ការ​ដាំដុះ​បន្លែ​នៅ​កម្ពុជា​ នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​របស់​ជប៉ុន ក្រោយ​ចុះកិច្ចព្រមព្រៀង

  • 2020-07-15 07:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន Yamato Green Co., Ltd បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃការ​យោគយល់​គ្នា​ស្តីពី «ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ»។ ពិធីនេះ ធ្វើឡើង​ក្រោម​អធិបតី​ភាព​លោករដ្ឋមន្រ្តី វេង សាខុន និង​ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro Mikami នាព្រឹកថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅទីស្តីការ​ក្រសួងកសិកម្ម។

យោងលើ​ខ្លឹមសារ​នៃសេចក្តី​ថ្លែង​ហេតុ​បាន​រំលេច​ឲ្យឃើញ​ពីគោលបំណង​សំខាន់ៗ​នៃ​ឯកសារ​អនុស្សរណៈ​នេះ​មានជាអាទិ៍៖

ទី១- ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ទី២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។

ទី៣- ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។

ទី៤- លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។

លោក វេង សាខុន បាន​ថ្លែងថា ការចុះហត្ថលេខា​នាពេលនេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​យ៉ាងច្បាស់​ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោក​បន្ត​ថា ជាក់ស្តែង គោលបំណងសំខាន់ៗទាំង ៤ ខាងលើបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជា កសិករយើងធ្វើការកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលគឺពី "កសិករ ទៅជាកសិ-ពាណិជ្ជករ" វិញ។

លោក​រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាឯកសារ MOU ដែលបានចុះហត្ថលេខានាថ្ងៃនេះមានលក្ខណ:គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកយ៉ាងប្រទាក់ក្រឡាក្នុងខ្សែច្រវាក់ផលិតកម្មបន្លែដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។ល។

លោក​សង្ឃឹម និង​ជឿជាក់​ថា​គម្រោង​វិនិយោគនេះ នឹងធ្វើឲ្យមានការកែប្រែនៅលើខ្សែច្រវាក់ផលិតកម្មបន្លែកម្ពុជានាពេលបច្ចុប្បន្ន ឲ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម និងអាចឈានចាប់យកបាននូវឱកាសនៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា " Product of Cambodia" ហើយនេះគឺជាមោទនភាពជាតិយើង។ ហេតុដូច្នេះ លោក​បានស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងអស់មេត្តាចូលរួមផ្តល់កិច្ចសហការ ដើម្បីឲ្យគម្រោងនេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក។

ចំណែក​លោក Nabeshima Katsuhito ក្នុងនាមឲ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោងបានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលមានខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជាដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ ហើយក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែន ការនេះ។ ក្នុងនាមលោកតំណាងក្រុមហ៊ុននីមួយៗ ជាថ្មីម្តងទៀតលោកបានស្នើសុំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការឲ្យបានពេញលេញដើម្បីឲ្យកាអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទាំងក្រុមហ៊ុន និងកសិករ ឬដៃគូផលិតបន្លែទាំងអស់៕

ប្រភព៖ ក្រសួងកសិកម្ម

;