ឡាន SUV ប្រណីតផុតលេខរបស់ Rolls-Royce ស៊ីសាំងកម្រិតណាដែរ?
- 2020-07-28 03:41:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន SUV ប្រណីតផុតលេខរបស់ Rolls-Royce ស៊ីសាំងកម្រិតណាដែរ?
ចន្លោះមិនឃើញ
Rolls-Royce Cullinan ដែលជារថយន្ត SUV ដំបូងផលិតដោយម៉ាកយីហោរថយន្តអង់គ្លេស បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនពេលបង្ហាញមុខកាលពីឆ្នាំ ២០១៨ ហើយរថយន្តនេះដែរបានជួយឲ្យ Rolls-Royce បង្កើតបាននូវកំណត់ត្រាលក់ដ៏ច្រើនមិនធ្លាប់មានកាលពីឆ្នាំ ២០១៩ ផងដែរ។ តទៅនេះជារឿងរ៉ាវមួយចំនួនអំពីរថយន្ត Cullinan ៖
នៅលើទីផ្សារសហរដ្ឋអាមេរិក រថយន្ត Rolls-Royce Cullinan មានតម្លៃចាប់ពីប្រមាណ ៣២៥ ០០០ដុល្លារ មិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ២ ៧៥០ដុល្លារ។
រថយន្ត Rolls-Royce មិនមានជា Option ដូចជារថយន្តដទៃទៀតនោះទេ។ ផ្ទុយទៅវិញ Rolls-Royce មានផ្ដល់ជូនអតិថិជននូវជម្រើសអាចជ្រើសរើសការតុបតែងលើរថយន្តបានតាមចិត្តចង់។
រថយន្តនេះប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ ៦,៨លីត្រ មាន ១២ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥៦៣សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងមានប្រព័ន្ធបើកបរប៉ុងពីរ (All-Wheel Drive) មកជាស្តង់ដារតែម្ដង។
តាមតួលេខរបស់ស្ថាប័ន EPA បានបង្ហាញថា រថយន្ត Cullinan មានកម្រិតស៊ីប្រេង ១៩,៦លីត្រ/១០០គ.ម ពេលបើកបរក្នុងក្រុង និងការបើកបរលើផ្លូវលាតមានកម្រិតស៊ីប្រេង ១១,៧៦លីត្រ/១០០គ.ម។
រថយន្ត Cullinan គ្រប់ម៉ូដែលមានបំពាក់នូវពោងសុវត្ថិភាពមកជាស្តង់ដារ ដែលក្នុងនោះរួមមានពោងសុវត្ថិភាពបំពាក់លើទ្វាររថយន្ត ពោងសុវត្ថិភាពផ្នែកខាងលើនៃបង្អួចកញ្ចក់រថយន្តមាននៅកៅអីជួរទីមួយនិងទីពីរ និងពោងការពារជង្គង់អ្នកបើកបរនិងអ្នករួមដំណើរផងដែរ។ ឧបករណ៍សុវត្ថិភាពវិញរួមមានកាមេរ៉ាមើលពេលយប់, ប្រព័ន្ធឲ្យដំណឹងពីអ្នកថ្មើជើង និងសត្វព្រៃ, ប្រព័ន្ធដាស់តឿនអ្នកបើកបរ, កាមេរ៉ាបង្ហាញទិដ្ឋភាពបែប Panoramic ចំនួនបួន, Active Cruise Control, ប្រព័ន្ធព្រមានពីការប៉ះទង្គិច, ប្រព័ន្ធ Cross-Traffic ជំនួយពេលចេញពីចំណត និងប្រព័ន្ធព្រមានពីការបើកខុសគន្លងផងដែរ។
លើរថយន្ត Cullinan មានប្រើប្រព័ន្ធឲ្យដំណឹង និងការកម្សាន្តជំនាន់ចុងក្រោយរបស់ BMW ដែលរួមមានរន្ធ USB ចំនួនប្រាំ និងមានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែផងដែរ។ កៅអីខាងក្រោយអាចជ្រើសរើសបំពាក់មកជាមួយនូវ Tablet ដែលអាចប្រើសម្រាប់បញ្ជាប្រព័ន្ធកម្សាន្ត និងប្រព័ន្ធបង្ហាញផ្លូវ។
រថយន្ត Cullinan មានជម្រើសរៀបចំកៅអីក្រោយចំនួនពីរប្រភេទ រួមមាន Lounge Seats និង Individual Seats។ ជាមួយ Individual Seats គេអាចបំពាក់នូវទូដាក់ភេសជ្ជៈមួយនៅប្រឡោះកណ្ដាលនៃកៅអីក្រោយទាំងពីរ ដែលក្នុងនោះមានកែវស្រាវីស្គីរបស់ Rolls-Royce ចំនួនពីរ, កែវសាំប៉ាញពីរ, ដបសម្រាប់ចាក់ស្រា និងទូត្រជាក់មួយ។
ចំណុចគួរឲ្យចាប់អារម្មណ៍មួយទៀតគឺជម្រើស Viewing Suite ដែលនៅគូថក្រោយរថយន្តនឹងមានកៅអីអាចបត់បានចំនួនពីរ រួមជាមួយតុមួយផងដែរ៕