មុនជា​តួកគី​បច្ចុប្បន្ន ប្រទេស​នេះ​ធ្លាប់ជាចក្រភព​ដ៏​ធំមួយ​ដែលមាន​អាយុកាល​ជាង ៦០០ឆ្នាំ

  • 2020-07-29 04:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ក្លាយ​ជាសាធារណរដ្ឋតួកគី​នាពេលបច្ចុប្បន្ន ប្រទេសនេះ​ធ្លាប់​ជាចក្រភព​ដ៏ធំមួយ ​គឺ​ចក្រភព​អូតូម៉ង់ ដែល​មានអាយុកាល ៦២៣ឆ្នាំ គិតចាប់ពីឆ្នាំ​ ១២៩៩ ដល់ ១៩២២។

អ្នកដែល​បង្កើត​ចក្រភព​នេះ គឺមាន​ឈ្មោះថា Osman 1 ដែល​ជា​មេដឹកនាំ​កុលសម្ព័ន្ធ​តួកគី នៅក្នុង​ដែនដី Anatolia ក្នុងឆ្នាំ​១២៩៩។ ក្រោយបង្កើតឡើងហើយ ស្តេចស៊ុលតង់ Osman I និង​ស្តេចក្រោយៗ​ទៀតដូចជា Murad I និង Bayezid I បាន​បន្តពង្រីក​ទឹកដី​ជាបន្តបន្ទាប់។

ក្នុងឆ្នាំ​១៤៥៣ ស្តេច Mehmed II នៃចក្រភព​អូតូម៉ង់ បាន​វាយ​ដណ្តើម​កាន់កាប់​ក្រុង​កុងស្តង់ទីណូប ដែល​ជារាជធានី​របស់​ចក្រភព Byzantine ហើយ​ដោយ​បាន​បញ្ចប់​អាយុ​កាល ១ពាន់ឆ្នាំ​របស់​ចក្រភពនេះ​ផងដែរ។ ក្រោយមក​ក្រុងកុងស្តង់ទីណូប ត្រូវបាន​ប្តូរឈ្មោះ​ទៅជាក្រុង​អ៊ីស្តានប៊ុល និង​ក្លាយជា​រាជធានីថ្មី​របស់​ចក្រភព​អូតូម៉ង់។

ក្នុងឆ្នាំ​១៥១៧ ស្តេច Selim I បាន​ប្រមូល​យក​ស៊ីរី អារ៉ាប់ ប៉ាឡេស្ទីន និង​អេហ្ស៊ីប មកស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​ចក្រភព​អូតូម៉ង់។

ចក្រភព​នេះ បាន​ឈាន​ដល់កម្រិត​កំពូល​ទាំងកម្លាំងទ័ព និង​ទ្រព្យសម្បត្តិ​ហូរហៀ នៅ​ចន្លោះឆ្នាំ ១៥២០ ដល់ ១៥៦៦ ក្នុង​អំឡុង​ការសោយរាជ្យ​របស់​ស្តេច Suleiman the Magnificent។ ពេលនោះ ទឹកដី​ចក្រភព​អូតូម៉ង់​បានរីកធំ​បំផុត​ដែលមាន​ផ្ទៃដី​សរុប​ជាង ២,២៧លាន​គីឡូម៉ែត្រ​ការ៉េ​ លាតសន្ធឹង​លើ​មជ្ឈិមបូព៌ា អឺរ៉ុប​ខាងកើត និង​អាហ្វ្រិក​ខាងជើង។

ជារួម​បើគិតប្រទេស​បច្ចុប្បន្ន ដែល​ស្ថិតក្នុងទឹកដីអូតូម៉ង់​ពេលនោះ រួមមាន៖ តួកគី, អាល់បានី, អាល់ហ្សេរី, អាមេនី, បូស្ន៊ី, ប៊ុលហ្គារី, សាយព្រុស, អេហ្ស៊ីប, អ៊ីរីទ្រា, ក្រិច, ហុងគ្រី, ស្លូវ៉ាគី, អ៊ីរ៉ាក់, ហ្សកដានី, កូសូវ៉ូ, លីប៊ី, ម៉ាកសេដូនី, ម៉ង់តេណេក្រូ, ប៉ាឡេស្ទីន, អ៊ីស្រាអែល, ស៊ែប, ស៊ីរី, ស៊ូដង់, ទុយនីស៊ី និងអ៊ុយក្រែន។

ផែនទីចក្រភពអូតូម៉ង់ ក្នុងឆ្នាំ១៥៦៦

យ៉ាងណាមិញ ចាប់ពីឆ្នាំ១៦០០មក ចក្រភពអូតូម៉ង់ បាន​ចាប់ផ្តើម​ធ្លាក់ចុះ​បន្តិចម្តងៗទាំង​ទ័ព និងសេដ្ឋកិច្ច ពិសេស​គឺការគ្រប់គ្រងនៅ​តំបន់អឺរ៉ុប ព្រោះថា​ពេលនោះ​ជាសម័យ​នៃការ​ងើបឡើង​របស់​អឺរ៉ុប ជាពិសេស​ក្រោយបដិវត្តន៍​ឧស្សហកម្ម​នៅអង់គ្លេស។

ពីឆ្នាំ ១៨៣០ ដល់ ១៨៧៨ ក្រិច រូម៉ានី ស៊ែប និងប៊ុលហ្គារី បាន​ផ្តាច់ខ្លួន​ចេញពី​ចក្រភព​អូតូម៉ង់ ដោយប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន។ ក្នុង​អំឡុង​សង្គ្រាមនៅ​ឧបទ្វីប​បាល់កាន ចន្លោះ​ឆ្នាំ ១៩១២ និង ១៩១៣ ចក្រភព​អូតូម៉ង់ បាន​បាត់បង់​ទឹកដីរបស់ខ្លួន​ស្ទើរតែ​ទាំងអស់​នៅអឺរ៉ុប។

ក្នុង​សង្គ្រាមលោក​លើកទី១ នៅឆ្នាំ​១៩១៤ កងទ័ពអូតូម៉ង់ បានចូល​រួមសម្ព័ន្ធមិត្ត​ជាមួយអាល្លឺម៉ង់ និង​អូទ្រីស-ហុងគ្រី ប៉ុន្តែសម្ព័ន្ធទាំង​នេះ បាន​ចាញ់សង្គ្រាម នៅខែ​តុលា ឆ្នាំ​១៩១៨ ហើយ​ក្រោយ​ពី​ពេលនោះ​មក​ ទឹកដីអូតូម៉ង់​ភាគច្រើន ត្រូវបាន​ហែកចែក​គ្នា​កាន់កាប់​ដោយ​អង់គ្លេស បារាំង ក្រិច និង​រុស្ស៊ី។

ចក្រភព​អូតូម៉ង់ ត្រូវ​បាន​បញ្ចប់អាយុកាល​ត្រឹមឆ្នាំ ១៩២២។ តួកគី ដែល​ជាអ្នកស្នងតំណែង បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩២៣។ លោក Mustafa Kemal Ataturk ដែល​ជាស្ថាបនិកសាធារណរដ្ឋតួកគី បានធ្វើ​ជាប្រធានាធិបតី​ទីមួយ​នៃប្រទេសនេះ រហូតដល់​ទទួល​មរណភាព​ក្នុងឆ្នាំ​១៩៣៨៕

ផែនទីប្រទេសតួកគីបច្ចុប្បន្ន

ប្រភព៖ History

;