៥នាក់ហើយ​នៅ​កម្ពុជា ដែល​ទើបរកឃើញ​ថា​មាន​ផ្ទុកកូវីដ នៅថ្ងៃទី១៣ នៃការ​ធ្វើ​ចត្តាឡីស័ក

  • 2020-07-30 03:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​មក​ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា​មាន​អ្នកជំងឺ​កូវីដ១៩ ចំនួន៥នាក់ ដែលទើប​រកឃើញថា​មានផ្ទុកវីរុស​នេះ នៅថ្ងៃទី១៣ នៃការ​ធ្វើចត្តាឡីស័ក។ ក្នុងនោះ ៤នាក់​ជាកងទ័ព​មួកខៀវ និងមា្នក់​ជាបុរសជនជាតិ​អាមេរិក។

កងទ័ពមួកខៀវ​កម្ពុជា​ទាំង៤នាក់រួមមាន៖

-បុរស​អាយុ ៣៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

-បុរស​អាយុ ២៨ឆ្នាំ មានអាសយដ្ឋាន​នៅខេត្តត្បូងឃ្មុំ

-បុរស​អាយុ ៤៧ឆ្នាំ មានអាសយដ្ឋានភូមិដំណាក់ចង្អើរ ខេត្តកែប

-ស្រ្តី​អាយុ ២៩ឆ្នាំ មានអាសយដ្ឋាន​នៅរាជធានី​ភ្នំពេញ។

អ្នកទាំង៤​ខាងលើ ស្ថិតក្នុង​ក្រុមកងទ័ពមួកខៀវ​របស់កម្ពុជា​សរុបចំនួន ៨០នាក់ (ស្រី ៧នាក់) ដែល​វិលត្រឡប់​មកពី​ប្រទេស​ម៉ាលី មកកាន់កម្ពុជាវិញ​នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ការធ្វើតេស្តលើកទី១របស់ពួកគាត់​គឺអវិជ្ជមាន។ ការធ្វើតេស្តលើកទី២ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២០ ដែលត្រូវជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ គឺរកឃើញ​លទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ខាងលើ។

អ្នកដំណើរពេលមកដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងមក
ចំណែក​បុរសជនជាតិអាមេរិក​វិញ គឺ​ជាមន្រ្តីការទូតជាន់ខ្ពស់​ ដែលមាន​អាសយដ្ឋាននៅក្នុងស្ថានទូតអាមេរិក​ប្រចាំនៅរាជធានីភ្នំពេញ។ គាត់​ជាអ្នកធ្វើដំណើរមកពីអាមេរិក ដែល​លទ្ធផល​វិភាគសំណាកលើកទីពីរ​ធ្វើឡើង​នៅថ្ងៃទី២៩ កក្កដា ២០២០​ ត្រូវ​ជា​ថ្ងៃទី១៣ នៃការ​ធ្វើចត្តាឡីស័ក​របស់​គាត់ គឺ​ទទួលបានលទ្ធផលវិជ្ជមាន​។ អ្នកជំងឺរូបនេះ ​ត្រូវបានដាក់​នៅក្នុងបន្ទប់មួយដោយឡែក​នៅក្នុងស្ថានទូតអាមេរិក​ ដើម្បីធ្វើការព្យាបាល​ដោយក្រុមគ្រូពេទ្យ​អាមេរិកនៃស្ថានទូតនេះ។

សូមជម្រាប​ថា កម្ពុជា មាន​អ្នកឆ្លងវីរុសកូវីដ១៩ ចំនួនសរុប ២៣៤នាក់ហើយ ក្នុងនោះ​ជាសះស្បើយ ១៦២នាក់ និងពុំទាន់មានករណីស្លាប់នៅឡើយទេ៕

ប្រភព៖ ក្រសួងសុខាភិបាល

អត្ថបទថ្មី
;