ប្រធាន FIFA លើក​ទឹក​ចិត្ត​​ឲ្យ​ទះ​ដៃ​សាទរ​ចំពោះ​​ទង្វើ​ដ៏​ក្លាហាន Sancho និង​កីឡាករ ៣ រូប​ទៀត

  • 2020-06-03 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Gianni Infantino ជា​ប្រធាន​ស្ថាប័ន​បាល់ទាត់​ពិភពលោក​ FIFA បាន​និយាយ​ថា ​ទង្វើ​របស់​ កីឡាករ Bundesliga ៤ រូប​នោះ​ គួរ​ណាស់​តែ​ត្រូវ​បាន​ទះ​ដៃ​សាទរ និង​លើក​ទឹក​ចិត្ត​បន្ថែម​ មិន​មែន​ត្រូវ​ដាក់​​ពិន័យ​ឡើយ ជុំវិញ​ការ​បង្ហាញ​ភាព​ក្លាហាន​របស់​ពួក​គេ​ចេញ​មក។

​លោក​បាន​ប្រាប់​សារព័ត៌មានថា៖ "ខាង​ FIFA បាន​យល់​ច្បាស់​ពី​ជម្រៅ​ចិត្ត​របស់​កីឡាករ​នីមួយៗ​ទាក់ទិន​នឹង​ករណី​ស្លាប់​របស់​ George Floyd '' ។

FIFA បាន​បន្ត​ថា៖ "ការ​អនុវត្ត​ច្បាប់​នៃ​ការ​ប្រកួត​របស់​ស្ថាប័ន​លីគ​នីមួយៗ​នៅ​តែ​មាន តែ​ស្ថាប័ន​ទាំង​នោះ​ត្រូវ​តែ​គិត​គូរ​ឲ្យ​ត្រឹមត្រូវ និង​ច្បាស់លាស់​ជុំវិញ​រឿង​ហេតុ​ដែល​កំពុង​កើត​ឡើង"។

កីឡាករ Bundesliga ៤ រូប​នោះ​រួម​មាន Jordan Sancho និង Achraf Hakimi ​​កីឡាករ​របស់​ក្លឹប​ Borussia Dortmund រួម​នឹង​ Weston McKennie កីឡាករ​របស់​ក្លឹប ​Schalke04 ​និង​ Marcus Thuram ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Monchengladbach អាច​​​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ​ពី​ខាង​សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់ ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ក្នុង​ន័យ​គាំទ្រចេតនា ​នយោបាយ សាសនា។ យ៉ាងណា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​នៅ​ឡើយ​។

​ចំពោះ​ការ​ "ស្វែង​រក​យុត្តិធម៌​ឱ្យ George Floyd” ជា​​​បុរស​អាមេរិក​កាំង​ស្បែក​ខ្មៅ ​ត្រូវ​បាន​ស្លាប់​ទាំង​អយុត្តិធម៍ ដែល​មាន​ពាក់​ព័ន្ធ​ទៅ​នឹងការ​រើស​អើង​ពូជសាសន៍ ពណ៍​សម្បុរ ​​គេ​សង្កេត​ឃើញ​មាន​ កីឡាករ​ជា​ច្រើន​នាក់​បាន​ចូល​រួម​លើ​បណ្ដាញ​សង្គម​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​​បុរស​អាមេរិក​កាំង​ស្បែក​ខ្មៅ​រូប​នោះ ​និង​បង្ហោះ​សារ​គាំទ្រយុទ្ធនាការ​មិន​រើស​អើង​ពូជសាសន៍ ពណ៍​សម្បុរ​ថែម​ទៀត​ផង៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;