ក្រោយសង់​ផ្លូវបេតុង​ប្រវែង ៧០គីឡូម៉ែត្រ​រួច កោះរ៉ុង​នឹងមានការសង់ព្រលានយន្តហោះថែមទៀតផង

  • 2020-07-15 01:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងឱ្យដឹងថា តាមរយៈការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Royal Group បន្ទាប់ពី​សាងសង់​ផ្លូវបេតុង​ប្រវែង ៧០គីឡូម៉ែត្រលើកោះរ៉ុងរួច បន្ទាប់ពី​នោះក៏​មាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​គោលដៅ​អភិវឌ្ឍន៍​នានា ជាច្រើន​ទៀត​ដូចជា អគ្គិសនី ទឹកស្អាត ព្រលាន​យន្តហោះ រួមនឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​បន្ថែមទៀត​ បម្រើ​ឱ្យការ​អភិវឌ្ឍ​នៅលើ​កោះរ៉ុង។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​សាងសង់​ផ្លូវបេតុង​ប្រវែង ៧០​គីឡូ ម៉ែត្រ ទទឹង ៨ម៉ែត្រ កំពស់ ០,២៥ម៉ែត្រ នៅលើ​តំបន់​អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រវាងក្រុមហ៊ុន Royal Group Koh Rong Development Company និងក្រុមហ៊ុន Sinohydro Corporation Limited នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ​២០២០។

លោក​អភិបាលខេត្ត​បន្ថែមថា ទន្ទឹមនោះ​ត្រូវ​គិតគូរ​ពីការ​រៀបចំ​អាង​ប្រព្រឹត្តកម្ម ធ្វើការ​គ្រប់គ្រង​អនាម័យ​បរិស្ថាន​ឱ្យមាន​សមិទ្ធិភាព ចីរភាព និងភាពស្អាតនៅលើកោះ។ «យើងត្រូវការរោងចក្រដុតសំរាម ព្រោះការប្រើប្រាស់សំរាមនៅទីនេះ ដើម្បីកែឆ្នៃឱ្យក្លាយជាអគ្គិសនី សម្រាប់ការប្រើប្រាស់នៅលើកោះកាន់តែមានភាពចាំបាច់ជាពហុគោលដៅ និងពហុផលប្រយោជន៍»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Koh Rong Development Company មានប្រសាសន៍ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអរគុណអភិបាលខេត្តព្រះសីហនុ បានគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមហ៊ុនលើគម្រោងសាងសង់ផ្លូវបេតុងលើកោះរ៉ុង ជាការបង្ហាញផ្លែផ្ការក្នុងការអភិវឌ្ឍនៅលើកោះរ៉ុង មានផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២៥ម៉ែត្រ សាងសង់រយៈពេល ១៦ខែ។ ក្រៅពីការងារសាងសង់ផ្លូវ ក្រុមហ៊ុននឹងបន្តសាងសង់អគ្គិសនី ផែ ព្រលានយន្តហោះស្របតាមគោលនយោបាយសម្តេចតេជោ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ។

លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អបអរសាទរពិធីចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុង ៧០គីឡូម៉ែត្រទទឹង ៨ម៉ែត្រនៅលើកោះរ៉ុង ក្រុមហ៊ុន Royal Group បានចុះហត្ថលេខាជួលកោះ ស្ថិតក្នុងខេត្តព្រះសីហនុជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។ លោកសង្ឃឹមថាក្រុមហ៊ុននឹងខិតខំប្រឹងប្រែងសាងសង់គម្រោងផ្សេងៗទៀតប្រែក្លាយកោះរ៉ុងដ៏ស្រស់បំព្រងសចរ ព្រមទាំងបានកោតសរសើរអភិបាលខេត្តព្រះសីហនុ សហការសម្របសម្រួលការវិនិយោគ ធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុក មានអគារធំៗ រោងចក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងផ្ដល់លទ្ធ ភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្តល់នូវអត្ថប្រយោជន៍ប្រកបដោយសមធម៌ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;