ត្រឹមជាង ៧ម៉ោង អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ បាន ៨៦ករណី
- 2020-06-13 02:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមជាង ៧ម៉ោង អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ បាន ៨៦ករណី
ចន្លោះមិនឃើញ
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់យន្តការ «សមាជ» ជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋក្នុងខេត្តជាបន្តបន្ទាន់ ដោយថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះ លោកបានដោះស្រាយបានចំនួន ៨៦ករណីផ្សេងគ្នា ក្នុងរយៈពេលជាង ៧ម៉ោង នៅវេទិកាសាលាខេត្តពោធិ៍សាត់។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយរដ្ឋបាលខេត្តពោធិ៍សាត់។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម បានស្កាត់មកពីគ្រប់ទិសទីក្នុងខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីលោកអភិបាលខេត្ត លើបញ្ហាផ្សេងៗគ្នា ពាក់ព័ន្ធជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាពលរដ្ឋខ្លះមានជម្លោះដីធ្លី ប្រជាពលរដ្ឋខ្លះមានបញ្ហាបំណុល ប្រជាពលរដ្ឋខ្លះទៀតមានជម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរងការចាញ់បោកគេជាដើម។
ក្រៅពីបង្កើតយន្តការ «សមាជ» ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា រៀងរាល់ ២ថ្ងៃម្តង ក្នុងមួយសប្តាហ៍ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ ហើយក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរផងដែរ។
សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់ បានធ្វើឱ្យលោក ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តជាខ្លាំង។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេច ដែលបានផ្តល់ជូនអភិបាលខេត្តដ៏ល្អ មិនធ្លាប់មានពីមុនមក ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះ ចាកចេញទៅណានោះឡើយ៕
ប្រភព៖ វិបសាយរដ្ឋបាលខេត្តពោធិ៍សាត់ https://www.pursat.gov.kh/
រូបភាព៖ ហ្វេសប៊ុកលោក ម៉ៅ ធនិន និងវិបសាយរដ្ឋបាលខេត្តពោធិ៍សាត់