​ដឹង​អត់​ថា ​Honda ឥឡូវ​ប្រកប​អាជីព​នៅ​ឯណា?

  • 2020-07-07 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ​Keisuke Honda ​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប Botafogo ក្នុង​លីគ​កំពូល​ ​ប្រទេស​ប្រេស៊ីល​ (Brazilian Serie A)។

​ក្រោយ​ចាក​ចេញ​ពី​ក្រុម​ខ្លាំង Vitesse Arnhem ​នៅ​ហូឡង់ ​Honda ​មក​ស្វែង​រក​​​បទពិសោធន៍​ ជាមួយ​ក្រុម​ខ្លាំង​ថ្មី​មួយ​​ទៀត​នៅ​ប្រេស៊ីល (ការ​ផ្ទេរ​ Free) ​កាល​ពី​ខែ មីនា ២០២០ ជាមួយ​នឹង​អាវ​លេខ ៤ ​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់។

​​ខ្សែ​បម្រើ​ឆ្នើម​វ័យ ៣៤ ឆ្នាំ​រូប​នេះ​បង្ហាញ​ខ្លួន ៤ ដង​ឲ្យ​ក្រុម Botafogo ​មុន​នឹង​ផ្ទុះ​វីរុស​កូវីដ១៩ ។

Honda ពេលលេង​ទល់​នឹង​ក្រុមមក​ពី​ព័រទុយហ្គល់

ថ្មីៗ​នេះ​លេច​ឮ​ដំណឹង​ពី​សារព័ត៌មាន​ ESPN Brasil ចុះផ្សាយ​ថា​ Honda ​មិន​ពេញ​ចិត្ត​​ចំពោះ​លក្ខន្តិកៈ​នៃ​ពាន​ Rio Cup ដែល​សម្រេច​ចិត្ត​ឲ្យ​ក្រុម​​ខ្លួន​ធ្លាក់ ខណៈ​ដែល​ក្រុម​ ​Fluminense ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ទាំង​ដែល​ការ​ប្រកួត​ស្មើគ្នា ០-០ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

Honda ​បាន​បង្ហោះ​សារ​លើ Twitters ថា៖ "អប​អរសាទរ​ដល់​ក្រុម ​​Fluminense ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ តែ​ខ្ញុំ​ចង់​និយាយ​ពាក្យ​ខ្លះ​ក្នុង​ចិត្ត ច្បាប់​ប្រកួត​ក្នុង​ពាន​នេះ​ ​គួរ​ណាស់​តែ​ផ្លាស់​ប្តូរ​។ ខ្ញុំ​ផ្ទាល់​ ​មិន​ដែល​ឃើញ​ tournament ណា​ដែល​គ្មាន​ម៉ោង​បន្ថែម (extra time) និង​គ្មាន​បាល់​ប៉េណាល់​ទី កាត់​សេចក្តី​បែប​នេះ​សោះ”។

បន្ទាប់​ពីធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ ក្រុម Botafogo ដែល​ Honda កំពុង​លេង​ឲ្យ​នោះ នឹង​ត្រូវ​ត្រៀម​ហ្វឹកហាត់​ ដើម្បី​លេង​ពានលីគ​កំពូល​ ដែល​នឹង​ចាប់​ផ្តើម​រដូវកាល​ថ្មី(២០២០-២០២១) អំឡុង​ថ្ងៃទី ៩ ខែកក្កដាខាង​ស្អែក​នេះ​វិញ៕ ប្រភព៖ lance.com.br

Honda ​បាន​បង្ហោះ​សារ​លើ Twitters
Honda ពេលលេង​ទល់​នឹង​ក្រុម Fluminense

អត្ថបទ៖ រក្សា

;