ដឹងអត់ថា បុណ្យសមុទ្រឆ្នាំនេះ ធ្វើនៅខេត្តណា?
- 2020-06-17 01:31:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា បុណ្យសមុទ្រឆ្នាំនេះ ធ្វើនៅខេត្តណា?
ចន្លោះមិនឃើញ
នៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដោយរដ្ឋបាលខេត្តបានជ្រើសរើសយកទីតាំងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅផ្លូវប្រសព្វមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់។ នេះបើតាមការលើកឡើងថារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងឆ្នេរខ្សាច់ និងការត្រៀមរៀបចំបុណ្យសមុទ្រជុំទី៣ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក ថោង ខុន ថ្លែងថា បុណ្យសមុទ្យនៅខេត្តព្រះសីហនុ មានជម្រើស២ ទី១ ធ្វើផ្ទៃក្នុង ទី២ ជាលក្ខណៈបើកទូលាយ ដោយមានការចូលរួមពីបណ្តាប្រទេសនានា ដែលរង់ចាំការសម្រេចពីក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ព្រោះពិភពលោកកំពុងជួបវិបត្តិ Covid-១៩ ។
លោករដ្ឋមន្ត្រី បានបន្តថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងមមាញឹក មានផ្លូវ ៣៤ខ្សែ និងឆ្នេរខ្សាច់ជាង ៩គីឡូ ម៉ែត្រ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការកោតសរសើរ អបអរសាទរ ដែលជាស្នាដៃកូនខ្មែរ ជាអ្នកគូសប្លង់ និងសាងសង់ ហើយខ្មែរធ្វើបាន ដែលសមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ជំរុញកំណើនទេសចរ និងសេដ្ឋកិច្ច បច្ចុប្បន្នភ្ញៀវក្នុងស្រុកមានប្រមាណ ៦០ម៉ឺននាក់ក្នុងមួយខែ កាលមិនទាន់មាន Covid-១៩ ភ្ញៀវក្នុងស្រុកមានជាង ១លាននាក់ ក្នុងមួយខែ។
លោកបញ្ជាក់ថា «ទេសចរក្នុងស្រុកដំណើរការ បានជួយដល់សេដ្ឋកិច្ចក្នុងស្រុកបានមួយផ្នែក យើងបានលើកទឹកចិត្ត និងធ្វើការណែនាំអំពីសុវត្ថិភាព និងសុខុមាលភាពដល់ភ្ញៀវក្នុងស្រុក ធ្វើឱ្យវិស័យទេសចរណ៍រក្សាបាននូវគុណភាព និងសេវាកម្មដោយធានាថា មិនមានផលប៉ះពាល់ដល់ភ្ញៀវទេសចរ ដោយតម្រូវពាក់ម៉ាស់ លៀងសម្អាតដៃ រក្សាគម្លាតពីគ្នា និងការធ្វើអនាម័យជាដើម ។ ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ដែលមានផ្លូវ ឆ្នេរសមុទ្រ កោះ យើងក៏ត្រូវរៀបចំកន្លែងចតឡាន បង្គន់អនាម័យ បញ្ជរពត៌មាន ដើម្បីក្លាយជាគោលដៅទេសចរណ៍ទាក់ទាញ»៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ