រដ្ឋបាលខេត្តកំពត គ្រោងសាងសង់ផ្លូវក្នុងឃុំព្រែកត្នោតស្រុកទឹកឈូតាមបណ្ដោយឆ្នេរ

  • 2020-06-04 07:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផលប៉ះពាល់លើគម្រោងការសាងសង់ផ្លូវ មួយខ្សែស្ថិតនៅភូមិព្រែកត្នោតក្នុងឃុំព្រែកត្នោតស្រុកទឹកឈូ តាមបណ្ដោយឆ្នេរសមុទ្រក្នុងខេត្តកំពត។ កិច្ចប្រជុំនេះ ធ្វើឡើង​នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

ជាលទ្ធផលក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មានការគាំទ្រដល់គម្រោងសាងសង់ផ្លូវនេះ តាមរយៈការចូលរួមមតិយោបល់និងការបង្ហាញពីសារៈប្រយោជន៍នៃគម្រោងសាងសង់ផ្លូវនេះ ដោយបានលើកជាមតិយោបល់បញ្ជាក់ឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្នុងភូមិព្រែកត្នោតឃុំព្រែកត្នោតស្រុកទឹកឈូនេះនៅពេលសាងសង់រួច គឺជាផ្លូវមានសារៈសំខាន់នាំមកផលប្រយោជន៍ដល់សាធារណៈទូទៅជាច្រើន។ ពិសេសផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាយុទ្ធសាស្ត្រ នៃរនាំងការពារ ដីឆ្នេរនិងព្រៃកោងកាង មាត់សមុទ្រពីការរំលោភបំពាននានា មិនតែប៉ុណ្ណោះ ក៏នាំមកនូវជាហេដ្ឋារចនាសម្ព័ន្ធដែលជាសក្ដសនុពល បម្រើដល់វិស័យទេសចរណ៍សម្រាប់បង្កើនជីវភាពសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទ នៅតំបន់នោះទៀតផង។

លោក ជាវ តាយ អភិបាលខេត្ត បានចាត់ទុកកិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ ដើម្បីប្រមូលមតិចូលរួម ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។ ព្រោះថាការងារអភិវឌ្ឍន៍អ្វីមួយ ត្រូវមានការចូលរួមគិត ចូលរួមធ្វើ ចូលរួមទទួលខុសត្រូវ នឹងចូលរួមទទួលផលប្រយោជន៍ទាំង​អស់​គ្នា ក្នុងនោះគឺការផ្ដល់ផលប្រយោជន៍ដល់សាធារណជនទូទៅពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសហគមន៍នៃតំបន់អភិវឌ្ឍន៍នេះ។ លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ឲ្យដឹងដែរថា បញ្ហាផ្លូវគឺជាការងារអាទិភាព ក្នុងវិស័យអាទិភាពមួយចំនួននៃគោលនយោបាយរបស់រាជរដ្ឋាភិបាលពោល គឺមានផ្លូវមានក្ដីសង្ឃឹម នេះផ្អែកតាមចក្ខុវិស័យដឹកនាំប្រទេសជាតិរបស់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍អ្វីមួយ ត្រូវតែមានការចូលរួមមតិយោបល់ពីជំនាញ អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋាន អំពីផលប្រយោជន៍ វិជ្ជមាននិងអវិជ្ជមាន។ ដូចនេះឯកឧត្ដមអភិបាលខេត្តក៏សូមស្នើដល់ជំនាញនិងអាជ្ញាធរមូលដ្ឋានមុនពេលចាប់ដំណើរការគម្រោងសាងសង់ផ្លូវនេះ ត្រូវជួបជាមួយប្រជាពលរដ្ឋតាមរយៈអង្គការសាធារណៈសំដែងការចូលរួមគាំទ្រក្នុងការទទួលផលប្រយោជន៍ពីផ្លូវនេះ ហើយក៏ត្រូវលើកជាប៉ាណូផ្សាយឲ្យបានទូលំទូលាយសាងក្នុងការដ្ឋានសាងសង់ចៀសវាងការយល់ច្រឡំពីមតិសាធារណជនវាយតម្លៃពីភាពអវិជ្ជមានណាមួយមកលើអាជ្ញាធរមូលដ្ឋាននិងខេត្តក៏ដូចជាមន្ត្រីជំនាញគ្រប់គ្រងនៃតំបន់នោះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំព

អត្ថបទថ្មី
;