ខ្លាំងណាស់! នៅ​អាស៊ីមាន​បុរស​ម្នាក់​បំបែក​កំណត់ត្រា​វ៉ៃ​មិន​ចាញ់​របស់ Floyd!

  • 2020-06-22 06:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណត់ត្រា​វ៉ៃ​មិន​ដែល​ចាញ់​ 50-0 របស់ Floyd Mayweather មាន​អ្នក​ផ្ដួល​បាន​ហើយ ដោយ​​​​​នោះ​គឺ​ជា​កីឡាករ​​ Wanheng Menayothin ​មាន​រហស្សនាម​ថា "Dwarf Giant"។ ការ​ឈរ​នៅ​លើ​កំណត់​ត្រា​ថ្មី ធ្វើ​ឡើង​បន្ទាប់​កីឡាករ​ថៃ​រូប​នេះ​​បាន​ប្រកាស​ពី​​ដំណឹង​ចូល​និវត្តន៍​របស់​ខ្លួន​ពី​ពិភព​ប្រដាល់ កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២០ ជាមួយ​នឹង​លទ្ធផល​កន្លង​មក 54-0។

កីឡាករ​ថៃ Wanheng Menayothin

Floyd បាន​លា​ឈប់​ពី​ប្រដាល់​​នៅ​ឆ្នាំ​២០១៧ ហើយ​កាល​នោះ​​ជា​ពេល​ដែល​កីឡាករ​សម្បូរ​លុយ​ចាយ​រូប​នេះ​បំបែក​កំណត់​ត្រា​ចាស់​ 49-0 របស់​កីឡាករ​រៀមច្បង Rocky Marciano។ កំណត់ត្រា​របស់ Rocky ធ្វើ​ឡើង​នៅ​កំឡុង​ឆ្នាំ​១៩៥៥ ហើយ​តាំង​ពី​នោះ​មក​គ្មាន​នរណា​​វ៉ា​ដាច់​បាន​ឡើយ មុន​​ការ​លេច​វត្តមាន​របស់ Floyd។

កីឡាករ Floyd Mayweather

កីឡាករ​​ទម្ងន់​ស្រាល WBC របស់​ថៃ​វិញ​គឺ Menayothin បាន​ចាប់​តំណែង​វ៉ា​ដាច់​ Floyd បាន​តាំង​ពី​​ខែ​សីហា ឆ្នាំ​២០១៨ មក​ម៉្លេះ ដោយ​គ្រាន់​តែ​កាល​នោះ​លោក​មិន​ទាន់​ប្រកាស​ចូល​និវត្តន៍​នៅ​ឡើយ​ទេ។ លុះ​មក​ទល់​នឹង​ពេល​បញ្ចប់​អាជីព​ឈឺ​សាច់​នេះ កីឡាករ Menayothin ធ្វើ​​​ឲ្យ​កំណត់ត្រា​​ខ្លួន​ហក់​ឡើង​ដល់​ទៅ 54-0 ឯណោះ។ Menayothin បាន​និយាយ​ថា៖ "ខ្ញុំ​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា​វា​ជា​រឿង​ល្អ​ដែល​ឈប់​ប្រដាល់។ ខ្ញុំ​ដឹង​ពី​ខ្លួន​ខ្ញុំ​យ៉ាង​ណា។ គ្មាន​នរណា​ម្នាក់​ដឹង​ពី​ខ្លួន​ប្រាណ​ខ្ញុំ​ជាង​ខ្ញុំ​ទេ។... គ្រប់​គ្នា​ចង់​បាន​លុយ តែ​ខ្ញុំ​ត្រូវការ​ពេល​ព្យាបាល​ខ្លួន​ប្រាណ​សិន"។

​ទោះ​មាន​ឈ្មោះ​ឈរ​លើ Floyd ​ជា​កីឡាករ​វ៉ៃ​មិន​ដែល​ចាញ់​មែន តែ​បើ​និយាយ​ពី​​រឿង​​ទ្រព្យ​សម្បត្តិ​វិញ​គឺ Menayothin ត្រូវ​កីឡាករ​សញ្ជាតិ​អាមេរិក​វ៉ា​ដាច់​ឆ្ងាយ​ណាស់។ បច្ចុប្បន្ន Floyd មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ៥០០​​លាន​ដុល្លារ។ ដោយ​ឡែក​​បើ​តាម​វិបសាយ​ព័ត៌មាន​មួយ​ចំនួន​ បាន​ប៉ាន់ស្មាន​ថា Menayothin មាន​ទ្រព្យ​សម្បត្តិ​ចន្លោះ​ពី ១​លាន​ដុល្លារ ដល់ ៥​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឈាង.

;