ក្រុងកែប និងកំពត ត្រៀមក្លាយជាក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ ២០២១

  • 2020-07-29 09:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការប្រែក្លាយទីក្រុងកែប និងទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅចុងឆ្នាំ២០២១ នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្តកែប និងខេត្តកំពតកាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថានេះគឺជាការត្រួសត្រាយផ្លូវនិងត្រៀមលក្ខណៈសម្បត្តិក្នុងការជំរុញទីក្រុងកែប និងទីក្រុងកំពតឲ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ ដើម្បីចូលរួមពង្រឹងនិងលើកកម្ពស់បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។

លោកអនុរដ្ឋលេខាធិការក៏បានលើកឡើងពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលរីករាលទូទាំងពិភពលោកហើយដែលយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់កុំឲ្យជំងឺនេះរីករាលដាលក្នុងសហគមន៍ និងបានបញ្ជាក់ពីការខិតខំប្រឹងប្រែងនានារបស់ក្រសួងទេសចរណ៍ ក្នុងការដាក់ចេញនូវប្រកាសស្តីពីការដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង៦ រួមមាន៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ សម្រាប់ការហូបចុក សម្រាប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក សម្រាប់រមណីយដ្ឋានទេសចរណ៍ និងសម្រាប់សហគមន៍ទេសចរណ៍ ដើម្បីធានាបានថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពចំពោះភ្ញៀវទេសចរគ្រប់រូប។

លោក ហោ សារុន បានផ្តាំផ្ញើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ទាំងអស់នេះដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ត្រូវ អនុវត្តឲ្យបានត្រឹមត្រូវ ពិសេសក្នុងថ្ងៃឈប់សម្រាកពេលចូលឆ្នាំនាពេលខាងមុខ ដែលនឹងមានទេសចរផ្ទៃក្នុងធ្វើដំណើរមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងរាជធានីខេត្តយ៉ាងច្រើនផងដែរ។

ជាលទ្ធផលថ្នាក់ដឹកនាំខេត្តទាំងពីរបានបង្ហាញពីការស្វាគមន៍និងគាំទ្រជំរុញទីក្រុងកែប និងទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ខាងមុខនេះ។ បន្ទាប់មកក្រុមការងារបានចុះពិនិត្យជាក់ស្តែង វាយតម្លៃនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងក្រុងទាំងពីរដើម្បីត្រៀមលក្ខណៈ និងរៀបចំសកម្មភាពចាំបាច់នានា ក្នុងគោលបំណងជំរុញទីក្រុងទាំងពីរឲ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ តាមការគ្រោងទុក៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;