ចិន និង​ឥណ្ឌា និយាយយ៉ាងម៉េចខ្លះពីការប៉ះទង្គិច​គ្នា​រវាងកងទ័ព​ទាំងពីរ?

  • 2020-06-17 03:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគី​ឥណ្ឌា បាន​អះអាងថា កងទ័ព​របស់ខ្លួនចំនួន ២០នាក់បានស្លាប់ ក្នុង​ការប៉ះទង្គិចគ្នាជាមួយ​កងទ័ពចិន កាលពីយប់​ថ្ងៃទី១៥​មិថុនា នៅជ្រលង Galwan Valley តំបន់ព្រំដែន Ladakh។ ដំបូងឡើយមានអ្នកស្លាប់តែ៣នាក់ទេ ប៉ុន្តែក្រោយមក អ្នករបួស​ ១៧នាក់ បាន​ស្លាប់ជាបន្តបន្ទាប់។

ក្រសួង​កិច្ចការ​ក្រៅប្រទេស​របស់​ឥណ្ឌា ចោទថា ចិនបាន​បំពាន​កិច្ចព្រមព្រៀង​​មិនគោរព​ខ្សែបន្ទាត់​ព្រំដែន​ Line of Actual Control (LAC) នៅតំបន់​ខាងលើ។

ចំណែក​ខាងភាគីចិន មិន​បញ្ជាក់​ពីចំនួនជន​រងគ្រោះ​ក្នុង​ការប៉ះទង្គិច​គ្នានេះទេ ប៉ុន្តែចិនចោទ​កងទ័ព​ឥណ្ឌាថា បាន​ឆ្លងព្រំដែន​ចូលទឹកដីខ្លួន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេសចិន លោក Zhao Lijian និយាយថា កងទ័ព​ឥណ្ឌា​បានឆ្លងកាត់​ព្រំដែន​ចូល​ទឹកដីចិន ពីរដង​កាលពីថ្ងៃចន្ទ ដែល​ជាហេតុ​ធ្វើឱ្យមានការ​ប្រឈមមុខគ្នាយ៉ាងតានតឹង​ឈានដល់ការប៉ះទង្គិចគ្នា​រវាងកងទ័ព​នៅព្រំដែននេះ។

យ៉ាងណាមិញ ភាគីទាំងពីរ​បាន​បញ្ជាក់​ថា ការប៉ះទង្គិចគ្នានេះ​ គឺមិនមែន​ប្រើកាំភ្លើង​បាញ់គ្នាឡើយ។ តាមប្រព័ន្ធផ្សព្វផ្សាយ​ខ្លះថា កងទ័ពទាំងពីរបាន​ប្រើដុំថ្ម និង​ដំបង វាយប្រហារគ្នា។ ក្នុងនោះ​កងទ័ព​ឥណ្ឌា ត្រូវបានកងទ័ពចិន​វាយរហូតដល់ស្លាប់។

គិតចាប់ពីឆ្នាំ ១៩៧៥មក គ្មានកងទ័ព​ឥណ្ឌាណាម្នាក់​បានស្លាប់​ក្នុងការប៉ះទង្គិច​គ្នា​ជាមួយកងទ័ព​ចិន នៅតំបន់ព្រំដែនឡើយ ពោលគឺ​នេះ​ជាលើកដំបូងហើយ។ កងទ័ព​ទាំងពីរ​បានប្រឈមមុខដាក់គ្នាតាមបណ្តោយព្រំដែន​ខាងលើ ចាប់តាំងពីខែមេសាមក ដោយ​ឥណ្ឌា បានចោទថា ចិន​បញ្ជូន​កងទ័ព​រាប់ពាន់នាក់ ឈ្លានពាន​ចូល​ទឹកដីរបស់ខ្លួន៕

ប្រភព៖ BBC

;