ក្រុមហ៊ុនកូរ៉េមួយ បង្ហាញគម្រោងនាំចូល និងដាក់ឱ្យដំណើរការម៉ូតូសាកថ្ម នៅកម្ពុជា

  • 2020-06-08 01:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសម្តែង ពិភាក្សាការងារជាមួយលោក Lee JaeHoo ប្រធានក្រុមហ៊ុនDaehan Group ប្រចាំកម្ពុជា និង​បាន​លើកពីគម្រោងនាំចូល និងដាក់ឲ្យដំណើរការ ម៉ូតូសាកថ្ម (Electric Vehicle) ដែលអាចប្តូរថ្មមានសាកនៅតាមស្ថានីយ៍ ហើយអាចប្រើប្រាស់។ ជំនួបពិភាក្សានេះ ធ្វើ​ឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងផ្ដល់ការគាំទ្រចំពោះគម្រោងនេះ និងបានស្នើឲ្យ ក្រុមហ៊ុនផ្ដោតជាសំខាន់លើការប្រើប្រាស់មធ្យោបាយធ្វើដំណើរនេះនៅខេត្តសៀមរាប ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍នៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងជួយកាត់បន្ថយការបំពុល បរិស្ថានផងដែរ។ ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនធ្វើការសិក្សាលើគម្រោង នេះឲ្យបានច្បាស់លាស់មុននឹងនាំចូលដាក់ឱ្យដំណើរការជាផ្លូវការ ដោយសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវការប្រកួតប្រជែង។

គូសបញ្ជាក់​ថា ម៉ូតូសាកថ្ម (Electric Vehicle) នេះ​អាច​ធ្វើដំណើរបានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ អាចកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងមានតម្លៃចន្លោះពី ១០០០ ទៅ ១៥០០ ដុល្លារសហ​រដ្ឋអាមេរិក និងបានស្នើសុំអនុសាសន៍ និង ការគាំទ្រពីលោកទេសរដ្ឋមន្ត្រីមុននឹងនាំចូលនិងដាក់ឱ្យដំណើរការគម្រោងនេះជាផ្លូវការ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;