីប្រទេសកម្ពុជា បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់វត្តមានរបស់ក្រុមផលិតភាពយន្តក្រៅស្រុកទាំងនោះ។
ក្រុមផលិតភាពយន្តមកពីបរទេសទាំងនោះ មាន បារាំង អាមេរិក និងអូស្ត្រាលីជាដើម។ តាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឲ្យដឹងថា ក្នុងចំណោមនោះ មានក្រុមផលិតខ្លះបានដាក់ឯកសារផ្លូវការមកកាន់ភាគីកម្ពុជាហើយ ដើម្បីបានសិទ្ធិធ្វើការងាររបស់ខ្លួននៅលើទឹកដីព្រះរាជាណាចក្រអច្ឆរិយនៃយើង។
“ក្នុងចំណោមហ្នឹង មានពីរ ដូចខាងអូស្ត្រាលីជាដើម គាត់បានដាក់ Script ឲ្យយើងរួចហើយ ហើយយើងក៏បានពិនិត្យលើខ្លឹមសាររួចហើយ ហើយក៏បានអនុញ្ញាតហើយដែរ អីចឹងមាន២ហ្នឹង យើងបានមើល Script ហើយៗ ដោយឡែក២ទៀត ទើបជាគម្រោងនៅឡើយ"។
ភាពយន្តទាំងនោះ ជាប្រភេទរឿងខ្នាតវែង ហើយបើតាមប្រធាននាយកដ្ឋានភាពយន្តដដែល ក្នុងចំណោម២រឿង មានមួយរឿង ជាប្រភេទរឿងស្រដៀងទៅនឹងភាពយន្ត "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" របស់ផលិតករ អេនជូលីណា ជូលី។ ដោយឡែក មួយរឿងទៀតជាប្រភេទរឿងនិយាយពីប្រវត្តិរបស់ស្ថាបនិកអង្គការ CCF គឺលោក Scott Nelson ។ ទាំងពីររឿងនេះ គឺទទួលបានការអនុញ្ញាតឲ្យថតហើយ ដោយឡែកតែចុះមកថតតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្វីៗត្រូវបានរាំងស្ទះ ដោយសារមេរោគខូវីដ-១៩ ទៅហើយ បើពុំនោះទេ លោក បូរក្ស ថាដំណើរថតទំនងអាចចាប់ផ្ដើមតាំងពីខែមករាឆ្នាំ ២០២០ មកម្ល៉េះ។ ដូច្នេះហើយ ដោយសារតែបែបនេះ នៅមិនទាន់ដឹងនៅឡើយថា ក្រុមផលិតករបរទេសអាចចាប់ផ្ដើមការងាររបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជានៅពេលណានៅឡើយ។
កាលពីឆ្នាំ ២០១៩ មានភាពយន្តបរទេសដែលមកថតនៅកម្ពុជា សរុបទាំងអស់ ៣៦ចំណងជើង ក្នុងនោះមានទាំងប្រភេទភាពយន្តឯកសារ និងខ្នាតវែង។ ដោយឡែកមកដល់ដើមឆ្នាំ ២០២០នេះវិញ ប្រធាននាយកដ្ឋានភាពយន្ត បញ្ជាក់ថា ចំនួនបានថយចុះច្រើន ពោលគឺចាប់តាំងពីខែមករាដើមឆ្នាំមក មិនមានភាពយន្តបរទេសណា ក្រៅពីក្រុមដែលបានលើកឡើងពីខាងលើ មកសុំសិទ្ធិថតឡើយ បញ្ហាចម្បង គឺ កូវីដ ១៩ នេះ ដែលប្រទេសជាច្រើននៅបិទប្រទេសនៅឡើយ៕