នឹក​ឃើញ​អនុស្សាវរីយ៍​មួយ​របស់​គ្រូភ្លេង អ៊ុំ ដារ៉ា និង​អតីត​ភរិយា​ក្នុង​ឆ្នាំ​១៩៧៩

  • 2020-07-09 03:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន ដែល​គេឯង​ស្គាល់​​ច្រើន​តាម​រយៈ​បទ"សង្គ្រាម​កូវីដ-១៩" គឺ​លោកស្រី ណាវី មីស៊ុស៊ីម៉ា បាន​អះអាង​ថា​លោក អ៊ុំ ដារ៉ា គឺ​ជា​អតីត​ស្វាមី ហើយ​ក៏​ជា​ឪពុក​របស់​កូនៗ​ដ៏​គួរ​ឲ្យ​គោរព ស្រឡាញ់​បំផុត។

លោកស្រី ណាវី និយាយ​ថា ក្នុង​ឆ្នាំ​១៩៧៩ គ្រូ​ភ្លេង​ចាស់​វស្សារូបនេះ គឺ​ជា​អ្នក​និពន្ធ​បទចម្រៀង និង​បង្រៀន​ឲ្យ​នាង​ច្រៀង​ដោយ​ផ្ទាល់។ លោកស្រី​រំលឹក​គ្រាហ៍​នោះ​ថា ក្រោយ​បែក​របប​ខ្មែរ​ក្រហម​ភ្លាមៗ នាង​ក៏​នឹក​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង រួច​ក៏​ទៅ​សុំ​លោក អ៊ុំ ដារ៉ា ច្រៀង។ ពេល​នោះ​លោក អ៊ុំ ដារ៉ា បាន​សួរ​នាង​ថា ចេះ​ច្រៀង​បទ​អី​ខ្លះ? ភ្លាម​នោះ​នាង​ក៏​ឆ្លើយ​ថា ចេះ​ច្រើន​បទ​ដែរ។ លោក អ៊ុំ ដារ៉ា ក៏ប្រាប់​ឲ្យ​នាង​ច្រៀង​ដើម្បី​គាត់​ស្ដាប់ ហើយ បទ​ដែល​នាង​ច្រៀង​នៅ​ពេល​នោះ គឺ​បទ​"ឈប់​ស្រឡាញ់​អូន​ទៅ"។

ក្រោយមក លោក អ៊ុំ ដារ៉ា ក៏ស្ម័គចិត្ដទទួលបង្ហាត់បង្រៀននាង ហើយក៏ចាប់មានចិត្ដលើគ្នាតាំងពីពេលនោះមក។ លោកអ៊ុំ ដារ៉ា បានបង្រៀននាងរហូតដល់ចេះច្រៀងបានល្អ រួចក៏យករូបនាងចូលក្រុមតន្ដ្រីជាមួយលោកដែលជាក្រុមតន្ដ្រីប្រចាំនៅក្រសួងសុខាភិបាល។

ចាប់​ពី​ពេល​នោះ​ហើយ​ដែល​តារា​ចម្រៀង និង​គ្រូ​ភ្លេង​ល្បី​ឈ្មោះ​កាល​ពី​ជំនាន់​លោក ស៊ិន ស៊ីសាមុត រូប​នេះ​បាន​ចាប់​ដៃ​គ្នា​រស់នៅ​ក្នុង​ភាព​ជា​ប្ដី-ប្រពន្ធ រហូត​ទទួល​បាន​កូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ​ទៀត​ផង។

លោកស្រី ណាវី បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាល​ពី​ថ្ងៃទី៦ ខែ​កក្កដា នេះ ថា៖ "ថ្ងៃនេះ​ខ្ញុំ​រីករាយ​ណាស់​ព្រោះ​បាន​សាសង​ជា​មួយ​ មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្ញុំ​ លោក​គ្រូ​ អ៊ុំ​ ដារ៉ា​ ជា​គ្រូ​និពន្ធ​ និងបង្វឹក​ច្រៀង​របស់​ខ្ញុំ​ តាំង​ពី​ឆ្នាំ១៩៧៩ ហើយ​ក៏​ជា​អតីត​ស្វាមី និង​ជា​ឪពុក​របស់​កូន​ស្រី​ខ្ញុំ​ដែរ។ ឆ្នាំ​2020​នេះ លោកមានអាយុ​៨៤​ឆ្នាំ ដល់ជរា​ហើយ​ អាណិត​ណាស់ ខ្ញុំ​នៅ​តែ​គោរព​ ស្រឡាញ់​ និងនឹក​ជានិច្ច"។

លោក អ៊ុំ ដារ៉ា និង​លោកស្រី ណាវី បាន​បែកបាក់​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ ហើយ​បច្ចុប្បន្ន​លោក អ៊ុំ ដារ៉ា រស់នៅ​ម្ដុំ​អូរ​បែក​ក្អម រាជធានី​ភ្នំពេញ រីឯ​លោកស្រី ណាវី កំពុង​រស់នៅ​ប្រទេស​ជប៉ុន។ ត្បិត​ថា អ្នក​ទាំង​ពី​រស់នៅ​ឆ្ងាយ​ពី​គ្នា និង​លែងលះ​គ្នា​ទៅហើយក្ដី ក៏ប៉ុន្ដែ​អ្នក​ទាំង​ពី​នៅ​នឹករលឹក​គ្នា​ជា​និច្ច ដោយ​យូ​ៗ​ម្ដង លោកស្រី ណាវី បានឡើង​ពី​ប្រទេស​ជប៉ុន​មក​លេង​ស្រុក​ខ្មែរ និង​ជួប​សួរ​សុខទុក្ខ​លោក​ម្ដងម្កាលដែរ។

លោក អ៊ុំ ដារ៉ា គឺ​ជាតន្ដ្រីករ​ជើងចាស់​ផ្នែក​វីយូឡុង ហើយ​លោក​ក៏​ជា​កវីនិពន្ធ​បទ​ចម្រៀង និពន្ធ​ទំនុក​ភ្លេង និង​សម្រួល​តន្ដ្រី​ផង​ដែរ។ កេរ្ដិ៍​ឈ្មោះ​របស់​លោក​បាន​ល្បី​សុះសាយ​តាំង​ពី​មុន​ឆ្នាំ​១៩៧៩ ពោល​គឺ​នៅ​ស្រក​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត មក​ម្ល៉េះ។ ស្នាដៃ​និពន្ធ​បទភ្លេង​របស់​លោក​បាន​បន្សល់​ទុក​មក​ដល់​សព្វថ្ងៃ​ជាច្រើន​ដូច​ជា៖ បទ"រូប​អូន​ហ្នឹង​ហើយ" និង​បទ"ចាស់​ជូរអែម" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

;