ដឹងអត់​ថា ក្រុមហ៊ុន​សព្វាវុធ​អាមេរិក​ដែល​ចិន​គ្រោងដាក់​ទណ្ឌកម្ម​នោះ ផលិត​មីស៊ីល​ និង​គ្រាប់បែក​អ្វីខ្លះ?

  • 2020-07-15 04:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​ចិន បាន​ព្រមាន​ដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin ដែល​ជាប់ពាក់ព័ន្ធនឹង​ការ​លក់​មីស៊ីល​ឱ្យតៃវ៉ាន់​តម្លៃជាង ៦០០លានដុល្លារ។

Lockheed Martin ជាក្រុមហ៊ុន​ផលិតសព្វាវុធពិសេស​គឺប្រព័ន្ធមីស៊ីល​ និង​គ្រាប់បែក ដ៏ធំបំផុតមួយ ដែល​ទទួលបាន​ជោគជ័យខ្លាំង ក្នុងនោះ​មាន​ប្រភេទ​ជាច្រើន​ដូចខាងក្រោម៖

-មីស៊ីល Army Tactical Missile System Block IA Unitary៖ អាចបាញ់បាន​ចម្ងាយ ៣០០គីឡូម៉ែត្រ ជាប្រភេទ​មីស៊ីល​បាញ់ពី​លើផ្ទៃដី ទៅគោលដៅមួយទៀត​នៅលើផ្ទៃដីដូចគ្នា។

-គ្រាប់បែក Dual Mode Laser Guided Bomb៖ គ្រាប់បែកនេះ ត្រូវបានបំពាក់​នៅលើ​យន្តហោះចម្បាំង ដំណើរការ​ជាមួយ​ប្រព័ន្ធកុំព្យូទ័រ ដោយរួមផ្សំជាមួយប្រព័ន្ធ INS និង GPS ធ្វើឱ្យវាមាន​សមត្ថភាព​វាយប្រហារគោលដៅ​គ្រប់​ស្ថានភាព​អាកាសធាតុ​ទាំងអស់ ទោះ​គោលដៅ​មានចលនាយ៉ាង​ណាក៏ដោយ។

-គ្រាប់បែក Enhanced Laser Guided Training Round៖ ជាប្រភេទគ្រាប់បែក​សម្រាប់​ឱ្យ​អាកាសយានិក ហ្វឹកហាត់​ទម្លាក់ ដែលដូចនឹង​សមរភូមិពិតៗ ពោលគឺ​វាហាក់ដូចជាគ្រាប់បែកពិតៗតែម្តង។

-មីស៊ីល GMLRS៖ ប្រភេទ​មីស៊ីល​ប្រើគ្រប់​អាកាសធាតុ, ចល័តរហ័ស, បាញ់បាន​ចម្ងាយឆ្ងាយពី​ផ្ទៃដី ទៅគោលដៅ​នៅលើផ្ទៃដី និង​បាញ់ចំត្រូវគោលដៅច្បាស់។

-មីស៊ីល JASSM៖ សម្រាប់​ឱ្យកងទ័ព​អាមេរិក និងសម្ព័ន្ធមិត្តប្រើប្រាស់ បំពាក់​នៅលើ​យន្តហោះ B-1B, B-2, B-52, F-16 និង F-15E។ មីស៊ីលនេះ មាន​សមត្ថភាព​ជួយ​ពីឡុតឱ្យជៀសផុតពីគ្រោះថ្នាក់ ពោលគឺ​វានឹង​កម្ទេច​ប្រព័ន្ធមីស៊ីល​របស់​សត្រូវ​ដោយមាន​ប្រសិទ្ធភាព។

-មីស៊ីល Javelin៖ ជាមីស៊ីលបាញ់ចេញពីកាណុង​ដែល​ទាហានដាក់លើស្មា។ វា​នឹង​ទៅចំគោលដៅសត្រូវដោយស្វ័យប្រវត្តិ ក្រោយ​ពេលបាញ់ ហើយអាចឱ្យអ្នកបាញ់ បម្លាស់ទី​បាន​យ៉ាងលឿន មិន​ឱ្យសត្រូវបាញ់វិញត្រូវឡើយ។

-អាវុធឡាស៊ែរ៖ អាវុធប្រភេទនេះ ត្រៀមការពារមីស៊ីល និង​គ្រាប់ផ្លោង​របស់សត្រូវ មិនឱ្យចូលមកបាញ់ចំត្រូវ​យន្តហោះ ឬនាវារបស់ខ្លួនឡើយ។

-មីស៊ីល LRASM៖ ជាប្រភេទ​មីស៊ីលចម្ងាយ​ឆ្ងាយ​ប្រឆាំងនាវា ត្រូវបាន​បំពាក់​នៅលើយន្តហោះចម្បាំង។ វា​អាច​បាញ់ត្រូវគោលដៅលើសមុទ្រ មិនថាថ្ងៃយប់ និង​គ្រប់ស្ថានភាព​អាកាសធាតុ។

-គ្រាប់បែក Paragon៖ ជាប្រភេទគ្រាប់បែក​បំពាក់​លើយន្តហោះចម្បាំង ដែលមានតម្លៃមិនសូវថ្លៃ តែមាន​សមត្ថភាព​អាច​ទម្លាក់ត្រូវសត្រូវទោះ​មានចលនាយ៉ាងណាក៏ដោយ និង​បត់បែន​គ្រប់អាកាសធាតុ។

-គ្រាប់បែក Paveway II Plus Laser Guided Bomb៖ ជាប្រភេទ​គ្រាប់​បែក​បំពាក់​ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បី​ធានាថា​ពេល​ទម្លាក់​កាន់តែត្រូវគោលដៅ ហើយ​វាមានតម្លៃថ្លៃ។

-គ្រាប់រ៉ុកកែត Reduced-Range Practice៖ ជាគ្រាប់រ៉ុកកែត​សម្រាប់ការបាញ់​ហ្វឹកហាត់​ ដោយវាអាចបាញ់​បាន​ចម្ងាយ ១៥គីឡូម៉ែត្រ៕

ប្រភព៖ វិបសាយ Lockheed Martin

អត្ថបទថ្មី
;