ប្រធានាធិបតី​ប្រេស៊ីល និយាយយ៉ាងណាខ្លះ ក្រោយ​ដឹងខ្លួនថា​មានផ្ទុកកូវីដ១៩?

  • 2020-07-08 04:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jair Bolsonaro ប្រធានាធិបតី​ប្រេស៊ីល បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០២០ថា លោក​ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។

លោក​ថ្លែង​យ៉ាង​ដូច្នេះថា៖ «កាលពីថ្ងៃអាទិត្យ ខ្ញុំ​មិនសូវស្រួលខ្លួន។ ដល់ថ្ងៃចន្ទ ខ្ញុំកាន់តែមិនស្រួលខ្លួនខ្លាំងទៅ ហើយចាប់ផ្តើម​មានអារម្មណ៍ហត់នឿយ និង​ឈឺសាច់ដុំខ្លះៗ។ ខ្ញុំក៏គ្រុនក្តៅ ដោយមានកម្តៅ ៣៨អង្សារ។ តាមការចេញ​រោគសញ្ញាទាំងនេះ គ្រូពេទ្យ​ប្រាប់ថា សង្ស័យ​តែកូវីដ១៩ហើយមើលទៅ»។ បន្ទាប់មកលោកត្រូវ​បានបញ្ជូន​ទៅមន្ទីរពេទ្យ​និងធ្វើតេស្តរកឃើញជំងឺនេះ​តែម្តង។

យ៉ាងណាមិញ លោក​សារភាព​ថា លោក​ហាក់​បីដូចជាដឹងខ្លួនមុនទៅហើយថា លោក​នឹង​កើតជំងឺនេះ ព្រោះ​តែសកម្មភាពរបស់​លោក​ដែលជួបផ្ទាល់​ជាមួយ​ប្រជាជន។ «ខ្ញុំជា​ប្រធានាធិបតី ហើយ​ខ្ញុំឈរ​នៅ​ជួរមុខជានិច្ច ខ្ញុំ​មិនរត់គេចចេញពី​កាតព្វកិច្ច​របស់ខ្ញុំឡើយ»។

ក្រោយ​កើត​មានជំងឺនេះ លោកប្រធានាធិបតី ក៏បាន​ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយ CNN ផងដែរថា លោក​នឹង​មិនជួបនរណាក្នុងកិច្ចប្រជុំទាំងអស់ ពោលគឺគ្រប់យ៉ាង​នឹងធ្វើឡើងតាមរយៈវីដេអូ។

លោក​បន្តថា៖ «យើង​ដឹងច្បាស់​ពីការស្លាប់​ដោយ​សារតែវីរុសនេះ ពិសេស អ្នក​មានអាយុច្រើនដូចខ្ញុំ ជាង ៦៥ឆ្នាំទៅហើយ គួបផ្សំ​នឹងជំងឺដែលមានក្នុងខ្លួនស្រាប់ និង​បញ្ហាផ្សេងៗទៀតនោះ វីរុសនេះ នឹងអាចនាំទៅរកមរណៈ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ»។

សូមជម្រាប​ថា ប្រេស៊ីល ជាប្រទេសមានករណីកូវីដ១៩ ច្រើនជាង​គេលំដាប់ទី២ បន្ទាប់ពីអាមេរិក ពោលគឺ​មាន​ ១ ៦៧៤ ៦៥៥នាក់ ក្នុងនោះ ស្លាប់ ៦៦ ៨៦៨នាក់ និងជាសះស្បើយ ១ ១១៧ ៩២២នាក់ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០២០៕

ប្រភព៖ CNN

អត្ថបទថ្មី
;