តួនាទី ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ ក្នុងជួរទ័ព

  • 2020-06-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ខ្ញុំបាទវរសេនីយ៍ឯក ព្រាប សុវត្ថិ នាយរងការិយាល័យទី៥ កងទ័ពជើងគោក" នេះឃ្លាមួយក្នុងលិខិតសុំចូលរួមបរិច្ចាគប្រាប់បៀវត្សរបស់លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីលំដាប់កំពូលរបស់កម្ពុជា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។

តារាចម្រៀងព្រាប សុវត្ថិ ច្រៀងក្នុងប្រគំតន្ត្រីមួយកាលពីកន្លងទៅ
ឃ្លាខាងលើបានបញ្ជាក់យ៉ាងច្បាស់ពីឋានន្តរសក្តិ និងតួនាទីរបស់តារាចម្រៀងលោកព្រាប សុវត្ថិ ក្នុងអង្គភាពកងទ័ពជើងគោកនៃក្រសួងការពារជាតិនៃព្រះរាជណាចក្រកម្ពុជា។ លោក ព្រាប សុវត្ថិ មានឋានន្តរសក្តិជាវរសេនីយ៍ឯក សក្តិ៥ មានតួនាទីជា នាយរងការិយាល័យទី៥ កងទ័ពជើងគោក
រូបតារាចម្រៀង ព្រាប សុវត្ថិ និងកូនស្លៀកឈុតស៊ីវិល និងទាហាន

លិខិតរបស់នាយរងការិយាល័យទី៥ កងទ័ពជើងគោករូបនេះបានសរសេរថា "ខ្ញុំបាទវរសេនីយ៍ឯក ព្រាប សុវត្ថិ នាយរងការិយាល័យទី៥ កងទ័ពជើងគោក សូមគោរពជូន ឯកឧត្តម វេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាទីគោរពដ៏ខ្ពង់ខ្ពស់!!! ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩(Covid-19) ខ្ញុំបាទបានស្ម័គ្រចិត្តបរិច្ចាគប្រាប់បៀវត្សផ្ទាល់ខ្លួនរបស់ខ្ញុំបាទចំនួន ៤០០,០០០ ៛ (សែសឹបម៉ឺនរៀល) ចំនួន ០៦ខែ (ប្រាំមួយខែ) ដោយរាប់គិតចាប់ពីខែឧសភា សល់ខែ តុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន។"

លិខិតរបស់តារាចម្រៀង ព្រាប សុវត្ថិ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលផុសក្នុងFBផ្លូវការរបស់លោក

ក្រៅពីខ្លួនមានតួនាទីក្នុងក្រសួងការពារជាតិនោះ កូនប្រុសទាំង៣ របស់តារាចម្រៀងរូបនេះក៏ជាទាហានក្នុងជួរទ័ពផងដែរ សុវត្ថិ មុនីនាគ មានឋានន្តរសក្តិជាពលទោ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យការិយាល័យទី៥ សុវត្ថិ មុនីវណ្ណ មានឋានន្តរសក្តិជាព្រិន្ទបាលឯក មានតួនាទីជាជំនួយការការិយាល័យទី៥ នៃកងទ័ពជើងគោក និងពលទោ សុវត្ថិ សិរីវុឌ្ឍ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យការិយាល័យទី៥ផងដែរ។

ក្រៅពីជាតារាចម្រៀងល្បីប្រចាំប្រទេស និងឋានន្តរសក្តិជាវរសេនីយ៍ឯកនាយករងការិយាល័យទី៥នៃកងទ័ពជើងគោក លោកព្រាប សុវត្ថិ នៅមានមុខរបរធំមួយចំនួនផ្សេងទៀតផងដែរ ក្នុងនោះ មុខរបរផ្នែកអចលនទ្រព្យដែលដីពុះឡូតិ៍លក់នៅមុខវត្តអង្គក្រពើ និងព្រំដែនថៃនិងភោជនីយដ្ឋាន "ផ្ទះព្រាបសុវត្ថិ" ដែលមានទីតាំងម្តុំវត្តសំរោងអណ្តែត៕

រូបថត៖ ផេកផ្លូវការរបស់លោក ព្រាប សុវត្ថិ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;