វីដេអូ៖ ដំរីញី​កំពុង​ពពោះ​១ក្បាល ត្រូវ​សម្លាប់ ក្រោយ​ស៊ីម្នាស់​មាន​បង្កប់​ផាវ​ខាង​ក្នុង

  • 2020-06-03 23:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំរី​ព្រៃ​ដែល​កំពុង​ពពោះ​១​ក្បាល បាន​ងាប់ ដោយសារ​រង​របួស​យ៉ាង​ដំណំ បន្ទាប់​ពី​ស៊ី​ផ្លែ​ម្នាស់​ដែល​មាន​បង្កប់​ផាវ​នៅ​ខាង​ក្នុង។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​​ភូមិ Malappuram ស្ថិត​​ក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២០។

រឿងរ៉ាវ​គឺ​ថា​ដំរី​ញី​១​ក្បាល​នោះ​បាន​ចេញ​ពី​ព្រៃ ដើម្បី​ស្វែង​រក​ចំណី​​​ក្នុង​ស្រុក​ភូមិ​​ដែល​នៅ​ក្បែរ។ ឃើញ​ដូច្នេះ អ្នក​ភូមិ​ក៏​បាន​បោះ​​ម្នាស់​១​ផ្លែ​ឲ្យ​​ស៊ី មិន​មែន​ព្រោះ​សេចក្ដី​អាណិត​អាសូរ​ទេ តែ​ក្នុង​គោល​បំណង​សម្លាប់​វា​​ចោល។ ក្នុង​ម្នាស់​នោះ​មាន​បង្កប់​នូវ​ផាវ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ផ្ទុះ​ខ្ទេច​ខ្ទី​អស់​មាត់​ដំរី ថ្គាម និង​អណ្តាត​របស់​វា​ដល់​ថ្នាក់​មិន​អាច​ស៊ី​អី​​​អស់​ជា​ច្រើន​ថ្ងៃ​​រហូត​ដល់​​​ក្ស័យ​ជីវិត។

មន្ត្រី​ព្រៃ​ឈើ​ម្នាក់​ឈ្មោះ Mohan Krishnan បាន​និយាយ​ថា មុន​ងាប់ ដំរី​ញី​នេះ​បាន​ឈរ​ត្រាំ​ទឹក​នៅ​ក្នុង​ទន្លេ ហើយ​ក្រុម​សង្គ្រោះ​ព្យាយាម​ជួយ​វា​ដែរ តែ​មិន​អាច​ស្រោចស្រង់​ជីវិត​សត្វ​ដ៏​កម្សត់​នេះ​បាន។ លោក Krishnan បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា៖ "វា (ដំរី​ញី​ដែល​ងាប់) បាន​ជឿ​ជាក់​​រាល់​គ្នា (អ្នក​ភូមិ)។ នៅ​ពេល​ម្នាស់​ដែល​វា​ស៊ី​នោះ​បាន​ផ្ទុះ វា​ច្បាស់​ណាស់​ប្រាកដ​ជា​ភ័យ​ខ្លាច​មិន​គិត​ពី​ខ្លួន​ឯង តែ​គិត​ពី​កូន​វា​ដែល​កំពុង​ពពោះ​និង​ចាប់​កំណើត​ក្នុង​រយៈពេល ១៨ ទៅ ២០​ខែ​ខាង​មុខ"។ លោក​បាន​រៀបរាប់​បន្ត​ថា កំឡុង​ពេល​ត្រូវ​​គេ​ធ្វើ​បាប ដំរី​នោះ​មិន​បាន​​​ទៅ​វាយ​ប្រហារ​ផ្ទះ​ ឬ​អ្នក​ភូមិ​ស្រុក​ឡើយ តែ​វា​បែរ​ជា​រត់​ចេញ​ពី​ភូមិ​ទាំង​សេចក្ដី​ឈឺ​ចាប់។ "នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​និយាយ​ថា វា​ជា​សត្វ​ពោរពេញ​ទៅ​ដោយ​អំពើ​ល្អ" លោក Krishnan បាន​បន្ថែម។

សូម​បញ្ជាក់​ថា នៅ​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៩ មាន​ដំរី​៥១០​ក្បាល ដែល​ត្រូវ​គេ​សម្លាប់​ក្នុង​ប្រទេស​ឥណ្ឌា ក្នុង​​រូបភាព​ផ្សេងៗ​គ្នា​ដូចជា ឆក់​ខ្សែ​ភ្លើង បរ​បាញ់ ត្រូវ​រថភ្លើង​បុក ឬ​បំពុល ជា​ដើម។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សារព័ត៌មាន​ក្នុង​ស្រុក IndianExpress៕

សូម​ទស្សនា​វីដេអូ​សកម្មភាព​ជួយ​សង្គ្រោះ​ដំរី​រង​គ្រោះ តែ​មិន​​បាន​សម្រេច៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

;