កាក់មាស​បុរាណ​ដែល​ឆ្លាក់​ឈ្មោះ​ស្ដេច​ខ្មែរ​១អង្គ ធ្លាប់​ត្រូវ​គេ​ដាក់លក់​នៅ​ផ្សារ​ទូលទំពូង

  • 2020-07-21 02:26:29
  • ចំនួនមតិ 27 | ចំនួនចែករំលែក 201

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១២ ធ្លាប់​មាន​ការ​ប្រទះ​ឃើញ​​នូវ​កាក់​ធ្វើ​ពី​មាស​មួយ​ប្រភេទ​ដែល​គេ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក ហើយ​លក្ខណៈ​កាក់​នោះ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទាំង​សារៈ​សំខាន់ ព្រម​ទាំង​ភាព​សុទ្ធ​របស់​វា។ កាក់​មាស​​នេះ​ត្រូវ​គេ​ដាក់​លក់​នៅ​តូប​លក់​វត្ថុ​បុរាណ​មួយ​កន្លែង​ស្ថិត​ក្នុង​ផ្សារ​ទូលទំពូង រាជធានី​ភ្នំពេញ។ ក្រោយ​មក ធនាគារជាតិ​នៃ​កម្ពុជា​ក៏​បាន​​បង្កើត​បេសកកម្ម​ទិញ​យក ហើយ​ស្រាវជ្រាវ​ពី​របក​គំហើញ​ថ្មី​នេះ។

បន្ទាប់​ពី​​ទិញ​បាន​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​ដដែល គេ​សង្កេត​ឃើញ​ថា​នៅ​លើ​កាក់​មាស​នោះ​មាន​ចារឹក​អក្សរ​ម៉្យាង ដែល​គេ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។ អក្សរ​នោះ​​ត្រូវ​បាន​អាន​ដំបូង​គេ​ដោយ​លោក​បណ្ឌិត​ផ្នែក​បុរាណវិទូ​មួយ​រូប​ឈ្មោះ ជា សុជាតិ។ លោក ជា សុជាតិ បាន​ឲ្យ​ដឹង​​ថា អក្សរ​នោះ​គឺ​ជា​ព្រះ​នាម​ព្រះ​មហាក្សត្រ​​មួយ​អង្គ នៅ​សម័យ​​​​ចេនឡា "ព្រះ​បាទ ឥសានវ័រ្មន" នា​ដើម​សតវត្ស​ទី​៧ ក្រោយ​គ្រិស្តសករាជ និង​ពាក្យ​ថា "ឥសាន​បុរី" (ជា​ឈ្មោះ​រាជធានី​របស់​ព្រះ​បាទ​ឥសានវ័រ្មន ក្នុង​សម័យ​ចេនឡា ឆ្លាក់​ជា​ភាសា​សំស្ក្រឹត សព្វ​ថ្ងៃ​គឺ​នៅ​សម្បូរ​ព្រៃគុក ក្នុង​ខេត្ត​កំពង់​ធំ)។

កាក់​នេះ​មាន​ស្នាម​ប្រថាប់ត្រា និង​ស្នាម​កាត់​តម្រឹម​ជុំវិញ​យ៉ាង​ផ្ចិតផ្ចង់។ ទោះ​បី​ជា​មិន​ខូច​ក្ដី ប៉ុន្តែ​​ពណ៌​​កាក់​មាស​នៅ​ពេល​ដែល​ចាស់​ទៅ បាន​ប្រែ​ក្លាយ​ទៅ​ជា​ក្រហម-ទឹក​ក្រូច មាន​រាង​សឹក​បន្តិច។ នៅ​ផ្ទៃ​ម្ខាង គេ​ឃើញ​មាន​រូប​​គោ ឯ​ផ្ទៃ​ម្ខាង​ទៀត​មាន​រូប​ចម្លាក់​តួ​អង្គ​មួយ​រូប ដែល​មាន​លក្ខណៈ​មិន​ពេញ​លេញ​នោះ​ឡើយ។

ដោយ​មើល​ឃើញ​ពី​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​ខ្មែរ និង​ក្នុង​គោល​បំណង​ពង្រីក​សមុច្ច័យ​នៅ​ក្នុង​អនាគត ធនាគារ​ជាតិ​នៃ​កម្ពុជា​​បាន​បង្កើត​ឡើង​នូវ​បេសកកម្ម​ចំនួន ៣​លើក ដើម្បី​ចុះ​ទៅ​ស្រាវជ្រាវ​អំពី​រូបិយវត្ថុ​​បុរាណ​មួយ​នេះ។ បេសកកម្ម​ទី​១ មាន​គោល​បំណង​ចំនួន​២៖ ទី​១. ផ្ទៀងផ្ទាត់​ទីតាំង​ពិត​ប្រាកដ​ដែល​គេ​បាន​រាយការណ៍​ថា កាក់​នោះ​គេ​យក​មក​ពី​អង្គរ​បុរី ចំ​ពេល​ដែល​សារព័ត៌មាន​​​បាន​ផ្សាយ​អំពី​ការ​ដែល​អ្នក​ស្រុក​សម្រុក​ទៅ​កាយ​ដី​ក្នុង​ការដ្ឋាន​ធ្វើ​ផ្លូវ​មួយ​នៅ​ភ្នំ​ដា និង​​ទី​២. សាកល្បង​បញ្ចៀស​ការ​បែក​ខ្ញែក ខ្ចាត់ខ្ចាយ​នូវ​វត្ថុ​បុរាណ​សំខាន់ៗ​នៃ​បេតិកភណ្ឌ​ខ្មែរ។ ចំណែក​គោល​បំណង​នៃ​បេសកកម្ម​ទី​២ និង​ទី​៣ គឺ​បន្ត​ស៊ើប​សួរ​អ្នក​ស្រុក ប្រមែប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​ការ​រក​ឃើញ​កំណប់​រូបិយវត្ថុ​មុន​សម័យ​អង្គរ​នៅ​តំបន់ កន្លះ​ឡាន ព្រម​ទាំំង​ពិនិត្យ​ស្រាវជ្រាវ​នៅ​តាម​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​ក្រុង​បុរាណ ដែល​មិន​បាន​ចុះ​ទៅ​ពិនិត្យ​ក្នុង​បេសកកម្ម​លើក​ដំបូង៕

ឯកសារ​យោង៖ សៀវភៅ "កំណប់​រូបិយវត្ថុ​អង្គរ​បុរី" របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា

អត្ថបទ៖ ឈាង.

អត្ថបទពេញនិយម
;