វ៉ាត់ ចំរើន៖ សហព័ន្ធដែលចុចកីឡាករខុសទៅស៊ីហ្គេម២០២១ នឹងមិនអាចដាក់ចូលស៊ីហ្គេម២០២៣បានទេ
- 2020-07-29 03:01:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន៖ សហព័ន្ធដែលចុចកីឡាករខុសទៅស៊ីហ្គេម២០២១ នឹងមិនអាចដាក់ចូលស៊ីហ្គេម២០២៣បានទេ
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា គ្រប់សហព័ន្ធជាតិ និងគ្រូបង្វឹកបើចុចកីឡាករទៅស៊ីហ្គេមឆ្នាំក្រោយខុស ហើយធ្វើមិនបានល្អ នឹងមិនអាចដាក់បញ្ចូលប្រភេទកីឡានោះក្នុងស៊ីហ្គេម២០២៣បានទេ។
ឯកឧត្ដមខាងលើបានឲ្យដឹងថា ក្នុងការជ្រើសរើសកីឡាករទៅចូលរួមស៊ីហ្គេមឆ្នាំ២០២១ ខាងមុខនេះ បើសិនសហព័ន្ធណាមួយជ្រើសរើសកីឡាករទៅចូលរួមដែលមានសមត្ថភាពល្អមិនគ្រប់គ្រាន់ ហើយធ្វើមិនបានល្អ នោះប្រភេទកីឡាករនោះ នឹងមិនអាចដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំ២០២៣ បានឡើយ។ នេះមានន័យថា ការជ្រើសរើសកីឡាករត្រូវតែប្រុងប្រយ័ត្ន និងជ្រើសរើសឲ្យបានត្រឹមត្រូវបំផុត ដែលទាមទារឲ្យមានការព្រឹក្សាពីគ្រូបង្វឹក ដើម្បីជ្រើសបានកីឡាករល្អបំផុតក្នុងប្រភេទកីឡាកររបស់ខ្លួន។
លោកបន្ថែមថា ក្នុងកិច្ចប្រជុំខាងលើនេះមានពីរចំណុចសំខាន់ៗគឺទី១ ផ្ដល់ព័ត៌មានជាក់លាក់អំពីការត្រៀមខ្លួនស៊ីហ្គេមឆ្នាំ២០២១ និងទី២ គ្រប់សហព័ន្ធកីឡាជាតិត្រូវរៀបចំក្រុមស៊ីហ្គេម២០២៣ ទៅតាមប្រភេទកីឡា។
ស៊ីហ្គេមឆ្នាំ២០២១ កម្មវិធីប្រកួតធ្វើនៅទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត ដែលម្ចាស់ផ្ទះ វៀតណាមបានរៀបចំ ៣៦ប្រភេទកីឡាក្នុងនោះមាន ៤៥០វិញ្ញាសា ដែលបានដាក់ចេញជាបញ្ជីឈ្មោះដំបូង សម្រេចជាឯកតោភាគី និងបានដាក់កាន់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ៕