ខេត្តក្រចេះ ជាទីផ្សារលក់ត្រីរងគ្រោះ និងជិតផុតពូជ ៣៥ប្រភេទ

  • 2020-07-02 06:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផលនៃការអង្កេតទីផ្សារលក់ដូរត្រី ក្នុងខេត្តក្រចេះ បានរកឃើញថា ត្រីសរុបចំនួន ៣៥ ប្រភេទ មានដាក់លក់នៅតាមផ្សារត្រីក្នុងខេត្តក្រចេះ។

ការសិក្សាអង្កេតនេះប្រើប្រាស់វិធីសាស្ត្រពីរ រួមមាន ការសង្កេតនៅលើទីផ្សារ និងការចុះទៅតាមតំបន់គោលដៅក្នុងមូលដ្ឋាន។ ក្នុងអំឡុងពេលសិក្សាអង្កេតពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាទុកនូវទិន្នន័យត្រីដែលត្រូវបានគេដាក់លក់នៅលើទីផ្សារក្នុងទីរួមខេត្តក្រចេះ ដោយផ្អែកលើមូលដ្ឋាននៃស្ថានភាពរងគ្រោះថ្នាក់ក្នុងក្របខ័ណ្ឌនៃចំណាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ IUCN និងចំណាត់ថ្នាក់ចែងដោយច្បាប់ស្តីអំពីជលផលនិងបញ្ជីប្រភេទត្រីទទួលរងគ្រោះថ្នាក់របស់រដ្ឋបាលជលផលកម្ពុជា។ ព័ត៌មានស្តីពីឈ្មោះប្រភេទត្រី បរិមាណត្រី ទម្ងន់ជាមធ្យមនិងតម្លៃត្រីដែលត្រូវបានលក់នៅលើទីផ្សារ ត្រូវបានប្រមូលនិងកត់ត្រាសម្រាប់ការវិភាគ។ ក្រៅពីការប្រមូលទិន្នន័យទាំងនេះ ក្រុមការងារក៍បានជួបសម្ភាសន៍ផងដែរ ជាមួយអ្នកនេសាទចំនួនប្រាំពីរនាក់ ឈ្មួញត្រីបួននាក់ ឆ្មាំទន្លេបីនាក់ និងសមាជិកសហគមន៍នេសាទចំនួនបួននាក់ ដើម្បីប្រមូលព័ត៌មានទាក់ទិននឹងសកម្មភាពនេសាទនៅតាមមូលដ្ឋាន ក៏ដូចជាដើម្បីស្វែងយល់អំពីខ្សែសង្វាក់ទីផ្សារទិញលក់ត្រីផងដែរ។

ត្រីរងគ្រោះ និងជិតផុតពូជ ដែលលក់នៅផ្សារក្នុងខេត្តក្រចេះ រូបថត៖ WWF

លទ្ធផលនៃការអង្កេតទីផ្សារលក់ដូរត្រី ក្នុងខេត្តក្រចេះ បានរកឃើញថា ត្រីសរុបចំនួន ៣៥ ប្រភេទ មានដាក់លក់នៅតាមផ្សារត្រីក្នុងខេត្តក្រចេះ។ ការអង្កេតដោយប្រើពេលសរុបចំនួន១៨ថ្ងៃ បានកត់ត្រាត្រីដែលមានបរិមាណ សរុប ៥.៥៩៦ គីឡូក្រាម (ជាមធ្យម ៣១០ គីឡូក្រាមក្នុងមួយថ្ងៃ ក្នុងចន្លោះ ៨៣-៥៧៥ គីឡូក្រាម) មានដាក់លក់នៅទីផ្សារ។ ខ្សែសង្វាក់ជួញដូរត្រីនេះគឺចាប់ផ្តើមពីអ្នកនេសាទទៅកាន់ឈ្មួញកណ្តាល បន្ទាប់មកពីឈ្មួញកណ្តាលទៅកាន់អ្នកលក់រាយ និងពីអ្នកលក់រាយទៅកាន់ អតិថិជន។ ការជួញដូរត្រីនេះប្រមូលផ្តុំនៅទីតាំងធំៗចំនួនបី រួមមាន នៅកោះខ្ញែ អូរម្រះ និងត្បូរខ្លា។ ត្រីដែលបានប្រមូលទិញពីទីតាំងទាំងនេះ ត្រូវបានដឹកជញ្ជូនទៅទីផ្សារនៅខេត្តស្ទឹងត្រែង បន្ទាប់មកបញ្ជូនទៅខេត្តរតនគិរី និងបន្តទៅប្រទេសវៀតណាម ហើយដឹកជញ្ជូនទៅកាន់ប្រទេសឡាវដោយកាត់តាមអន្លង់ទឹកឈើទាល។ ចំណែកការដឹកជញ្ជូនទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺតាមរយៈរថយន្តឈ្នួល ដោយទីតាំងនៃប្រមូលផ្តុំការជួញដូរត្រី ស្ថិតនៅក្នុងស្រុកសំបូរ និងឃុំសណ្តាន់ ដែលជាចំណុចឆ្លងកាត់ សម្រាប់ការដឹកជញ្ជូនត្រីបន្តទៅទីរួមខេត្តក្រចេះ និងបន្ទាប់មកទៅរាជធានីភ្នំពេញ។

ត្រីរងគ្រោះ និងជិតផុតពូជ ដែលលក់នៅផ្សារក្នុងខេត្តក្រចេះ រូបថត៖ WWF

ការសិក្សាវាយតម្លៃបឋមមួយបានបង្ហាញថា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី និងបបែលយក្សទឹកសាប សុទ្ធសឹងជាត្រីដែលស្ថិតក្នុងចំណោមត្រីចំនួន ៣៥ ប្រភេទ កំពុងត្រូវបានគេដាក់លក់នៅតាមទីផ្សារត្រីក្នុងប្រទេសកម្ពុជា និងត្រូវបានគេនាំចេញទៅលក់នៅប្រទេសជិតខាងមួយចំនួនទៀតផង។ ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកល និងនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី សុទ្ធសឹងជាប្រភេទកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទិវាមច្ឆជាតិលើកទី២០ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ រដ្ឋបាលជលផល និងអង្គការ WWF បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាចាត់វិធានការជាបន្ទាន់លើការពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុតចំពោះរាល់ការនេសាទនិងការជួញដូរប្រភេទត្រីជិតផុតពូជដែលកំពុងកើតឡើងនៅក្នុងតំបន់តាមបណ្តោយដងទន្លេមេគង្គ។ ការធ្វើពាណិជ្ជកម្មនិងជួញដូរត្រីជិតផុតពូជប្រភេទនេះមិនត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ សកម្មភាពនេះកំពុងបង្កហានិភ័យខ្ពស់គួរឱ្យព្រួយបារម្ភដល់ធនធានជលផលកម្ពុជា ពិសេសប្រភេទត្រីមេពូជសំខាន់ៗ និងសត្វផ្សោតទន្លេដែលជាបេតិកភណ្ឌមានជិវិតរបស់ជាតិយើងផងដែរ។ រដ្ឋបាលជលផល អាជ្ញាធរដែនដី អង្គការ WWF និងដៃគូរអភិវឌ្ឍដទៃទៀត បាននឹងកំពុងយកចិត្តទុកដាក់ការពារ និងថែរក្សាមិនឱ្យធនធានដ៏កម្រនេះបាត់បង់។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល មានប្រសាសន៍ថា៖ “អ្នកនេសាទត្រី អ្នកទិញត្រី និងឈ្មួញកណ្តាល មិនសូវយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងកិច្ចការពារ និងការគ្រប់គ្រងធនធានជលផលទេ ជាពិសេសប្រភេទជលផលកំពុងទទួលរងការគំរាមកំហែង ដែលយើងត្រូវរួមគ្នាអភិរក្សកុំឱ្យបាត់បង់។ ខ្ញុំសូមស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការអប់រំនិងផ្សព្វផ្សាយបន្ថែមទៀតជូនដល់ប្រជានេសាទ និងសហគមន៍មូលដ្ឋានដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ អំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតជាធរមាន ក៏ដូចជាបំផុសស្មារតីរបស់ប្រជាជនឱ្យចូលរួមការពារ និងថែរក្សាធនធានជលផលកម្ពុជាកុំឱ្យបាត់បង់ ហើយបន្តលើកទឹកចិត្តប្រជាជនឱ្យចាប់យកជម្រើសមុខរបរផ្សេងទៀតបន្ថែមពីលើការនេសាទ។”

ត្រីរងគ្រោះ និងជិតផុតពូជ ដែលលក់នៅផ្សារក្នុងខេត្តក្រចេះ រូបថត៖ WWF

របាយការណ៍ស្តីពីការពង្រឹងការអនុវត្តច្បាប់ដោយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងស្ទឹងត្រែង មន្រ្តីឆ្មាំទន្លេ និងអង្គការ WWF បានបង្ហាញថា មានការកើនឡើងនូវសកម្មភាពនេសាទនៅក្នុងដែនអភិរក្សដែលជាតំបន់ច្បាប់ហាមឃាត់មិនឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទដូចជា៖ សំណាញ់ មងបណ្តែត មងកាំង សន្ទួចរនង ឧបករណ៍ឆក់ និងថ្នាំបំពុល។ ផ្អែកតាមរបាយការណ៍ដដែលនេះ ចំនួនមងនេសាទដែលក្រុមការងារដកហូតបានពីការបង្រ្កាបបទល្មើសជលផលក្នុងចន្លោះខែធ្នូឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០ បានកើនឡើងចំនួន ៣៨ ភាគរយ ដែលប្រវែងមងដកហូតបានសរុបមានចំនួន ៣៩.១៦២ ម៉ែត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨និង២០១៩ ដែលមងដកហូតបានមានប្រវែងសរុបតែ ២៨.៤៣៥ ម៉ែត្រ។ ដូចគ្នានេះដែរ ការប្រើប្រាស់សន្ទួចរនងមានការកើនឡើងចំនួន ៤៦ ភាគរយ ដែលប្រវែងសន្ទួចរនងដកហូតបានចន្លោះខែធ្នូឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០ សរុបមានចំនួន ៣៧.០៤០ ម៉ែត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨និង២០១៩ មានប្រវែងតែ ២៥.៤៣៧ ម៉ែត្រ។

លោក សេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា៖ “ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់មេត្តាបង្កើនការរឹតបន្តឹងលើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត និងបង្កើនយន្តការត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាទីផ្សារ និងដេប៉ូទិញ-លក់ត្រី ព្រមទាំងដាក់ពិន័យឱ្យបានធ្ងន់ធ្ងរបំផុតដល់ជនល្មើសទាំងឡាយណាដែលធ្វើសកម្មភាពនេសាទនៅក្នុងតំបន់ហាមឃាត់ និងធ្វើពាណិជ្ចកម្មប្រភេទត្រីជិតផុតពូជនិងត្រីមេពូជក្នុងប្រទេសកម្ពុជា។”

ត្រីរងគ្រោះ និងជិតផុតពូជ ដែលលក់នៅផ្សារក្នុងខេត្តក្រចេះ រូបថត៖ WWF

អនុសាសន៍សំខាន់ៗដែលត្រូវបានដាក់ចេញដើម្បីអភិរក្សប្រភេទត្រីកំពុងរងគ្រោះថ្នាក់ជិតផុតពូជរួមមាន៖

១/បង្កើនការអប់រំនិងផ្សព្វផ្សាយជូនដល់អ្នកប្រកបរបរលក់ត្រី និងឈ្មួញកណ្តាល ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងទៀត។

២/បន្តតាមដានសកម្មភាពនេសាទខុសច្បាប់ដែលប្រើឧបករណ៍ឆក់ និងកំណត់ឲ្យបានច្បាស់នូវខ្សែសង្វាក់ជួញដូរត្រីខុសច្បាប់។

៣/រឹតបន្តឹងការអនុវត្តច្បាប់ដោយមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់ការប្រមូលផលត្រី និងផ្លូវដឹកជញ្ជូនត្រីដែលបានមកពីសកម្មភាពនេសាទខុសច្បាប់នៅតាមដងទន្លេ ក៏ដូចជាដើម្បីបញ្ឈប់ការលក់ត្រីដែលជាប្រភេទកំពុងរងគ្រោះថ្នាក់នៅតាមទីផ្សារ។

៤/ក្រុមការងារល្បាតចល័តដែលមានសមាសភាពដឹកនាំដោយប្រធាននិងអនុប្រធានក្រុមឆ្មាំទន្លេត្រូវចាត់វិធានការចាំបាច់នានាចំពោះការជួញដូរត្រីខុសច្បាប់ រាប់បញ្ចូលទាំងប្រភេទត្រីកំពុងរងគ្រោះថ្នាក់៕

ប្រភព៖ WWF

;