តួសម្ដែងល្បីៗនៅមុនឆ្នាំ២០០០ ត្រូវបានបង្ហាញមុខជាថ្មីតាមរយៈរូបថតជាច្រើនសន្លឹកនៅថ្ងៃនេះ
- 2020-07-16 07:12:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួសម្ដែងល្បីៗនៅមុនឆ្នាំ២០០០ ត្រូវបានបង្ហាញមុខជាថ្មីតាមរយៈរូបថតជាច្រើនសន្លឹកនៅថ្ងៃនេះ
ចន្លោះមិនឃើញ
ចាងហ្វាងផលិតកម្មអង្គរវត្ត លោកស្រី សំ សុវណ្ណនី អគុណចំពោះគណនីហ្វេសប៊ុកឈ្មោះ Heng Heng និងលើកទឹកចិត្តដល់បណ្ដាញសង្គមនានាឲ្យជួយថែរក្សា ឬលើកកម្ពស់បទចម្រៀងពីអតីតកាលដោយគ្រាន់តែគាស់រំលើងយកបទចាស់ៗទាំងនោះមកចាក់ផ្សាយឡើងវិញ ហើយរក្សាសិទ្ធិម្ចាស់ដើម។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មអង្គរវត្ដដែលបានបង្ហោះសារដ៏វែងអន្លាយមួយដោយមានភ្ជាប់រូបថតរបស់តារាសម្ដែងប្រុស-ស្រីល្បីៗនៅអំឡុងឆ្នាំ២០០០ នៅថ្ងៃទី១៦ ខែកក្កដា នេះ បានជំរុញដល់បណ្ដាញផ្សព្វផ្សាយទាំងអស់ និងអ្នកប្រើប្រាស់បណ្ដាញសង្គម គួរលើកយកបទចម្រៀងពីអតីតកាល ជាពិសេសបទចម្រៀងជាច្រើនរបស់ផលិតកម្មអង្គរវត្តផ្ទាល់ ទៅចាក់ផ្សាយឡើងវិញឲ្យបានច្រើន ដើម្បីបង្ហាញមុខអ្នកសិល្បៈជំនាន់មុនៗ។
លោកស្រី សំ សុវណ្ណនី បញ្ជាក់ថា អ្នកដែលយកបទចាស់ៗទៅចាក់ឡើងវិញ គួរដាក់ឈ្មោះម្ចាស់ផលិតកម្ម អ្នកនិពន្ធ និងអ្នកដឹកនាំសម្ដែង នៃបទចម្រៀងទាំងនោះផង ដើម្បីកុំឲ្យបាត់ម្ចាស់ស្នាដៃដើមដែលគេខំផលិត។
នៅមុននេះ ផលិតកម្មអង្គរវត្ដ បានលើកយករូបថតចំនួន៩សន្លឹកដែលបង្ហាញពីសកម្មភាពសម្ដែង និងថតនៅក្នុងបទចម្រៀងកាយវិការមួយដែលជាសំនៀងដើមរបស់កញ្ញា ទូច ស៊ុននិច។ ផលិតកម្ម មិនបានប្រាប់ចំណងជើង និងថាតើបទនោះថតនៅឆ្នាំណាឡើយ ប៉ុន្ដែតាមរយៈរូបថតទាំងនោះអាចបញ្ជាក់បានថានៅមុនឆ្នាំ២០០០ ដែលចម្រៀងកាយវិការកំពុងពេញនិយមដែលបទទាំងនោះត្រូវបានចាក់នៅតាមកញ្ចក់ទូរទស្សន៍ និងវីស៊ីឌី។
ទោះជាយ៉ាងណាម្ចាស់ផលិតកម្មរូបនេះបញ្ជាក់ថា បទដែលផលិតនៅក្នុងរូបថតនេះ គឺគ្រប់គ្រងដោយផលិតកម្មអង្គរវត្ដដែលមានលោកស្រី សំ សុវណ្ណនី ជាចាងហ្វាង ហើយអ្នកដឹកនាំដោយលោក ហ្វៃ សំអាង និងថតដោយលោក ព្រុំ មេសា៕