ការ​សាងសង់ ឬរុះរើ​សំណង់​លក្ខណៈ​ណាខ្លះ ដែល​មិន​ចាំបាច់​មាន​ការអនុញ្ញាត​ជាមុន​ពីអាជ្ញាធរ?

  • 2020-06-24 07:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាល់ការងារសាងសង់ ឬ​រុះរើ ត្រូវ​មាន​ការអនុញ្ញាត​ជាមុន​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ការងារ​សាងសង់ ឬរុះ​រើ​ក្នុងស្ថានភាព​អាសន្ន ឬគ្រោះ​មហន្តរាយ​ដើម្បី​ជួយសង្គ្រោះ​ ឬការពារ​អាយុជីវិត ឬបង្ការ​ មិន​ឱ្យ​មានការ​ប៉ះពាល់​ ឬខូចខាត​ធ្ងន់ធ្ងរ​ដល់សុខភាព​ ឬទ្រព្យ​សម្បត្តិ​ក្នុងភាព​អាសន្ន មិន​តម្រូវ​ឱ្យ​មាន​លិខិត​អនុញ្ញាត​ជាមុនឡើយ។

  • ក្នុង​រយៈពេល ៣០ថ្ងៃ​យ៉ាងយូរ ក្រោយ​ពី​ស្ថានភាព​អាសន្ន​ត្រូវបាន​បញ្ចប់ ម្ចាស់​សំណង់​ដែល​បាន​សាងសង់​ក្នុងស្ថានភាព​អាសន្ន ត្រូវ​ស្នើសុំ​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​តាម​លក្ខខណ្ឌ​ និង​នីតិវិធីជាធរមាន។

  • ក្នុងរយៈពេល ៣០​ថ្ងៃ​យ៉ាងយូរ ក្រោយពី​ស្ថានភាព​អាសន្ន​ត្រូវបាន​បញ្ចប់ ម្ចាស់​សំណង់​ដែល​បាន​រុះរើ​ក្នុងភាព​អាសន្ន ត្រូវ​ជូនដំណឹង​ជាលាយលក្ខណ៍​អក្សរ​ទៅអាជ្ញាធរមាន​សមត្ថកិច្ច។

រាល់​ការងារ​សាងសង់​ ឬរុះរើ​សំណង់​ដែលមិនតម្រូវ​ឱ្យមានការអនុញ្ញាត​ពី​អាជ្ញាធរមានសមត្ថកិច្ច មាន​ដូចខាងក្រោម៖

  • សំណង់​ទំហំ​តូច​ដែល​មិនប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ

  • លំនៅឋាន​ធ្វើពីឈើ ផ្ទះថ្មក្រោមឈើលើ ផ្ទះត្រៀម​ធ្វើពីឈើ ឬថ្ម​នៅទីជនបទ ឬស្រែចម្ការ ដែលមិន​ប៉ះពាល់​ដល់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេតិកភណ្ឌ តំបន់​អភិរក្ស ឬតំបន់​ការងារ

  • សំណង់​បម្រើ​ដល់​សន្តិសុខ​ជាតិ និង​ការពារ​ជាតិ។

  • ប្រភេទ និង​ទំហំ​នៃការ​ងារ​សាងសង់​ ឬរុះរើ​ដែលមិន​តម្រូវ​ឱ្យ​មានការអនុញ្ញាត ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

រាល់​ការងារ​ជួសជុល កែប្រែ ឬបំពាក់​បរិក្ខារសំណង់​មិន​តម្រូវ​ឱ្យ​មានការអនុញ្ញាតឡើយ ក្នុងករណី​ដែល​ការងារ​នោះ មិន​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ទ្រទម្ងន់ សោភណភាព​ខាងក្រៅ ឬមុខងារ​ប្រើប្រាស់​ទាំងមូល ឬផ្នែកណាមួយ​នៃសំណង់ និង​មិនប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ។ ក្នុង​ករណី​នេះ ម្ចាស់​សំណង់​ត្រូវ​ជូនដំណឹង​ជាមុន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

  • ប្រភទ​ និង​ទំហំ​ការងារ​ជួសជុល កែប្រែ ឬបំពាក់​បរិក្ខារ​សំណង់​ដែលមិនតម្រូវ​ឱ្យមានការ​អនុញ្ញាត​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

  • បែបបទ និងនីតិវិធី​នៃការជូនដំណឹង​ជាមុន​អំពីការងារ​ជួសជុល កែប្រែ ឬបំពាក់​បរិក្ខារ​សំណង់​ដែលមិន​តម្រូវឱ្យ​មានការ​អនុញ្ញាត ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់៕

ដកស្រង់ចេញពី៖ ច្បាប់​ស្តីពី​សំណង់

អត្ថបទថ្មី
;