ភាពយន្ត​ពេញ​លេញ​មួយ បង្ហាញ​សត្វ​ធម្មជាតិ​របស់​កម្ពុជា​យ៉ាង​សម្បូរបែប!

  • 2020-06-03 09:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​​ឯកសារ​ដ៏​កម្រ​មួយ​ស្ដី​ពី​សត្វ​ក្នុង​ធម្មជាតិ​របស់​កម្ពុជា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ប្រព័ន្ធ​យូធូប ដែល​បាន​បង្ហាញ​ពី​ភាព​ដ៏​សម្បូរ​បែប​នៃ​សត្វ​ក្នុង​ធម្មជាតិ​ក្នុង​ស្រុក​ខ្មែរ ពោល​គឺ​មាន​រាប់​ម៉ឺន​ប្រភេទ។

នេះ​ជា​វីដេអូ​ឯកសារ​ពេញ​លេញ​មួយ​ដែល​មាន​រយៈ​ពេល​ជាង ១ម៉ោង ដែល​ចង​ក្រង​ដោយ Funan Focus ដែល​ជា​គម្រោង​មួយ​ថ្មី ផ្ដល់​ការ​អប់រំ​ពី​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ជា សំបាន ជា​អ្នក​ស្រឡាញ់​ធម្មជាតិ ចូល​ចិត្ត​ស្វែង​យល់​ពី​ធម្មជាតិ និង​ជា​អតីត​បុគ្គលិក​បម្រើ​ការ​ក្នុង​អង្គការ​មួយ​ជួយ​ថែ​រក្សា និង​អភិរក្ស​ជីវចម្រុះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​តួអង្គ​សំខាន់​នៅ​ក្នុង​វីដេអូ ថ្លែង​ថា ​លោក​ចង់​ចែក​រំលែក​អារម្មណ៍​ពិត​មួយ​របស់​លោក​ជាមួយ​ប្រិយមិត្ត។ លោក ថ្លែង​ថា "ខ្ញុំ​ចង់​ចែក​រំលែក​អារម្មណ៍​ស្រឡាញ់​ធម្មជាតិ​របស់​ខ្ញុំ​បាទ ជាមួយ​លោក​អ្នក"។

វីដេអូ​យ៉ាង​កម្រ​ស្ដី​ពី​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា នឹង​នាំ​ប្រិយមិត្ត​ចូល​ទៅ​កាន់​ព្រៃ​ដ៏​សំខាន់ៗ​កន្លែង​ដែល​ជីវចម្រុះ​រស់​នៅ ជា​កន្លែង​ដែល​ពោរពេញ​ដោយ​សន្តិភាព និង​ផាសុកភាព។ លោក សំបាន ថ្លែង​ថា វីដេអូ​នេះ នឹង​នាំ​លោក​អ្នក​ទៅ​ស្ដាប់​សំឡេង​តូច​យំ​ដ៏​គ្រលួច គយគន់​បក្សី​ហើរ​ត្រសង​នៅ​លើ​អាកាស និង​នាំ​ប្រិយមិត្ត​ទៅ​កាន់​ពិភព​ដ៏​អាថ៌កំបាំង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ជីវិត ប្រភេទ​លូន និង​រំកិល​ខ្លួន តាម​ស្រទាប់​បាត​ព្រែក និង​សត្វ​ជា​ច្រើន​ដែល​ត្រូវ​មើល និង​ស្វែង​រក។

ទិដ្ឋភាព​នៅ​ក្នុង​វីដេអូ​ឯកសារ​ផ្ដិត​ចេញ​ពី​ព្រៃ​នៅ​តាម​បណ្ដា​ខេត្ត​មាន​សក្ដានុពល​ធម្មជាតិ​មួយ​ចំនួន​របស់​កម្ពុជា​ដូច​ជា ឧត្តរមានជ័យ ព្រះវិហារ និង​មណ្ឌលគីរី​ជា​ដើម ដែល​ព្រៃ​ធម្មជាតិ​ទាំង​នេះ ជា​ជម្រក​របស់​ជីវចម្រុះ​រាប់​ម៉ឺន​ប្រភេទ។ ថ្លែង​នៅ​ក្នុង​វីដេអូ​កាល​ពី​៣​ឆ្នាំ​មុន​នេះ លោក ជា សំបាន ប្រាប់​ថា កម្ពុជា​មាន​ថនិកសត្វ​ជាង ២០០​ប្រភេទ សត្វ​ស្លាប​ជាង ៦០០​ប្រភេទ សត្វ​ល្មូន ១៧៣​ប្រភេទ មច្ឆា​ជាតិ​ប្រហែល ១២៨៥ ប្រភេទ និង​សត្វ​ល្អិត​រាប់​ម៉ឺន​ប្រភេទ រួម​ជាមួយ​ប្រភេទ​សត្វ​រាប់​ម៉ឺន​ប្រភេទ​ទៀត ដែល​រក​មិន​ទាន់​ឃើញ​ និង​សិក្សា​​ដោយ​អ្នក​វិជ្ជាសាស្ត្រ។

ធម្មជាតិ និង​សត្វ​រាប់​ម៉ឺន​ប្រភេទ​នោះ គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មនុស្ស​យើង​មិន​អាច​កាត់​ផ្ដាច់​បាន។ លោក សំបាន លើក​ឡើង​ថា "ធម្មជាតិ និង​មនុស្ស​យើង គឺ​តែ​មួយ​!”។

សូម​ចូល​រួម​ថែ​រក្សា និង​ការពារ​សត្វ និង​ធម្មជាតិ​របស់​យើង...ព្រោះ​បើ​ថ្ងៃ​ណា​មួយ​បាត់​ពួក​វា​អស់​ទៅ ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​ណាស់។ តោះ...ទស្សនា និង​ស្វែង​យល់ យក​អារម្មណ៍​ដ៏​ស្ងប់​សុខ​ពី​ធម្មជាតិ​របស់​យើង!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;