ក្រោយ​ចាប់​ផ្ដើម​​អាជីព​ជា​តារា​ម៉ូដែល ឥឡូវ​ស្រី​ស្អាត សាទីនី ប៉ង​សម្រេច​គោលដៅ​មួយ​ទៀត​ឲ្យ​បាន

  • 2020-06-16 07:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ម៉ូដែល​ជើង​ថ្មី​មួយ​រូប​ដែល​មាន​ទាំង​ព្រម ពោល​គឺ​វ័យ​ក្មេង ស្រស់​ស្អាត និង​មាន​ទេពកោសល្យ​សិល្បៈ​ច្រើន​ទៀត។ ដូច្នេះ​ហើយ ត្បិត​ថា ពេល​នេះ​បាន​ក្លាយ​ជា​តារា​ម៉ូដែល​របស់ Perfect 10 ហើយ​ក្ដី ប៉ុន្តែ សាទីនី ប្រាប់​ថា នាង​នៅ​មាន​គោល​បំណង​ស្រួចស្រាល់​មួយ​ទៀត។

សាទីនី ដែល​មាន​ឈ្មោះ​ដើម​ថា ឈឹម រ៉ានី ត្រូវ​បាន​ក្រុម​ម៉ូដែល Perfect 10 ជ្រើសរើស​ឲ្យ​ចូល​ក្រុម ក្រោយ​ពី​បាន​ឃើញ​ទេពកោសល្យ និង​អំណោយ​ផល​របស់​យុវតី​រូប​នេះ។ សាមី​ខ្លួន ប្រាប់​ថា នាង​រីករាយ​ចំពោះ​ឱកាស​នេះ ត្បិត​ថា នាង​ចូល​ចិត្ត​សិល្បៈ និង​ព្យាយាម​ស្វែង​រក​ឱកាស​ជា​ច្រើន​ដង​មក​ហើយ។ រ៉ានី ថា នាង​បាន​ចូល​រួម Casting ជាមួយ​ក្រុម​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​លទ្ធផល​ល្អ ទី​បំផុត​នាង​បាន​មក​ចូល​រួម​ជាមួយ​ក្រុម​ម៉ូដែល​ខាង​លើ​ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ម៉ូដែល​វ័យ​ក្មេង និង​ស្អាត​ចម្រុះ​ជាតិ​សាសន៍។

សមិទ្ធផល​នេះ សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា ជា​ការ​ចាប់​ផ្ដើម​ជីវិត​សិល្បៈ​របស់​នាង ឆ្ពោះ​ទៅ​រក​គោលដៅ​មួយ​ទៀត​នោះ គឺ​តារា​ចម្រៀង។ "សិល្បៈ​ខ្ញុំ​ចូល​ចិត្ត គឺ​ដើរ​ម៉ូដ និង​ចម្រៀង...ដើរ​ម៉ូដ​ខ្ញុំ​មិន​សូវ​មាន​បទ​ពិសោធន៍​ច្រើន​ទេ​ឥឡូវ ដោយ​ឡែក​ចម្រៀង គឺ​ខ្ញុំ​ចូល​ចិត្ត​តាំង​ពី​តូច គឺ​ខ្ញុំ​ចូល​ចិត្ត​ច្រៀង​ហ្នឹង​ខ្លាំង​តែ​ម្ដង ហើយ​រាល់​ថ្ងៃ ខ្ញុំ​តែង​តែ​ច្រៀង​លេង​រហូត​មក​នៅ​ផ្ទះ និង​ច្រៀង​ជាមួយ​មិត្ត​ភ័ក្តិ​ជា​ដើម"។

តារា​ម៉ូដែល​វ័យ​ក្មេង ​បញ្ជាក់​ថា នេះ​ជា​និស្ស័យ​ពី​កំណើត​របស់​នាង ដោយ​ក្នុង​សិល្បៈ​នេះ នាង​អាច​ច្រៀង​បាន​ទាំង​ភាសា​ជាតិ និង​ភាសា​អង់គ្លេស។ យ៉ាង​ណា​ក៏​ដោយ ភាសា​អង់គ្លេស នាង​មាន​ចំណូល​ចិត្ត​ច្រៀង​ជាង ដោយ​ពេល​ទំនេរ​នាង​តែ​ច្រៀង​លេង​រាល់​ថ្ងៃ។ ទោះ​យ៉ាង​ណា នាង​នៅ​តែ​ឆ្លៀត​ច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ​ដែរ ក្នុង​នោះ​តារា​ចម្រៀង​ក្នុង​ចិត្ត ដែល​នាង​តែ​ស្ដាប់​បទ​ពួក​គេ​រាល់​ថ្ងៃ មាន ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា និង​មាស សុខសោភា។

តិ្បត​ថានាង​មិន​ដែល​ចូល​រួម​ប្រឡង​ប្រជែង​ក្នុង​កម្មវិធី​ចម្រៀង​ណា​មួយ ប៉ុន្តែ សាទីនី ឲ្យ​ដឹង​ថា នាង​ដឹង​ខ្លួន​ឯង​ថា​មាន​ទេពកោសល្យ​លើ​ផ្នែក​នេះ និង​ជឿ​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន។ ដូច្នេះ​ហើយ រ៉ានី ឬ សាទីនី បញ្ជាក់​ថា នាង​នឹង​ខំ​ប្រឹង​ប្រើ​ពេល​ដើម្បី​ដុះ​ខាត់​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត អំឡុង​ពេល​ឥឡូវ​នាង​ចូល​កាន់​តែ​កៀក​នឹង​សិល្ប​ការិនី​អាជីព​មួយ​រូប​ហើយ ហើយ​នាង​នឹង​ស្វះស្វែង​រក​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​មួយ​បន្ថែម​ទៀត​ឲ្យ​ខាង​តែ​បាន៕

សាទីនី និង​មិត្ត​រួម​ក្រុម Perfect 10(រូបភាព៖ IG សាទីនី)

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;