WWF ក្រើនរំលឹក ជំងឺកូវីដ១៩នឹងផ្ទុះឡើងទៀត ប្រសិនគ្មានចំណាត់ការទប់ស្កាត់

  • 2020-06-24 08:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្របពេលដែលពិភពលោកកំពុងបន្តខិតខំរកមធ្យោបាយដោះស្រាយផលវិបាកដ៏ធ្ងន់ធ្ងរដែលបង្កដោយជំងឺកូវីដ១៩ អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) សូមអំពាវនាវឱ្យមានវិធានការសកលជាបន្ទាន់ ដើម្បីប្រយុទ្ធនឹងកត្តាចម្បងៗដែលអង្គការនេះបានរកឃើញថាជាដើមចមនឹងនាំឱ្យមានការផ្ទុះថ្មីៗទៀតនៃជំងឺឆ្លងរវាងសត្វនិងមនុស្ស នាពេលអនាគត។ នៅក្នុងរបាយការណ៍ថ្មីមួយក្រោមចំណងជើង «កូវីដ១៩៖ សេចក្តីអំពាវនាវបន្ទាន់ដើម្បីការពារប្រជាជន និងធម្មជាតិ» អង្គការ WWF និយាយថា កត្តាបរិស្ថាននានាដែលបណ្តាលឱ្យមានការលេចឡើងនូវជំងឺឆ្លងរវាងសត្វនិងមនុស្ស រួមមាន៖ ការជួញដូរនិងការទទួលទានសាច់សត្វព្រៃដែលមានហានិភ័យខ្ពស់ ការផ្លាស់ប្តូរបែបផែននៃការប្រើប្រាស់ដីធ្លីដែលនាំដល់ការកាប់បំផ្លាញព្រៃឈើនិងការបំប្លែងដីព្រៃ ព្រមទាំងការរីកសាយការធ្វើប្រពលវប្បកម្មកសិកម្មគ្មានចីរភាព និងផលិតកម្មបសុសត្វ។

អ្នកវិទ្យាសាស្ត្រ និងអ្នកដឹកនាំធំៗផ្នែកគំនិត មានដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ជាដើម កន្លងមកធ្លាប់បានព្រមានជាច្រើនលើកច្រើនសារហើយ អំពីហានិភ័យថានឹងអាចមានផ្ទុះជំងឺឆ្លងរាលដាលទូទាំងពិភពលោក។ កាលពីជាងមួយទសវត្សរ៍កន្លងទៅ វេទិកាសេដ្ឋកិច្ចពិភពលោក បានដាក់ចំណាត់ថ្នាក់ការរាលដាលជំងឺ និងការឆ្លងមេរោគ នៅក្នុងចំណោមហានិភ័យកំពូលលំដាប់សកល ដែល «បង្កការគំរាមកំហែងស្រួចស្រាល់ដល់ជីវិតមនុស្ស»។

សាច់សត្វព្រៃលក់នៅផ្សារសែនមនោរម្យ រូបថត៖WWF
លោក ម៉ារកូ លាំប៊ឺទីនី អគ្គនាយកនៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិអន្តរជាតិ មានប្រសាសន៍ថា៖ «យើងត្រូវតែទទួលស្គាល់ភ្លាមៗនូវចំណងទាក់ទងគ្នារវាងការបំផ្លិចបំផ្លាញធម្មជាតិនិងសុខភាពមនុស្សជាតិ បើពុំដូច្នោះទេយើងនឹងឃើញការផ្ទុះឡើងនូវជំងឺឆ្លងដែលរាលដាលជាសកលលើកក្រោយទៀតជាមិនខាន។ យើងត្រូវតែនាំគ្នាទប់ស្កាត់ការជួញដូរនិងការបរិភោគសត្វព្រៃដែលមានហានិភ័យខ្ពស់ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើនិងការបំប្លែងដីព្រៃ ព្រមទាំងធានាការគ្រប់គ្រងផលិតកម្មស្បៀងអាហារឱ្យមាន ចីរភាព។ ចំណាត់ការទាំងនេះនឹងជួយបង្ការការចម្លងភ្នាក់ងារបង្កជំងឺទៅដល់មនុស្ស ហើយជាមួយគ្នានោះនឹងជួយឆ្លើយតបទៅនឹងហានិភ័យសកលផ្សេងៗទៀតដល់សង្គមរបស់យើង មានដូចជា ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ ជាដើម។ មិនចាំបាច់មានការជជែកវែកញែកអ្វីទេ ហើយវិទ្យាសាស្ត្រក៏បានបង្ហាញច្បាស់ក្រឡែតហើយដែរថា យើងត្រូវតែសហការជាមួយធម្មជាតិ មិនមែនប្រឆាំងនឹងវាទេ។ ការធ្វើអាជីវកម្មលើធម្មជាតិដោយមិនឆ្អែតឆ្អន់បាននាំមកនូវហានិភ័យធំធេងដល់យើងទាំងអស់គ្នា។»

សំណួរនៅបន្តចោទឡើងថាតើកូវីដ១៩មានប្រភពដើមពិតប្រាកដមកពីណា ប៉ុន្តែភ័ស្តុតាងដែលមានស្រាប់បានចង្អុលឆ្ពោះទៅ មេរោគឆ្លងរវាងសត្វនិងមនុស្ស មានន័យថា ជាការចម្លងពីសត្វទៅមនុស្ស។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញបម្រាមធំមួយទៅលើការបរិភោគសាច់សត្វព្រៃ ជាទង្វើដែលអង្គការ WWF សូមគាំទ្រ។ ជាងនេះទៀត បច្ចុប្បន្ន សន្និបាតជាតិប្រជាជនចិន កំពុងគាំទ្រឱ្យមានការសើរើឡើងវិញនូវច្បាប់ការពារសត្វព្រៃដែលមានជាធរមាន ដែលអាចនឹងធ្វើឱ្យច្បាប់ការពារសត្វព្រៃរបស់ចិនស្ថិតក្នុងចំណោមច្បាប់ដែលមានភាពស្វាហាប់និងម៉ឺងម៉ាត់នៅលើពិភពលោក ប្រសិនបើច្បាប់នោះត្រូវបានយកទៅអនុវត្តឱ្យពេញទំហឹង។ រដ្ឋាភិបាលនៃបណ្តាប្រទេសដទៃផ្សេងៗទៀតក៏ត្រូវចាត់វិធានការដូចនេះដែរ ដើម្បីឈានទៅបិទផ្សារលក់សត្វព្រៃដែលមានហានិភ័យខ្ពស់ និងបញ្ចប់ការជួញដូរ។

សត្វព្រៃនៅតាមតំបន់ការពារធម្មជាតិនៅក្នុងតំបន់ ក្នុងនោះរួមទាំងនៅប្រទេសកម្ពុជាផង កាន់តែប្រឈមនឹងភាពងាយរងគ្រោះពីអ្នកបរបាញ់ខុសច្បាប់ដែលឆ្លៀតឱកាសប្រព្រឹត្តបទល្មើស ខណៈពេលមានការដាក់បម្រាមរឹតត្បិតលើការដើរហើរ និងការកំហិតឱ្យមនុស្សនៅដាច់ដោយឡែកដើម្បីបញ្ចៀសការរាលដាលជំងឺកូវីដ១៩។ ក្រុមឧទ្យានុរក្សកម្ពុជានៅតំបន់ការពារដែលមានការគាំទ្រពីសំណាក់អង្គការ WWF ឃើញសកម្មភាពខុសច្បាប់ជាច្រើនកំពុងបង្កើនសម្ពាធទៅលើព្រៃឈើ ក្នុងនោះមានសកម្មភាពទន្ទ្រានយកដីព្រៃធ្វើកម្មសិទិ្ធ សកម្មភាពប្រមូលអនុផលព្រៃឈើនៅក្នុងតំបន់ហាមឃាត់ និងសកម្មភាពបរបាញ់សត្វព្រៃដោយប្រើកាំភ្លើងច្នៃ និងអន្ទាក់។ គ្រាន់តែក្នុងរដូវប្រាំងពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមឧទ្យានុរក្សបានដោះអន្ទាក់ចេញពីក្នុងព្រៃសរុបចំនួន ៣៦៥៨អន្ទាក់។ តួលេខនេះបានបង្ហាញឱ្យឃើញការកើនឡើងចំនួន ១៥ភាគរយ ប្រៀបធៀបទៅនឹងចំនួន ២៤៥១អន្ទាក់ ដែលប្រមូលបានក្នុងរយៈកាលដូចគ្នាកាលពីមួយឆ្នាំមុន។ ស្របពេលគ្នានេះដែរ សកម្មភាពកាប់ឆ្ការយកដីខុសច្បាប់បានកើនឡើង ៣៦ភាគរយ ដោយក្នុងនោះមានករណីកើតឡើងចំនួន ២៩លើក ដែលត្រូវបានកត់ត្រាក្នុងកំឡុងពេលពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែឧសភា ឆ្នាំ២០២០ ប្រៀបទៅនឹងកំឡុងពេលពីខែធ្នូ ឆ្នាំ២០១៨ មកដល់ខែឧសភា ឆ្នាំ២០១៩ ដែលមានតែ ១២ករណី ប៉ុណ្ណោះ។

លោក សេង ទៀក នាយកអង្គការ WWF នៅកម្ពុជា មានប្រសាសន៍ថា៖ «នៅក្នុងប្រទេសកម្ពុជា កិច្ចខិតខំ ប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ពិតប្រាកដមួយ ហើយទន្ទឹមនឹងនេះដែរ សេចក្តីណែនាំ លេខ ៥ ដាក់ចេញ ក្នុងឆ្នាំ ២០១៩ របស់គណៈអភិបាលខេត្តមណ្ឌលគិរី បានចូលរួមកាត់បន្ថយវត្តមាននៃផលិតផលសត្វព្រៃ និងសាច់សត្វព្រៃ នៅលើទីផ្សារ ក៏ដូចជានៅតាមបណ្តាតំបន់រម្យនីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្ត»។ លោកបានពោលបន្ថែមទៀតថា៖ «គេចាំបាច់ត្រូវដាក់ចេញវិធានការបន្ទាន់ និងសមស្របក្នុងការបញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ពិសេសពពួកថនិកសត្វ បក្សី និង សត្វល្មូន ដែលជាពពួកសត្វមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគទៅមនុស្ស ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខភាពសាធារណៈល្អជូនដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាដើម្បីបញ្ចៀសកុំឱ្យមានការផ្ទុះឡើងនូវវីរុសឆ្លងចេញពីប្រទេសយើង»។

វិបត្តិបង្កដោយកូវីដ១៩ បង្ហាញឱ្យឃើញថា ត្រូវតែមានការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធដើម្បីដោះស្រាយកត្តាចលករដែលនាំឱ្យមានការរាលដាលជំងឺជាសកល។ អង្គការ WWF កំពុងអំពាវនាវឱ្យមានការប្រើអភិក្រមសុខភាពតែមួយ ‘One Health’ ដោយផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ដែលយើងពឹងអាស្រ័យរួមគ្នា ហើយទទូចសុំឱ្យអភិក្រមនេះត្រូវបានគេច្របាច់ចូលទៅក្នុងការធ្វើសេចក្តីសម្រេចស្តីពីសត្វព្រៃ និងការប្រើប្រាស់ដីធ្លី។ អភិក្រមនេះក៏គួរត្រូវបានគេច្របាច់ចូលទៅក្នុងសេចក្តីសម្រេចនានាផ្នែកធុរកិច្ចនិងហិរញ្ញវត្ថុផងដែរ ជាពិសេសសេចក្តីសម្រេចពាក់ព័ន្ធនឹងសុខភាពពិភពលោក។

លោក ម៉ារកូ លាំប៊ឺទីនី មានប្រសាសន៍ថា៖ «នៅក្នុងសោកនាដកម្មនេះ យើងក៏មានកាលានុវត្តភាពមួយសម្រាប់ផ្សះផ្សាទំនាក់ទំនងរបស់យើងជាមួយធម្មជាតិឡើងវិញ និងដើម្បីបន្ធូរបន្ថយហានិភ័យនៃការរាលដាលជំងឺនាពេលអនាគត។ យ៉ាងណាក៏ដោយ អនាគតប្រសើរមួយអាចចាប់ផ្តើមទៅរួច ទាល់តែរដ្ឋាភិបាលនានា បណ្តាក្រុមហ៊ុន និងមនុស្សនៅជុំវិញពិភពលោកចាប់ផ្តើមធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវពីថ្ងៃនេះទៅ»។ លោកពោលបន្ថែមទៀតថា៖ «មេដឹកនាំពិភពលោកត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីប្រែក្លាយទំនាក់ទំនងរបស់យើងជាមួយធម្មជាតិឱ្យប្រសើរឡើងវិញ។ យើងត្រូវការឱ្យមាន «កិច្ចព្រមព្រៀងថ្មីសម្រាប់ធម្មជាតិ និងមនុស្ស» ដែលនឹងដាក់ធម្មជាតិឱ្យទៅនៅលើគន្លងផ្លូវមួយឆ្ពោះទៅការស្តារឡើងវិញត្រឹមឆ្នាំ២០៣០ ជាប្រយោជន៍សម្រាប់ការពារសុខភាព និងការចិញ្ចឹមជីវិតរបស់មនុស្ស យូរអង្វែងទៅថ្ងៃមុខ។»

ស្របពេលដែលកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ (UN Biodiversity Summit) ដែលត្រូវបានគ្រោងធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២០ អង្គការ WWF សូមរំលេចឡើង ថាវាជាពេលវេលាគន្លឹះមួយសម្រាប់អ្នកដឹកនាំនៅលើពិភពលោកពន្លឿនវិធានការចាំបាច់សម្រាប់ធម្មជាតិឱ្យបានមុនការចេញសេចក្តីសម្រេចចិត្តធំៗស្តីពីបរិស្ថាន អាកាសធាតុ និងការអភិវឌ្ឍ ដែលគេរំពឹងថានឹងត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២១។ រួមគ្នា សេចក្តីសម្រេចទាំងនេះតំណាងឱ្យឱកាសមួយដែលមិនគួររំលងបានសម្រាប់ប្រែក្លាយទំនាក់ទំនងរបស់យើងជាមួយធម្មជាតិឱ្យប្រសើរឡើងវិញ និងដើម្បីធានាឱ្យបាននូវអនាគតមួយប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់រូប និងភពផែនដីរបស់យើង៕

អត្ថបទ៖ អង្គការ WWF

អត្ថបទថ្មី
;