រុស្ស៊ី រងការ​ចោទថា បាន​បង្ហោះ​អាវុធ​សម្រាប់​កម្ទេច​ផ្កាយរណបអាមេរិក

  • 2020-07-24 02:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាមេរិក បានចោទរុស្ស៊ីកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២០ថា បាន​បាន​បង្ហោះ​អាវុធ​សម្រាប់​កម្ទេចផ្កាយរណប ទៅក្នុងទីអវកាស ដោយ​លើកឡើង​ថា សកម្មភាពនេះ បាន​គំរាមដល់ផ្កាយរណបអាមេរិក និង​សម្ព័ន្ធមិត្ត។

លោកឧត្តមសេនីយ៍ John W Raymond មេបញ្ជាការ​កងទ័ពអវកាស​អាមេរិក បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ប្រព័ន្ធ​ផ្កាយរណប​រុស្ស៊ី ត្រូវបាន​ប្រើប្រាស់​ជាអាវុធ​ដាក់នៅលើគន្លងផែនដី ហើយនេះ​ជាអ្វី​ដែលអាមេរិក បាន​លើកឡើង​ពីក្តីបារម្ភនេះ តាំងពីដើមឆ្នាំមក នៅពេលផ្កាយរណប​រុស្ស៊ី ហោះមកជិត​ផ្កាយរណប​រដ្ឋាភិបាល​អាមេរិក។

សេចក្តីថ្លែងការណ៍​បន្តថា៖ «នេះ​ជាភស្តុតាង​បន្ថែម​នៃការខិតខំរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍ និង​ធ្វើតេស្ត​សាកល្បង​ប្រព័ន្ធអវកាស ស៊ីគ្នាជាមួយ​ផែនការ​យោធារបស់វិមានគ្រែមលីន ក្នុងការ​បញ្ជូន​សព្វាវុធ ដែល​បង្កគ្រោះថ្នាក់ដល់​ប្រព័ន្ធ​អវកាសអាមេរិក និងសម្ព័ន្ធមិត្ត»។

យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ី អះអាងនាពេលកន្លងមកថា ខ្លួនកំពុងប្រើបច្ចេកវិទ្យាថ្មីមួយ ដើម្បី​ត្រួតពិនិត្យ​ឧបករណ៍អវកាសតែប៉ុណ្ណោះ ដោយវានឹង​ផ្តល់​នូវព័ត៌មានច្បាស់លាស់​ពីឧបករណ៍ខ្លួន ក្នុងការបញ្ជូនមកមន្ទីរគ្រប់គ្រង​នៅលើផែនដី៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;