ខេត្ត​ទាំងនេះ ទទួល​បាន​ថវិកា​លើគម្រោង​ចិញ្ចឹម​ត្រីអណ្តែង និង​កង្កែប ក្នុង​តង់​ប្លាស្ទីក

  • 2020-07-06 06:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងគោលបំណងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មនៃប្រទេសកម្ពុជាឆ្នាំ២០១៦-២០៣០ ជាពិសេស សារាចរណែនាំ ស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម ស្ថិតក្នុងស្ថានភាពដែលមានការប៉ះពាល់ជាសកលបង្កដោយជម្ងឺកូវីដ ១៩ (Covid 19) រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនប្រមាណជាង ៤,៦៨ លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមសកម្មភាព ចុះជួយដល់កសិករជាង ៦ ០០០ គ្រួសារ បន្ថែមទៀត ដែលក្នុងនេះមាន៖

ក. ការឧបត្ថម្ភដោយរាជរដ្ឋាភិបាលកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចគាំទ្រគម្រោងចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលនៅខេត្តចំនួន១០ រួមមាន៖ ខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និងខេត្តប៉ៃលិន។ កញ្ចប់ថវិកាពិសេសចំនួន ២ ០០០ ០០០ ០០០ រៀល ផ្តោតលើសកម្មភាពសំខាន់ដូចជា៖

  • ការចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទីក ចំនួន ១ ០០០គ្រួសារកសិករ

  • ការចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទីក ចំនួន ៧០០គ្រួសារកសិករ

  • ពង្រឹងសមត្ថភាពកសិករផលិតកូនត្រីពូជ (ដោយផ្តល់អ័រម៉ូន ចំណី និងកូនត្រីពូជ) ចំនួន ៥០គ្រួសារកសិករ។

ខ. ការឧបត្ថម្ភដោយអង្គការដៃគូអភិវឌ្ឍន៍

១. តាមរយៈកម្មវិធីជម្រុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្មនៅកម្ពុជា (Cap-Fish-វារីវប្បកម្ម) ដែលឧបត្ថម្ភថវិកាដោយ EU និងគ្រប់គ្រងដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានអនុម័តលើការគាំទ្រគម្រោងជម្រុញវារីវប្បកម្មតាមជនបទ ឆ្លើយតបនឹងជំងឺរាតត្បាតជំងឺកូវីដ ១៩ (Covid 19) ដែលមានរយៈពេល១ឆ្នាំ។ គម្រោងមានទឹកប្រាក់សរុបចំនួន ១ ១២៩ ៧៩៧ ដុល្លារ ផ្តោតលើការគាំទ្រការចិញ្ចឹមត្រីអណ្តែង ចំនួន ១ ០០០ គ្រួសារកសិករ និងកង្កែប ១០០០ គ្រួសារកសិករ និងគាំទ្រកសិករផលិតកូនត្រីអណ្តែងចំនួន ២០ គ្រួសារ និងកសិករផលិតកូនកង្កែបចំនួន ៣៥ គ្រួសារក្នុងខេត្តគោលដៅចំនួន១០ ខេត្ត រួមមាន៖ ខេត្តតាកែវ កំពង់ចាម បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រៃវែង កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងបន្ទាយមានជ័យ។

២. រដ្ឋបាលជលផលបានដាក់សំណើគម្រោង “ការពង្រឹងវារីវប្បកម្មកម្ពុជា នាអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ ១៩ (Covid 19)” នៅក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទ ដែលឧបត្ថម្ភដោយហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WorldBank) ដែលមានទឹកប្រាក់សរុបចំនួន ៣ ០៥៩ ៦២០ ដុល្លារ។ គម្រោងនឹងអនុវត្តជួយផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកចំនួន ២ ០០០ គ្រួសារកសិករ និងជួយឧបត្ថម្ភដល់កសិករផលិតខ្នាតមធ្យម ចំនួន ២៦០ គ្រួសារកសិករនៅក្នុងខេត្តគោលដៅចំនួន ១២ ខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ៕

ប្រភព៖ ក្រសួងកសិកម្ម

;