អណ្ដើកហ្លួងជំទង់ ១ក្បាលត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង

  • 2020-07-08 08:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារអភិរក្សអណ្ដើកនៃអង្គការ WCS នៅថ្ងៃទី ៧ កក្ដដា ២០២០ បានសហការជាមួយរដ្ឋបាលជលផលបានបញ្ជូនអណ្ដើកហ្លួងជំទង់មួយក្បាលជាប្រភេទជិតផុតពូជបំផុតនៅលើសកលលោកទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដើម្បីពិនិត្យព្យាបាលនិងតាមដានសុខភាព។

អណ្ដើកនេះបានជាប់ផ្លែសន្ទូចដែលគេដាក់បង្កៃត្រីននេល និងត្រូវបានប្រជានេសាទប្រទះឃើញកាលពីថ្ងៃទី៥ ខែកក្កដា នៅតាមដងព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នៅព្រឹកបន្ទាប់ ប្រជានេសាទនោះបានយកអណ្ដើកមកប្រគល់ជូនក្រុមការងារនៃអង្គការ WCS នៅស្រុកស្រែអំបិល។

បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់មើលលេខសម្គាល់អត្តសញ្ញាណនៅលើបន្ទះឈីប (micro-chip) ដែលបានបង្កប់នៅក្នុងជើងខាងស្ដាំរបស់វាមក ក្រុមការងារបានបញ្ជាក់ថា អណ្ដើកនេះត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិលកាលពីខែមេសា ឆ្នាំ ២០១៩ ហើយផ្អែកលើការតាមដានកន្លងមក ក្រុមការងារមិនដែលបានជួបប្រទះអណ្ដើកនេះទេរហូតដល់ការចាប់បាននាពេលនេះ។

ដោយសារអណ្ដើកនេះមានរបួសមាត់បន្តិចក្រោយពីដោះផ្លែសន្ទូចចេញ ក្រុមការងារបានរក្សាអណ្ដើកនេះទុកក្នុងមជ្ឈមណ្ឌលពីរបីថ្ងៃដើម្បីពិនិត្យតាមដានសុខភាពមុននឹងលែងវាចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ ក្រុមការងារទាំងអស់សូមថ្លែងអំណរគុណដល់ប្រជានេសាទដែលបានចូលរួមសហការនិងបានប្រគល់អណ្ដើកហ្លួងនេះជូនវិញដោយផ្ទាល់ ក្នុងស្មារតីចូលរួមការងារអភរិក្សសត្វដ៏កម្រនេះ។

អង្គការ WCS និងដៃគូជាច្រើនកំពុងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចាប់និងការជួញដូរខុសច្បាប់នូវប្រភេទអណ្តើកជិតផុតពូជនានាក្រោមគម្រោង «ដៃគូប្រយុទ្ធប្រឆាំងបទល្មើសសត្វព្រៃគាំទ្រដោយសហភាពអឺរ៉ុប»៕

ប្រភព៖ WCS Cambodia

អត្ថបទថ្មី
;