ទស្សនិកជន​អរ​ឲ្យ​ហើយ​ទៅ តាម​ដំណឹង រោង​ភាពយន្ត​ទំនង​អាច​បើក​ឡើង​វិញ​ឆាប់​ៗ​នេះ

  • 2020-07-24 11:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​រសៀល​នេះ​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ទម្លាក់​ភ្លើង​ខៀវ​អោយ​រោង​ភាពយន្ត​ក្នុង​ស្រុក​ទាំង​អស់​អាច​ដំណើរ​ការ​ឡើង​វិញ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​កម្រិត​ស្តង់ដារ​សុវត្ថិភាព​ដែល​កម្រិត​ដោយ​ក្រសួង​ពាក់​ព័ន្ធ​ទាំង​ពីរ​គឺ​ក្រសួង​វប្បធម៌ និង​ក្រសួង​សុខាភិបាល។

តាម​លិខិត​ស្ដី​ពី គោលការណ៍​ស្តង់ដា​ប្រតិបត្តិ(SOP)សម្រាប់​រោងភាពយន្ត និង​រោង​សម្ដែង​សិល្បៈ របស់​ក្រសួង​វប្បធម៌ ដែល Sabay ទទួល​បាន​ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល បាន​គិត​គូរជា​យូរ​មក​ហើយ​ពី​លទ្ធភាព​ឲ្យ​ដំណើរ​ការ​រោងភាពយន្ត​ក្នុង​ស្រុក និង​រោងសម្ដែង​សិល្បៈ​ឡើង​វិញ​នេះ ហើយ​ចុង​ក្រោយ​នៅ​ពេល​នេះ ក៏​បាន​សម្រេច​ឲ្យ​ភ្លើង​ខៀវ។ ដើម្បី​ជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​របស់ សិល្បករ ផលិតករ រោងភាពយន្ត​ ដែល​បណ្ដាល​មក​ការ​បិទ​រោងភាពយន្ត​មួយ​រយៈពេល​កន្លង​មក។

ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ដែល ខូវីដ ១៩ នៅ​តែ​ចំណុច​គំរាម​កំហែង​ពិភព​លោក​នេះ ដើម្បី​រួម​គ្នា​ការពារ និង​ទប់​ស្កាត់​ហានិភ័យ​នូវ​លទ្ធភាព​នៃ​ការ​ចម្លង​រហ័ស​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​រោងភាពយន្ត​ និង​រោង​សម្ដែង​សិល្បៈ​ដែល​មាន​បំណង​ធ្វើ​សកម្មភាព​ឡើង​វិញ ត្រូវ​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សំដៅ​ពង្រីក​ការ​អនុវត្តន៍​នូវ​ស្តង់ដា​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​លើ​ចំណុច​សំខាន់​មួយ​ចំនួន​ជា​មុន។

ជុំវិញ​បញ្ហា​នេះ នៅ​ព្រឹក​មិញ​នេះ លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ដឹក​នាំ​ផ្ទៃ​ក្នុង​ក្រុម​ការងារ​នាយកដ្ឋាន​ប្រជុំ​ដើម្បី​បង្កើត​គណៈកម្មការ​សម្រប​សម្រួល​ការងារ​នេះ ជាមួយ​រោងភាពយន្ត​ក្នុង​ស្រុក​ទាំង​អស់។

“ជា​គោល​ការណ៍ គឺ​រាជ​រដ្ឋាភិបាល​បាន​ព្រមព្រៀង​ឲ្យ​ដំណើរ​ការ​រោងភាពយន្ត​ឡើង​វិញ ហើយ​យើង​បាន​ជម្រាប​ពី​ដំណឹង​នេះ​ទៅ​រោងភាពយន្ត​ទាំង​អស់ ហើយ​យើង​នឹង​បង្កើត​ក្រុម​ការងារ​ចុះ​ទៅ​ត្រួត​ពិនិត្យ​រោងភាពយន្ត​​ទាំង​ឡាយ​ណា​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បើក​ឡើង​វិញ...គឺ​យើង​ទៅ​ត្រួត​ពិនិត្យ​ថា​តើ​គាត់​បាន​អនុវត្ត​បាន​ត្រូវ​តាម​ស្តង់ដារ​សុវត្ថិ​ភាព​ហើយ​ឬ​នៅ បើ​បាន​ហើយ យើង​នឹង​ធ្វើ​របាយការណ៍​ជម្រាប​ជូន​រាជរដ្ឋាភិបាល​សុំ​គោលការណ៍​បើក​ឡើង​វិញ!”។

លោក ប៉ុក បូរក្ស បញ្ជាក់​ថា តាម​ស្មារតី​របស់​រាជរដ្ឋាភិបាល ដើម្បី​​រួម​គ្នា​ទប់​ស្កាត់ និង​ការពារ​ការ​រីក​រាល​ដាល​មេរោគ ខូវីដ ១៩ តម្រូវ​ឲ្យ​រោងភាពយន្ត​ទាំង​អស់ អនុវត្ត​តាម​គោលការណ៍​សុវត្ថិភាព​ចំនួន​៨ចំណុច ក្នុង​នោះ​មាន​ដូច​ជា តម្រូវ​ឲ្យ​ការ​ពាក់​ម៉ាស់ វាស់​កម្ដៅ​រាល់​ពេល​បុគ្គលិក និង​ទស្សនិកជន​ចេញ​ចូល​រោងកុន។

ក្រៅ​ពី​នេះ នៅ​ក្នុង​វិធានការណ៍​ ៨ចំណុច​នេះ​ដដែល គឺ​លើក​ទឹក​ចិត្ត​ទស្សនិកជន​ទិញ​សំបុត្រ​តាម​អនឡាញ ឬ App ដើម្បី​កាត់​បន្ថយ​ការ​ប្រជ្រៀត​គ្នា ធ្វើ​ការ​អនាម័យ​នៅ​ក្នុង​រោងកុន និង​បរិវេណ​ជា​ប្រចាំ និង​មាន​សញ្ញា​សម្គាល់​ពី​ទីតាំង​ត្រូវ​អង្គុយ ឬ​ឈរ​ដើម្បី​សុវត្ថិភាព​ជា​ដើម។ សម្រាប់​ការ​រក​ឃើញ​អ្នក​ម្នាក់​សង្ស័យ ត្រូវ​នាំ​ទៅ​ដាក់​ក្នុង​បន្ទប់​ដោយ​ឡែក ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់​ព័ន្ធ។​

អ្នក​ស្រី ហ៊ី ហៅ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ប្រចាំ​រោងភាពយន្ត Major Cineplex by Smart បាន​ថ្លែង​ថា លោក​ស្រី​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​នាយកដ្ឋាន​ភាពយន្ត​នូវ​ព្រឹក​មិញ ហើយ​អ្នក​ស្រី ពិត​ជា​រីករាយ​ជាមួយ​នឹង​ដំណឹង​នេះ។

ចំពោះ​គោល​ការណ៍​សុវត្ថិភាព​ទាំង ៨​ចំណុច ជា​ចំណុច​តម្រូវ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព​ពី​ជំងឺ ខូវីដ ១៩​នេះ អ្នក​ស្រី​ក៏​បាន​បញ្ជាក់​ថា Major ក៏​រៀប​ចំ​រួច​ហើយ​ដែរ ព្រោះ​ទាំង​នោះ ក៏​ជា​អ្វី​ដែល​រោងភាពយន្ត​អ្នក​ស្រី បាន​លើក​យក​មក​ពិភាក្សា​ជាមួយ​នាយកដ្ឋាន​ភាពយន្ត​ជា​រឿយ​ៗ ទើប​អ្វី​ៗ​រៀប​ចំ​បាន​លឿន។

“ចាស ចំពោះ​គោលការណ៍​សុវត្ថិភាព គឺ​យើង​បាន​រៀប​ចំ​រួច​រាល់​អស់​ហើយ ហើយ​យើង​នៅ​ចាំ​តែ​ខាង​ក្រសួង​ពិនិត្យ ព្រោះ​លឺ​ថា ខាង​ក្រសួង មាន​ក្រុម​ចុះ​មក​ពិនិត្យ​ជា​មុន​សិន ថា​យើង​ធ្វើ​បាន​ត្រឹម​ត្រូវ​ឬ​អត់ រួច​ហើយ ទើប​ធ្វើ​របាយការណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល​សម្រេច"។

អ្នក​ស្រី ហ៊ី ហៅ បញ្ជាក់​ថា ការ​បើក​ដំណើរ​ឡើង​វិញ​រោងភាពយន្ត គឺ​ជា​បំណង​របស់​រោងភាពយន្ត​អ្នក​ស្រី ក៏​ដូច​ជា​រោងភាពយន្ត​ដទៃ​ទៀត។ ដូច្នេះ​ហើយ​ជាមួយ​នឹង​ភ្លើង​ខៀវ​របស់​រាជរដ្ឋាភិបាល​នា​ពេល​នេះ អ្នក​ស្រី​រំពឹង​ថា អ្វី​ៗ​នឹង​អាច​កើត​ឡើង​ឆាប់​ៗ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បិទ និង​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​សកម្មភាព​នៃ​ការ​ចាក់​បញ្ចាំង​របស់​រោងភាពយន្ត​រាជធានី ខេត្ត ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០២០ ដោយ​យោង​លិខិត​លេខ: ៤១ សខល របស់​ក្រសួង​សុខាភិបាល។ ការ​ផ្អាក​កន្លែង​បញ្ចេញ​ផលិតផល​ភាពយន្ត និង​ប្រមូល​ទុន​ត្រឡប់​មកវិញ បាន​ធ្វើ​រាំង​ស្ទះ​ដល់​ជីវភាព​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ មាន​ទាំង​សិល្បករ ផលិតករ អ្នកនិពន្ធ ផលិតកម្ម និង​សូម្បី​តែ​រោងភាពយន្ត​ខ្លួន​ឯង។

ចំពោះ​ដំណឹង​រាជរដ្ឋាភិបាល​ឲ្យ​ភ្លើង​ខៀវ​យល់​ព្រម​ឲ្យ​រោងភាពយន្ត បើក​ឡើង​វិញ​នេះ លោក ហ៊ុយ យ៉ាឡេង ជា​ផលិតករ អ្នក​និពន្ធ ​ដឹក​នាំ​រឿង និង​ជា​តួ​សម្ដែង​មួយ​រូប​នេះ បាន​បញ្ជាក់​ថា លោក​រីករាយ​ខ្លាំង ព្រោះ​ថា ផលិតករ សិល្បករ ស្ទើរ​ទាំង​អស់ មិន​មាន​របរ​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ ដូច្នេះ​ហើយ​រយៈ​កាល​កន្លង​មក ពួក​លោក​ជួប​បញ្ហា​ជា​ច្រើន។ លោក​សង្ឃឹម​ថា ការ​ដាក់​ដំណើរ​ការ​រោងភាពយន្ត​ឡើង​វិញ នឹង​អាច​ធ្វើ​ទៅ​រួច​កាន់​តែ​លឿន កាន់​តែ​ល្អ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;