សមាគមពាណិជ្ជកម្មជប៉ុន ជឿជាក់កម្ពុជានៅជាគោលដៅវិនិយោគ និងទេសចរណ៍មានសុវត្ថិភាព

  • 2020-07-08 07:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើលទីតាំងមួយចំនួននៅប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់។ ជំនួបពិភាក្សាការងារនេះធ្វើឡើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញពីសភាពការណ៍ថ្មីៗ ក៏ដូចជាការវិវត្តនៃវិស័យទេសចរណ៍កម្ពុជា នាកំលុងពេលជួបវិបត្តិជំងឺកូវីដ-១៩ មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានកំណើនទេសចរក្នុងស្រុកច្រើនឡើងៗ ខណៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមុខព្រួញនៃប្រតិបត្តិការទេសចរណ៍ ក៏កំពុងយកចិត្តទុកដាក់ខ្ពស់នៅទូទាំងប្រទេស ពិសេសនៅតាមមូលដ្ឋានអាជីវកម្មសំខាន់ៗចំនួន ៦ រួមមាន៖ រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ មូលដ្ឋានសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន។

លោករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ប្រតិភូសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាផងដែរ អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ខេត្តមណ្ឌលគិរីនៃភូមិភាគឦសាន និងខេត្តកែប និងការអភិវឌ្ឍន៍ គោលដៅសេសដ្ឋកិច្ចពហុបំណងនៅក្រុងព្រះសីហនុ នៃតំបន់ឆ្នេរសមុទ្រភូមិភាគនិរតី។

លោករដ្ឋមន្ត្រី បន្តថា តំបន់សំខាន់ទាំងបីខាងលើនេះ ចាំបាច់ត្រូវការអ្នកវិនិយោគអន្តរជាតិជាច្រើនក្នុងការបណ្ដាក់ទុកវិនិយោគ និងជួយអភិវឌ្ឍន៍បង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ។ ដូច្នេះវាក៏ជាឱកាសដ៏ល្អបំផុតសម្រាប់សមាជិករបស់សមាគម JBAC ដែរ ក្នុងការបង្កើនការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

ជាការឆ្លើយតប លោក ខាន់ដា បានថ្លែងថា តាមពិតទៅសមាគម JBAC របស់លោកមានគម្រោងបង្កើនការវិនិយោគបន្ថែមនៅប្រទេសកម្ពុជាដែរ ប៉ុន្តែដោយសារកំលុងពេលនេះ ពិភពលោកទាំងមូលកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ទើបសមាជិកទាំងឡាយផ្អាកគម្រោងរបស់ខ្លួនសិន ហើយកំពុងរង់ចាំស្ដាប់ព័ត៌មានអំពីការវិវត្តថ្មីៗបន្ថែម ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានៅតែស្ថិតក្នុងគម្រោងវិនិយោគបន្ថែមរបស់ពួកគេជានិច្ច។

ប្រធាន JBAC រូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ ផុតរលត់ពីពិភពលោកនេះទៅ លោកនឹងជំរុញទាក់ទាញឱ្យសមាជិករបស់សមាគមបង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពិសេសគឺការវិនិយោគលើវិស័យទេសចរណ៍នេះតែម្ដង។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យដល់សមាគម JBAC ជួយរៀបចំផែនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសជប៉ុនបន្ថែមផងដែរ ពីព្រោះលោកជឿថាការងារទាំងនេះមិនអាចពឹងតែទៅលើសមាគមឱ្យធ្វើតែម្នាក់ឯងនោះឡើយ វាចាំបាច់ត្រូវឱ្យកម្ពុជាខិតខំជួយធ្វើរួមគ្នាដែរ ដូច្នេះហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា JBAC នឹងជួយក្នុងកិច្ចការងារនេះ។

លោក ខាន់ដា សន្យាថានឹងពង្រឹងកិច្ចសហការក៏ល្អនេះជាមួយកម្ពុជាបន្តទៅមុខទៀត ដើម្បីជំរុញវឌ្ឍនភាពលើវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសមិត្តទាំងពីរ ដោយអ្វីៗទាំងអស់ខាងលើនេះ សុទ្ធតែសង្ឃឹមទុកនៅពេលវិបត្តិជំងឺកូវីដ-១៩ រលាយរលត់ចេញផុតពីភពផែនដី៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;