ទូតឥណ្ឌូនេស៊ី ស្នើឲ្យកម្ពុជាធ្វើផ្លូវមួយខ្សែដាក់ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន
- 2020-06-11 07:40:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតឥណ្ឌូនេស៊ី ស្នើឲ្យកម្ពុជាធ្វើផ្លូវមួយខ្សែដាក់ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន
ចន្លោះមិនឃើញ
លោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី បានស្នើសុំ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ ពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវ ចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេបាន របស់ក្រសួង ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យ សាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ នានាដែលសាធារណរដ្ឋ ឥណ្ឌូនេស៊ីអាចចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការកសាងសមត្ថភាពកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតទៀត។
ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមនេះដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ និងការវិនិយោគរវាងប្រទេស ទាំងពីរផងដែរ។ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះកិច្ច សហការប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញ ភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសាធារណរដ្ឋឥណ្ឌូនេស៊ីទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីការសិក្សាគម្រោងអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលរួមមានផ្លូវរថភ្លើងក្រោមដី ប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្របសម្រាប់រាជធានីភ្នំពេញ៕
ប្រភព៖ រីក្រសួងសាធារណការ និងដឹកជញ្ជូន