ត្រឹមរយ:ពេល ១ឆ្នាំ អភិបាលខេត្តព្រះសីហនុ សាងសមិទ្ធផលអ្វីខ្លះ?

  • 2020-06-30 01:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅថ្ងៃទី ២៩ មិថុនា ២០២០ ជាខួប ១ឆ្នាំនៃការចូលកាន់តំណែងរបស់លោក​ជាអភិបាលខេត្តព្រះសីហនុ។

នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៩ មិចុនា ២០២០ លោក គួច ចំរើន បានបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងមក ខេត្តព្រះសីហនុ ទទួលបានសមិទ្ធផលជាច្រើន ដោយសារការចូលរួមខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ រក្សាការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះបង្ក្រាបបទល្មើសបានចំនួន ៥០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១,១៨៥នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ៩៧ករណី បទល្មើសមជ្ឈឹម ៤១០ករណី ដកហូតអាវុធវែងបាន ៤ដើម អាវុធខ្លី ៣៦ដើម និងគ្រាប់ ៣ ០៣៨គ្រាប់ ។ បង្ក្រាបគ្រឿងញៀនចំនួន ៣០០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៥៦នាក់ ដកហូតថ្នាំញៀនគ្រប់ប្រភេទបាន ៣៣,៦៨គីឡូក្រាម ។

លោកអភិបាលខេត្ត បន្ថែមថា ការងារអភិវឌ្ឍន៍មូលដ្ឋានតាមគោលការណ៍សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមគោលការណ៍ស្លឹកត្នោត ខ្ចប់ស្ករត្នោតលើគម្រោងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ សម្រេចបាន ៩៨ភាគរយ និងការរៀបចំខឿនក្រាលការ៉ូឡា ដាំដើមឈើ-ដាំផ្កា បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុបចរាចរណ៍ និងកាំម៉ារ៉ាសុវត្ថិភាពចំនួន៥៣៣គ្រាប់។ ម្យ៉ាងទៀត ការប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការស្ថាបនាផ្លូវចំនួន ១២ខ្សែ ប្រវែង ៥៨ ៨៤៨ម៉ែត្រ ការស្ដារអូរ ប្រឡាយធម្មជាតិ ៥ខ្សែ ប្រវែង ១១ ០៨៧ម៉ែត្រ។

ក្រៅពីនោះថវិកាថ្នាក់ក្រោមជាតិ ជួសជុលសាលាមត្តេយ្យសហគមន៍ចំនួន០៥ទីតាំង ជួសជុលផ្លូវបេតុងចំនួន១៦ខ្សែ ប្រវែង ៨ ៩៣៦ម៉ែត្រ ជួសជុលផ្លូវអ៊ុតកៅស៊ូ AC ១ខ្សែ ប្រវែង ៤៤០ម៉ែត្រ និងផ្លូវកសាងដោយសប្បុរសជន ៤ខ្សែ ប្រវែង ៣,៨២៥ម៉ែត្រ។ ការងាររៀបចំ កែលម្អសម្អាតឆ្នេរសមុទ្របានប្រវែង ១៦,៩៤០ម៉ែត្រ រៀបចំខ្ចុសតាមគំរូគណកម្មការឆ្នេរ ៤៣ខ្ចុស។ សមិទ្ធិផលនេះ ដោយមានការចូលរួមគាំទ្រពីមន្ត្រីរាជការ និងមហាជន យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើសម្រាប់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបន្តលើកទឹកចិត្តដល់អ្នកវិនិយោគមកសុំចុះបញ្ជីនៅច្រកចេញចូលក្រុង-ខេត្ត ដើម្បីឱ្យខេត្តមានលទ្ធភាពក្នុងការប្រមូលពន្ធយកមកធ្វើការកសាង អភិវឌ្ឍន៍ខេត្តរបស់យើងបន្តទៀត ព្រមទាំងណែនាំឱ្យមន្ត្រីត្រូវខិតខំបំរើសេវាជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងការស្នើសុំសេវារបស់ប្រជាពលរដ្ឋ ក៍ដូចអាជីវករ ពាណិជ្ជករ តាមរយៈច្រកចេញ-ចូលតែមួយ ព្រោះយើងជាមន្ត្រី ជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋហាមដាច់ខាតការទាលុយសេវាក្រៅពីប្រជាពលរដ្ឋ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;