ទិដ្ឋភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលអាចផលិតទឹកជាង ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
- 2020-07-16 03:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលអាចផលិតទឹកជាង ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
ចន្លោះមិនឃើញ
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យដំណើរការដាក់សាកល្បងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន រាជធានីភ្នំពេញ បន្ទាប់ពីចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩រួចមក។
គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៌ (AFD) និងថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួន ជាង១៥ លានដុល្លារសហរដ្ឋអាមេរិក និង ជិត ០៨ លានអឺរ៉ូ ។ គម្រោងនេះ បានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន វ៉ាំង ស៊ី (VINCI) ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ និងស្ថិតក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safage) ។
គម្រោងនេះរួមបញ្ចូលក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងបណ្តាញមេនាំទឹកល្អក់ ដែលមានសមត្ថភាពបូមទឹកល្អក់ពីទន្លេបាសាក់បានចំនួន៥៧ ០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ និងនាំទឹកស្អាតនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមននេះ ក្នុងសមត្ថភាពផលិតចំនួន៥២ ០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ ។
សូមបញ្ជាក់ថា សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបចំនួន៦៣២ ០០០ ម៉ែត្រត្រីគុណ គឺ៖ស្ថានីយភូមិព្រែក មានសមត្ថភាពផលិតបាន១៧ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយជ្រោយចង្វារមានសមត្ថភាពផលិត ១៥ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយនិរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងស្ថានីយ៌រោងចក្រចំការមននេះ មានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ៕
សូមទស្សនាទិដ្ឋភាពខាងក្រោម៖
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍