តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ក្នុង​រឿង​ទិនហ្វី ដាច់​សរសៃ​ឈាមខួរក្បាលពិការ​មួយ​ចំហៀង​ខ្លួន និយាយលែងកើត

  • 2020-07-07 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូប​ភាព​កេះ​ច្រមុះ តែង​ខ្លួន​ធ្វើ​ជា​មនុស្ស​ស្រី​របស់​តារា​សម្ដែង​ប្រុស​ជើង​ចាស់ Lee Kin Yan ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាពយន្ត​របស់​ទិនហ្វី មិន​អាច​បំភ្លេច​បាន។ ចូល​ដល់​វ័យ​ចំណាស់​ លោក​ត្រូវ​ជំងឺ​រួមរិត​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ពី​ស្ថានភាប​បច្ចុប្បន្ន​របស់​តារា​សម្ដែង​ប្រុស​ចាស់​វស្សាហុងកុង Lee Kin Yan ដែល​បាន​បាត់​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ជា​យូរ​មក​ហើយ។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹងថា តារា​វ័យ​៥៩​ឆ្នាំ កាល​ពី​ឆ្នាំ​មុន បាន​ដាច់​សរសៃ​ឈាម​ខួរក្បាល​នៅ​ក្នុង​បន្ទប់​ទឹក ក្រោយ​ពេល​ឈឺក្បាល​មួយ​រយៈ។ ដោយ​សារ​តែ​ហេតុការណ៍​កើត​ឡើង​លឿន​ពេក​មិន​អាច​សង្គ្រោះ​ទាន់​ពេលវេលា ទើប​អាការៈ​ប្រែ​ទៅ​ជា​កាន់​តែ​ធ្ងន់ធ្ងរ តែ​សំណាង​ល្អ លោក​នៅ​រក្សា​ជីវិត​បាន។

យ៉ាងណាក្ដី ហេតុការណ៍​នេះ​បាន​បន្សល់​ឲ្យ​តួ​រឿង តុលាការ​មុខ​ដែក ពិការ​មួយ​ចំហៀង​ខ្លួន​ជា​រៀង​រហូត និយាយ​លែង​បាន។ លោក​បាន​សាក​ល្បង​វិធី​ជា​ច្រើន​ដើម្បី​រៀន​និយាយ​វិញ តែ​នៅ​ទៅ​មិន​រួច។

សំណាង​ល្អ ក្រោម​ការ​មើល​ថែទាំ​ម៉ត់ចត់​ពី​គ្រួសារ សុខភាព​របស់​លោក​ចាប់​ផ្ដើម​ល្អ​ឡើង​វិញ។ ទាក់ទង​នឹង​ប្រពន្ធ លោក Kin Yan លោក​ស្រី​បាន​ប្រាប់​ថា​ ស្វាមី​ខ្លួន​ពិត​ជា​ដាច់​សរសៃ​ឈាម​ពិត​មែន តែ​មិន​បាន​បង្ហើប​ច្រើន​នោះ​ឡើយ។

Lee Kin Yan គឺ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ដែល​តែង​មាន​វត្តមាន​ក្នុង​រឿង​របស់​ស្ដេច​កំប្លែង​ទិន​ ហ្វី។ ទោះ​មិន​បង្ហាញ​ខ្លួន​ក្នុង​រឿង​ច្រើន​ក៏​ដោយ តែ​វត្តមាន​របស់​លោក​ម្ដង​ៗ ធ្វើ​ឲ្យ​គេ​ទប់​សំណើច​មិន​បាន។ ខ្សែ​ភាពយន្ត​ដែល​ធ្វើ​ឲ្យ​លោក​ល្បី​ឈ្មោះ​រួម​មាន៖ តុលាការ​មុខ​ដែក និស្សិតផ្ដាច់​សង្ខារ និង​ក្រុម​បាល់ទាត់​សៅលីង​ជា​ដើម៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

;